សម្តេចប៉ាប ថ្មីជាជនជាតិអាមេរិក លើកដំបូង
បរទេស៖ នៅទីបំផុត ក្រុមមន្ត្រីសង្ឃកាតូលិក នៅក្នុងពិភពលោក បានបោះឆ្នោតជ្រើសតាំងសម្តេចសង្ឃកាតូលិកថ្មី បន្តវេនពីសម្តេចប៉ាប ហ្វ្រង់ស័រ ដែលសុគត កាលពីថ្ងៃទី២១ មេសា កន្លងទៅ។
សម្តេចប៉ាបថ្មី ព្រះនាម ឡេអុងទី១៤ (Leon XIV) ឬ កាឌីណាល់ Robert Prevost ជាជនជាតិអាមេរិក មានព្រះជន្មាយុ ៦៩ព្រះវស្សា ហើយនេះ ជាលើកទី១ ក្នុងប្រវត្តិសាស្រ្ត ដែលអាមេរិក មានជនជាតិរបស់ខ្លួនក្លាយ ជាសម្តេចប៉ាប។
ការសម្រេចបោះឆ្នោតនេះ បានធ្វើឡើង បន្ទាប់ពីជួបប្រជុំគ្នាដោយសម្ងាត់ បិទទ្វារជិត ប្រមាណ២ថ្ងៃ នៅព្រះវិហារ Sixtine ក្នុងបុរីវ៉ាទីកង់។
សម្តេចប៉ាបថ្មី អង្គនេះ បានចំណាយពេលភាគច្រើន ធ្វើជាអ្នកផ្សព្វផ្សាយសាសនា នៅប្រទេសប៉េរូ ហើយបានក្លាយជា កាឌីណាល់ ឬ អាចារ្យកាតូលិក នៅក្នុងឆ្នាំ ២០២៣។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិកសង្ឃឹមថា នឹងបង្កើតទំនាក់ទំនងការងារ ជាមួយសម្តេចប៉ាបថ្មី។
«សហរដ្ឋអាមេរិកទន្ទឹងរង់ចាំការធ្វើឱ្យទំនាក់ទំនង យូរអង្វែងរបស់យើងជាមួយ បុព្វជិត ជនជាតិអាមេរិក ដំបូងគេ»។
សម្តេចប៉ាប Leo XIV ថ្មី បានថ្លែងសុន្ទរកថា លើកដំបូង ទៅកាន់ហ្វូងមនុស្ស ដែលបានប្រមូលផ្តុំនៅទីលាន St Peter’s Square នៃបុរីវ៉ាទីកង់ ដោយអំពាវនាវ ឱ្យមានសន្តិភាពសម្រាប់ «ប្រជាជនទាំងអស់»៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
