អ៊ីស្រាអែលគំរាមវាយលុកអ៊ីរ៉ង់ ឲ្យដូចការកម្ទេចពួកហាម៉ាស់នៅហ្គាហ្សា

បរទេស ៖ រដ្ឋមន្ត្រីការពារជាតិ អ៊ីស្រាអែល លោក Katz កាលពីថ្ងៃព្រសហ្បតិ៍ បានគំរាមលុកលុយប្រទេសអ៊ីរ៉ង់ ឲ្យដូចការកម្ទេចពួកហាម៉ាស់ នៅតំបន់ហ្គាហ្សា ប្រសិនបើជាអ៊ីរ៉ង់ មិនព្រមដកខ្លួនជាបន្ទាន់ ចេញពីពួកឧទ្ទាម Houthi នៅប្រទេសយេម៉ែន នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNA។

ការគំរាមនេះ បានធ្វើឡើង នៅប៉ុន្មានថ្ងៃ បន្ទាប់ពីពួកប្រដាប់អាវុធ Houthi បានវាយប្រហារ លើអាកាសយានដ្ឋាន Ben Gurion នៅប្រទេសអ៊ីស្រាអែល ហើយក្រុមនេះ ត្រូវបានចោទថា មានអ៊ីរ៉ង់នៅពីក្រោយ។ ប៉ុន្តែ អ៊ីរ៉ង់ បានបដិសេធថា ខ្លួនមិនបានគាំទ្រឲ្យពួក Houthis វាយប្រហារ លើកនេះទេ។

រដ្ឋមន្ត្រីការពារជាតិ អ៊ីស្រាអែល បានចេញសេចក្តីថ្លែងការណ៍មួយ ព្រមានដល់មេដឹកនាំអ៊ីរ៉ង់ ឲ្យឈប់ផ្តល់ហិរញ្ញវត្ថុ និង អាវុធ ដល់អង្គការភេរវករ Houthi បើមិនដូច្នេះទេ អ៊ីរ៉ង់នឹងជាអ្នកទទួលខុសត្រូវផ្ទាល់ លើសកម្មភាពរបស់ពួក Houthi ហើយ អ៊ីស្រាអែលនឹងវាយប្រហារអ៊ីរ៉ង់ ដូចខ្លួនតាមកម្ទេចពួក Hezbollah នៅប្រទេសលីបង់ និងពួកហាម៉ាស នៅតំបន់ Gaza។

គួររម្លឹកថា ក្រុម Houthis បានវាយប្រហារអាកាសយានដ្ឋានសំខាន់ របស់អ៊ីស្រាអែល នៅជិតរដ្ឋធានី Tel Aviv កាលពីថ្ងៃអាទិត្យ ជាផ្នែកមួយ នៃយុទ្ធនាការប្រឆាំងនឹងអ៊ីស្រាអែល ដែលពួកឧទ្ទាមនិយាយថា ជាការវាយប្រហារ ដើម្បីគាំទ្រប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា។

អ៊ីស្រាអែលបានវាយបកប្រឆាំងវិញ ដោយបានធ្វើការវាយប្រហារ លើព្រលានយន្តហោះ នៅក្នុងរដ្ឋធានី Sanaa ប្រទេសយេម៉ែន ដែលកាន់កាប់ដោយក្រុមឧទ្ទាម ព្រមទាំង ស្ថានីយថាមពល នៅក្នុង និងជុំវិញ រដ្ឋធានី Sanaa ។

គួរបញ្ជាក់ថា ក្រុម Houthis បានប្តេជ្ញាបន្តវាយប្រហារ លើនាវាអ៊ីស្រាអែល នៅក្នុងសមុទ្រក្រហម បើទោះបីជាខ្លួនទើបបានព្រមព្រៀង ឈប់បាញ់ប្រហារលើនាវាអាមេរិក និង នាវាអន្តរជាតិ ផ្សេងទៀត នាពេលថ្មីៗនេះ ក៏ដោយ៕

ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner