សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាអគ្គភស្តុភារជាន់ខ្ពស់ ដែលគិតគូរពីសុខទុក្ខកងកម្លាំងប្រដាប់អាវុធ
(ខេត្តកំពង់ស្ពឺ)៖ ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានគូសបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី-ហ៊ុនសែន ព្រមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ជាអគ្គភស្តុភារជាន់ខ្ពស់ ដែលគិតគូរពីសុខទុក្ខកងកម្លាំងប្រដាប់អាវុធ ធានាបាននូវសុខុមាលភាព សមត្ថភាព ក្នុងការបំពេញភារកិច្ចការពារបូរណភាពទឹកដី។
ក្នុងពិធីប្រគល់អាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី-ហ៊ុន សែន ចែកជូនដល់កងទ័ពចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក នារសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ នៅកងពលតូចដឹកជញ្ជូនលេខ៩០ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានគូសបញ្ជាក់ថា កាយវិការដ៏ប្រសើរថ្លៃថ្លានេះ គឺជាការលើកទឹកចិត្ត និងយកចិត្តទុកដាក់មួយយ៉ាងធំធេងចំពោះកងទ័ព ដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី ហើយជារៀងរាល់ឆ្នាំ សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងបានឧបត្ថម្ភជាបន្តបន្ទាប់ ទាំងអាវភ្លៀង អាវរងា រួមនឹងសម្ភារៈ ថវិកា ជាច្រើនទៀត។
នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានក្រើនរម្លឹកដល់កងទ័ពទាំងអស់ ត្រូវបន្តលើកកម្ពស់មនសិកាស្នេហាជាតិ ស្មោះត្រង់ និងអនុវត្តន៍ម៉ឺងម៉ាត់រាល់បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការ កងទ័ពជើងគោក ក្នុងនោះត្រូវទប់ស្កាត់ និងបង្រ្កាបទាន់ពេលវេលា ចំពោះជនមានឧបាយកលចង់បំផ្លាញសុខសន្តិភាព ស្ថិរភាពសង្គម។
នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ក៏បានផ្ដាំផ្ញើដល់នាយទាហាន នាយទាហានរង និងពលទាហាន ត្រូវយកចិត្តទុកដាក់លើកកម្ពស់ស្មារតីគ្រប់គ្រងថែរក្សាសម្ភារៈ បរិក្ខារ គ្រឿងបំពាក់ផ្សេងៗ ឱ្យបានល្អ និងត្រៀមកម្លាំង មធ្យោបាយ ដើម្បីចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋពេលជួបគ្រោះមហន្តរាយកើតឡើង។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈរ សុខ នាយរងសេនាធិការ មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ កងទ័ពជើងគោក តំណាងឱ្យនាយ-ពលទាហានគ្រប់បណ្តាអង្គភាពចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក បានសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅជូនដល់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចធិបតី និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាលតែងបានយកចិត្តទុកដាក់អំពីសុខទុក្ខកងកម្លាំង និងតាមចិញ្ចឹមបីបាច់ថែរក្សា ផ្តល់អ្វីៗ គ្រប់យ៉ាង ក្នុងនោះនៅរដូវភ្លៀង ផ្តល់អាវភ្លៀង និងនៅរដូវត្រជាក់ ផ្តល់អាវរងា ៕
ប្រភព ៖ កងទ័ព








