រុស្ស៊ី-ចិនថ្កោលទោសផែនការបង្កើតប្រព័ន្ធការពារមីស៊ីលលើលំហររបស់លោក Trump

មូស្គូ ៖ រុស្ស៊ី និង ចិន នៅថ្ងៃព្រហស្បតិ៍ បានថ្កោលទោសផែនការរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ក្នុងការសាងសង់ប្រព័ន្ធការពារមីស៊ីលលើលំហរ ឬ Iron Dome ថា ជាការបង្ក “អស្ថិរភាពខ្លាំងបំផុត” ហើយវាប្រថុយនឹងការប្រែក្លាយទីអវកាសទៅជា “សមរភូមិ”។

រុស្ស៊ី និង ចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចុះផ្សាយដោយវិមានក្រឹមឡាំង បន្ទាប់ពីកិច្ចពិភាក្សារវាងប្រធានាធិបតីទាំងពីរនៅទីក្រុងមូស្គូថា កម្មវិធី Golden Iron Dome for America ខ្នាតធំ ដែលបានប្រកាសនាពេលថ្មីៗនេះ ក៏កំពុងធ្វើឱ្យមានអស្ថិរភាពយ៉ាងខ្លាំងផងដែរ។

បើតាមសេចក្តីថ្លែងការណ៍ដដែល ផែនការនេះ នឹងផ្តល់នូវការពង្រឹងឃ្លាំងអាវុធយ៉ាងសំខាន់ សម្រាប់ធ្វើប្រតិបត្តិការប្រយុទ្ធនៅលើលំហអាកាស។

ជាការឆ្លើយតប រុស្ស៊ី និង ចិន នឹងចាប់ផ្តើមពិភាក្សា ស្តីពីការទប់ស្កាត់ការដាក់ពង្រាយអាវុធនៅទីអវកាស ហើយប្រឆាំងនឹងគោលនយោបាយ និងសកម្មភាពដែលមានគោលបំណងសម្រេចឧត្តមភាពយោធា និង ការប្រើប្រាស់លំហអាកាសជាសមរភូមិជាផ្លូវការ។

លោកប្រធានាធិបតី Donald Trump បានបញ្ជាឱ្យសាងសង់ប្រព័ន្ធការពារមីស៊ីល “Iron Dome for America” ភ្លាមៗ បន្ទាប់ពីការចូលកាន់តំណែងនៅក្នុងខែមករា ដែលនេះជាកម្មវិធីមួយមានបំណងប្រឆាំងនឹងការគំរាមកំហែងពីមីស៊ីលផ្លោង និងមីស៊ីលលឿនជាងសំឡេងរបស់សហរដ្ឋអាមេរិក៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner