បែកធ្លាយ! គណនីអ៊ីមែលឯកជនប្រើ Password របស់រដ្ឋមន្ត្រីការពារជាតិអាមេរិក
បរទេស៖ ទិន្នន័យបែកធ្លាយ បានបង្ហាញថា ពាក្យសម្ងាត់ ឬ Password របស់រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth ត្រូវបានគេយកប្រើប្រាស់ នៅលើគណនីអ៊ីមែលផ្ទាល់ខ្លួន ជាច្រើន នេះបើយោងតាមរបាយការណ៍ របស់កាសែត New York Times ចេញផ្សាយ កាលពីថ្ងៃពុធ។
ការលាតត្រដាងនេះ បានកើតឡើង ចំពេលដែលមានការព្រួយបារម្ភ បញ្ហាបែកធ្លាយព័ត៌មាន ផែនការយោធា ក្រោយពេលដែលក្រុមមេដឹកនាំសន្តិសុខជាតិអាមេរិក រួមទាំង លោករដ្ឋមន្ត្រី រូបនេះ បានប្រើប្រាស់កម្មវិធីផ្ញើសារ Signal ដើម្បីជជែកជាក្រុម អំពីប្រតិបត្តិការយោធា វាយប្រហារពួកឧទ្ទាម Houthi នៅប្រទេសយេម៉ែន កាលពីប៉ុន្មានសប្តាហ៍មុន។
របាយការណ៍ New York Times បានបង្ហាញថា ពាក្យសម្ងាត់ ជាអក្សរនិងលេខដ៏សាមញ្ញ របស់លោក Hegseth ត្រូវបានប្រើប្រាស់ ដើម្បីចុះឈ្មោះ សម្រាប់គេហទំព័រ នៅក្នុងការវាយប្រហារ តាមអ៊ីនធឺណិត។ ការណ៍នេះ ត្រូវបានចោទ ជាសំណួរថាតើ លោក Pete Hegseth បានធ្វើបច្ចុប្បន្នភាព ការអនុវត្តសុវត្ថិភាព របស់លោក មុនពេលចូលប្រើ Signal ដែរ ឬ យ៉ាងណា។
យ៉ាងណាមិញ ក្រៅពីរដ្ឋមន្ត្រីការពារជាតិអាមេរិក ករណីស្រដៀងគ្នានេះ ក៏កើតមាន លើមានមន្ត្រីសន្តិសុខកំពូល របស់សហរដ្ឋអាមេរិក ផ្សេងទៀត រួមទាំង នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិ លោកស្រី Tulsi Gabbard និង អតីតទីប្រឹក្សាសន្តិសុខជាតិ លោក Michael Waltz ដែលទើបត្រូវបានដកតំណែង ទៀតផង ក្នុងនោះ គេឃើញមាន Password របស់មន្ត្រីទាំងនោះ ត្រូវបានប្រើប្រាស់សម្រាប់ Log In គណនីផ្ទាល់ខ្លួន និង សេវាកម្មអនឡាញ ជាច្រើន។
ប៉ុន្តែ មន្ទីរបញ្ចកោណអាមេរិក មិនបានឆ្លើយតបទៅនឹងសំណើ សុំការអត្ថាធិប្បាយ របស់ កាសែត New York Times នៅឡើយទេ គិតត្រឹមថ្ងៃពុធ៕
ប្រភពពី New York Times ប្រែសម្រួល៖ សារ៉ាត
