Zelensky ទូរស័ព្ទទៅ Trump ប្រាប់ថា ត្រៀមខ្លួនជួបរុស្ស៊ី
បរទេស ៖ មេដឹកនាំប្រទេសអ៊ុយក្រែន លោក Zelensky បាននិយាយថា លោកទើបបានហៅទូរស័ព្ទ ទៅកាន់លោកប្រធានាធិបតីអាមេរិក Donald Trump ដោយអះអាងថា ជំនួប Zelensky-Trump ពេលនោះ គឺមានលទ្ធផលល្អ ដោយបញ្ជាក់ថា អ៊ុយក្រែនត្រៀមខ្លួនជួបរុស្ស៊ី ក្នុងទម្រង់ណាមួយ។
អំឡុងការហៅទូរស័ព្ទ ទៅកាន់លោក Trump កាលពីថ្ងៃព្រហស្បតិ៍ លោក Volodymyr Zelensky បាននិយាយថា «យើងបានពិភាក្សាអំពីរបៀប នាំយកបទឈប់បាញ់ ពិតប្រាកដ និងយូរអង្វែង កាន់តែខិតជិត យ៉ាងហោចណាស់ សម្រាប់រយៈពេល៣០ថ្ងៃ។ នេះគឺជាអ្វីដែលអាចផ្តល់ឱកាស ជាច្រើន សម្រាប់ការទូត»។
លោក Volodymyr Zelensky បានប្រាប់ប្រធានាធិបតីអាមេរិក Donald Trump ថា ប្រទេសរបស់លោក បានត្រៀមខ្លួនរួចជាស្រេច សម្រាប់កិច្ចពិភាក្សា ស្តីពីសង្គ្រាមជាមួយរុស្ស៊ី «ក្នុងទម្រង់ណាមួយ» ប៉ុន្តែ បានទទូចថា ដំបូង ត្រូវតែមានបទឈប់បាញ់ ពេញលេញ។
លោក Zelensky បាននិយាយបន្ថែមថា ដើម្បីឱ្យរឿងនេះ កើតឡើង រុស្ស៊ីត្រូវតែបង្ហាញថា មានភាពច្បាស់ការណ៍ ចំពោះការបញ្ចប់សង្រ្គាម ដោយចាប់ផ្តើមជាមួយនឹងបទឈប់បាញ់ពេញលេញ និងគ្មានលក្ខខណ្ឌ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
