ឯកឧត្ដមអភិសន្តិបណ្ឌិត ជួបប្រធានគណៈកម្មាធិការត្រួតពិនិត្យសន្តិសុខ និងសេដ្ឋកិច្ចអាមេរិក-ចិន ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ

(ភ្នំពេញ)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ រីវ៉ា ប្រាយ (Reva Price) ប្រធានគណៈកម្មាធិការត្រួតពិនិត្យសន្តិសុខ និងសេដ្ឋកិច្ចអាមេរិក-ចិន បានជួបពិភាក្សាគ្នាទ្វេភាគី នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ ដោយក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាប្រកបដោយភាពជិតស្និទ្ធអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យពាក់ព័ន្ធ។

ឯកឧត្ដមអភិសន្តិបណ្ឌិត បានសម្ដែងនូវការអបអរសាទរចំពោះ លោកជំទាវ ដែលត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យសន្តិសុខ និងសេដ្ឋកិច្ចអាមេរិក-ចិន សម្រាប់អាណត្តិទី២ ដែលជាតួនាទីស័ក្តិសមនឹងបទពិសោធន៍ និងស្នាដៃជាច្រើនរបស់លោកជំទាវ និងបានសម្តែងនូវការអបអរសាទរខួបលើកទី៧៥ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងអាមេរិក ដែលឆ្នាំនេះភាគីទាំងពីរបានឯកភាពក្នុងការប្រារព្ធកម្មវិធីផ្សេងៗ ដើម្បីអបអរសាទរខួបដ៏មានអត្ថន័យនេះ។

ក្នុងក្របខ័ណ្ឌអាស៊ាន ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍ថា ប្រទេសកម្ពុជាក៏ជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាកម្ពុជា-អាមេរិក ឆ្នាំ២០២៤-ឆ្នាំ២០២៧ ដែលតួនាទីនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់លើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ និងរវាងអាស៊ាន និងសហរដ្ឋអាមេរិក។ 

ជាការឆ្លើយតប លោកជំទាវ រីវ៉ា ប្រាយ បានថ្លែងអំណរគុណចំពោះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ដែលបានអនុញ្ញាតជូន លោកជំទាវ និងសហការី ចូលជួបសម្ដែងការគួរសម នាពេលនេះ។ លោកជំទាវ​ ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ភាគីកម្ពុជា ក្នុងការបន្តការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងអង្គភាពអនុវត្តច្បាប់នៃប្រទេសទាំងពីរ ជាពិសេសការផ្លាស់ប្ដូរព័ត៌មានពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងបទល្មើសជួញដូរមនុស្ស គ្រឿងញៀន ភេរវកម្ម អំពើជួញដូរផ្លូវភេទ និងការការពារអនីតិជន ជាដើម៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner