ឯកឧត្តម ឌិត ទីណា បង្ហាញគោលជំហរប្តេជ្ញាបន្តជំរុញ​ចលនាគាំទ្រ​ឱ្យ​មានភាពសកម្មបន្ថែមទៀតនូវការងារមនុស្សធម៌ជួយបងប្អូន​ដែល​ជួបទុក្ខលំបាក ប្រកបដោយប្រសិទ្ធភាព

(ខេត្តបន្ទាយមានជ័យ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល​ចុះ​មូលដ្ឋានខេត្តបន្ទាយមានជ័យ បង្ហាញគោលជំហរប្តេជ្ញាបន្តជំរុញ​ចលនា​គាំទ្រឱ្យមានភាពសកម្មបន្ថែមទៀតនូវការងារមនុស្សធម៌​ជួយបងប្អូនដែលជួបទុក្ខលំបាក ប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តម ប្រធានក្រុមការងារបានសម្តែងនូវការកោតសរសើរ និង​វាយ​តម្លៃខ្ពស់ចំពោះភាពសកម្ម និងលទ្ធផលការងារ ដែលគណៈកម្មា​ធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យសម្រេចបាន​នាពេលកន្លងមក ក្នុងការជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះ​មហន្តរាយផ្សេងៗដូចជា គ្រោះទឹកជំនន់ រាំងស្ងួត ខ្យល់កន្ត្រាក់ ភ្លើងឆេះនិងបញ្ហាប្រឈមផ្សេងៗទៀត។

បើតាមឯកឧត្តម កាកបាទក្រហមកម្ពុជានឹងមិនទុក​នរណាម្នាក់​ចោល​ឡើយ និងបានដាក់ពង្រាយដល់គ្រប់ភូមិ-ឃុំទូទាំងខេត្ត ដែលជា​សរសៃឈាម ភ្នែភ ស្តែងចេញជាសកម្មភាពជួយប្រជាពល​រដ្ឋបាន​ទាន់ពេលវេលា។

ការថ្លែងគូសបញ្ជាក់របស់ ឯកឧត្តមប្រធានក្រុមការងារ ដូចនេះ ក្នុង​ពិធី​ប្រារព្ធខួបលើកទី១៦២ អបអរទិវាពិភពលោកកាកបាទ​ក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ ក្រោមប្រធានបទ «រួមគ្នាជាមួយ​កាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខ​ភាពល្អ និងមាន​ភាព​​ធន់នឹងអាកាសធាតុ» កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ ក្រោម​ការអញ្ជើញចូលរួមពី ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត និងជា​ប្រធានគណៈកម្មាធិការ​សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ។

ឯកឧត្តមប្រធានក្រុមការងារ បានសម្តែងក្តីសោមនស្សរីករាយ និង​ថ្លែង​អំណរ​គុណដឹងគុណដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានតែងតាំង ឯកឧត្តម​រដ្ឋមន្ត្រី ឌិត ទីណា ជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ។

ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន​ខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណនូវទឹកចិត្តដ៏ល្អប្រពៃដល់​សមាជិក សមាជិកាសប្បុរសជនទាំងអស់ដែលបានចូលរួមយ៉ាង​ច្រើនអនេក និងបានអំពាវនាវឱ្យបន្តជួយគាំទ្រតទៅមុខបន្ថែមទៀត​តាមលទ្ធភាព និងទឹកចិត្ត សំដៅជួយដល់ជនរងគ្រោះ និងជនងាយ​រងគ្រោះ​ប្រកបដោយបរិយាបន្ន និងជូនពរដល់អង្គពិធីទទួលបាន​ជោគជ័យ សុខសុភមង្គលក្រោមម្លប់សុខសន្តិភាព៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner