ខេត្តបន្ទាយមានជ័យក្រសោបបានមេដាយមាសច្រើនជាងគេក្នុងការប្រកួតកីឡាវាយសី សិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ការប្រកួតកីឡាវាយសី សិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ បានបិទបញ្ចប់ដោយជោគជ័យ នាល្ងាចថ្ងៃទី៨ ខែ មេសា ឆ្នាំ២០២៥ ដោយខេត្តបន្ទាយមានជ័យក្រសោបបានមេដាយសរុបចំនួន៥គ្រឿង មាស៤ និងមេដាយសំរឹទ្ធ១គ្រឿង ខណៈខេត្តព្រះសីហនុឈរនៅក្នុងចំណាត់លេខ២ដណ្តើមបានមេដាយសរុប២គ្រឿង មាស១និងប្រាក់មួយគ្រឿង រាជធានីភ្នំពេញឈរនៅក្នុងចំណាត់លេខ៣ដណ្តើមបានមេដាយសរុបចំនួន៣គ្រឿង មេដាយប្រាក់២គ្រឿង និងមេដាយសំរឹទ្ធ១គ្រឿង ឈរនៅក្នុងចំណាត់លេខ៤ខេត្ត កំពង់ឆ្នាំងដណ្តើមបានមេដាយប្រាក់១គ្រឿង និងខេត្តកំពង់ធំ ឈរនៅចំណាត់លេខ៥ ដណ្តើមបានមេដាយសំរឹទ្ធ១គ្រឿង។

ឯកឧត្តម កែវ រស់ អគ្គលេខាធិការ សហព័ន្ធកីឡាវាយសីកម្ពុជា បានគូសបញ្ជាក់ឱ្យដឹងថា ព្រឹត្តិការណ៍ប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥នេះ គឺជាការ ផ្តល់ឱកាសដល់កីឡាករ កីឡាការិនីម្នាក់ៗ បានបញ្ចេញនូវទេពកោសល្យ សមត្ថភាព ក៏ដូចជាវាស់ស្ទង់គុណផល បច្ចេកទេសដែលបានហ្វឹកហាត់កន្លងមកដើម្បីប្រកួតប្រជែងគ្នា និងរឹតចំណងមិត្តភាព សាមគ្គីភាពជាតិ។ ជាពិសេសផ្តោត លើការពង្រឹងគុណភាព សមត្ថភាពបច្ចេកទេសកីឡាករថ្នាលរបស់កម្ពុជា ដើម្បីត្រៀមចូលរួមការប្រកួតកីឡាថ្នាក់ជាតិ និងអន្តរជាតិនាពេលខាងមុខ។

ឯកឧត្តម ក៏បានកោតសរសើរចំពោះប្រតិភូកីឡាទាំងអស់ ដែលបានបញ្ជូនអត្តពលិក របស់ខ្លួនមកចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតប្រកបដោយការគោរពតាមបទបញ្ជាបច្ចេកទេស និងឈរលើស្មារតីទទួល ខុសត្រូវខ្ពស់ ដោយមិនគិតតែពីការយកឈ្នះ-ចាញ់គ្នា ពោលគឺឈរលើគោលការណ៍ (Fairplay) កីឡាដើម្បីសុខភាព មិត្តភាព សាមគ្គីភាព និងបង្កើនគុណផលបច្ចេកទេស ស្របតាមពាក្យស្លោក “កីឡាដើម្បី សុខភាពសិក្សា”។

ឯកឧត្តម កុសល សុវណ្ណវិសាល អនុប្រធាន តំណាងឯកឧត្តម លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានថ្លែងរំលេចថា ភាពជោគជ័យនៃការរៀបចំនេះអាចប្រព្រឹត្តទៅបាន ក៏ដោយសារប្រទេសកម្ពុជាមានសុខ សន្តិភាព និងការឯកភាពជាតិពេញលេញ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន កន្លងមក និងបន្តដឹកនាំប្រកបដោយថាមពល និងភាពវៃឆ្លាតរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទើបផ្តល់ឱកាសអោយយើងគ្រប់គ្នាមានពេលវេលាគ្រប់គ្រាន់ ប្រារព្ធរៀបចំព្រឹត្តិការណ៍កីឡានេះឡើង។

ឯកឧត្តម បន្តទៀតថា លទ្ធផលក្រោយការប្រកួតបានបង្ហាញឲ្យឃើញយ៉ាងជាក់ច្បាស់ពីការរីកចម្រើននៃវិស័យកីឡា វាយសីនៅកម្ពុជា ដែលកំពុងវិវត្តន៍ឈានឡើងឆ្ពោះទៅមុខឥតឈប់ឈរគួរជាទីមោទនៈ។ ទន្ទឹមជាមួយគ្នានោះ ឯកឧត្តម តំណាងឱ្យឯកឧត្តម លី កុសលប្រធានសហព័ន្ធកីឡាវាយសី បានថ្លែងអំណរគុណដល់ក្រសួងអប់រំយុវជននិងកីឡា ដែលបានអនុញាតនិងទ្រទ្រង់ថវិការៀបចំការប្រកួតនេះឡើង។ជាមួយនេះផងដែរ សូមអរគុណដល់អ្នកចូលរួមលើកទឹកចិត្ត ព្រោះថាការលើកទឹកចិត្តជាថាមពលដ៏ខ្លាំងក្លា ដើម្បីជំរុញ និងអភិវឌ្ឍកីឡាវាយសីឱ្យកាន់តែមានសន្ទស្សន៍ខ្លាំងក្លា និងមានប្រជាប្រិយភាពបន្ថែមទៀត។

ឯកឧត្តម បានផ្តាំផ្ញើដល់កីឡាករ កីឡាការិនីទាំងអស់ ទោះបីដណ្តើមបានមេដាយក្តី ឬមិនបានក្តី ត្រូវតែ ប្តេជ្ញាចិត្តហ្វឹកហាត់ឲ្យបានទៀងទាត់ជាប្រចាំ ដើម្បីអភិវឌ្ឍខ្លួនឲ្យក្លាយជាកីឡាករឆ្នើមមានសិទ្ធផល ខ្ពស់ ក្នុងការប្រកួតលក្ខណៈជាតិ និងអន្តរជាតិ ដណ្តើមយកមេដាយមាសជូនជាតិមាតុភូមិរបស់ យើងជាបន្តទៀត នឹងជាពិសេសត្រៀមចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

សូមបញ្ជាក់ថា ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ ប្រភេទកីឡាវាយសី ដែលមានរយៈពេលប្រកួត០២ថ្ងៃ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ មានមន្ទីររាជធានីខេត្ត ចូលរួមចំនួន០៩ និងប្រតិភូកីឡា និងគ្រូបង្វឹក មានចំនួន ២៦នាក់ – កីឡាករ មានចំនួន ៣៦នាក់ និងកីឡាការិនី មានចំនួន ១៣នាក់ សរុបមានចំនួន ៧៥នាក់។ សម្រាប់ វិញ្ញាសាប្រកួត មានចំនួន ០៤វិញ្ញាសា ស្មើនឹង ១៨មេដាយ – សរុបចំនួនប្រកួត ៤៥ ប្រកួត៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner