សម្តេចធិបតី៖ ការអប់រំមានឥទ្ធិពលវិជ្ជមានលើកំណើនសេដ្ឋកិច្ច តាមរយៈយន្តការចំនួន៣

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីសម្ពោធឆ្លងអគារអន្តេវាសិកដ្ឋាន “តេជោសន្តិភាព” និងសមិទ្ធផលនានា នៅពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុមុនីរាជា ស្ថិតក្នុងបរិវេណវត្តស្វាយពពែ នាព្រឹកថ្ងៃសុក្រ ទី៩ ខែឧសភា ឆ្នាំ២០២៥ ថា៖ ការអប់រំមានឥទ្ធិពលវិជ្ជមានលើកំណើនសេដ្ឋកិច្ច តាមរយៈ យន្តការចំនួន៣ គឺ៖ ១/ ការអប់រំបង្កើនមូលធនមនុស្សនៅក្នុងកម្លាំងពលកម្មសរុបរបស់ជាតិ ដែលជាកត្តាចាំបាច់សម្រាប់បង្កើនផលិតភាព, ពលកម្ម និងជំរុញកំណើនឆ្ពោះដល់កម្រិតថ្មីមួយកម្រិតទៀត, ២/ ការអប់រំបង្កើនសមត្ថភាពក្នុងការធ្វើនវានុវត្តន៍ក្នុងសេដ្ឋកិច្ច ព្រមទាំងបង្កើនចំណេះដឹង សម្រាប់ចាប់យកបច្ចេកវិទ្យាថ្មីៗ និងអភិវឌ្ឍផលិតផលថ្មី ដើម្បីជួយលើកកម្ពស់កំណើនសេដ្ឋកិច្ច និង៣/ ការអប់រំជួយសម្រួលដល់ការផ្ទេរបច្ចេកវិទ្យា និងចំណេះដឹងថ្មីៗដទៃទៀត ដែលកត្តាទាំងនេះ ជួយបង្កើនផលិតភាព និងជំរុញកំណើនសេដ្ឋកិច្ច។

ឆ្លៀតឱកាសនេះដែរ, សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងថា ការអប់រំ គឺជាគន្លឹះយ៉ាងសំខាន់សម្រាប់ការចូលរួមចំណែកក្នុងការអភិវឌ្ឍជីវិតខ្លួនឯង, គ្រួសារ និងសង្គមជាតិ។ ការរៀនមិនត្រឹមតែចំណេះដឹងផ្ទាល់ខ្លួនប៉ុណ្ណោះទេ គឺជាការបង្កើននូវភាពជឿជាក់លើខ្លួនឯង ហើយ ក៏បានលើកតម្កើងនូវសមត្ថភាពយ៉ាងពេញលេញក្នុងការបំពេញភារកិច្ច, ការងារ ក៏ដូចជាការរស់នៅក្នុងសង្គមប្រកបដោយសេចក្តីថ្លៃថ្នូរ។ ជាមួយគ្នានេះ, ចំណេះដឹង គឺត្រូវមានទាំងផ្នែករឹង (Hard Skill) និងផ្នែកទន់ (Solf Skill) ដែលតម្រូវឱ្យអ្នកសិក្សាត្រូវមានទាំងចំណេះ ជំនាញ និងសតិអារម្មណ៍, សីលធម៌ និងគុណធម៌នៃការរស់នៅប្រចាំថ្ងៃផងដែរ។ សម្តេចធិបតីនាយរដ្ឋមន្ត្រី បានបន្ថែមថា៖ ការអប់រំរបស់មនុស្ស និងសង្គមនីមួយៗ ត្រូវដើរទន្ទឹមគ្នា គឺប្រៀបបាននឹងការអភិវឌ្ឍវិស័យសាសនា ដែលត្រូវដើរព្រមគ្នាទាំងអាណាចក្រ និងពុទ្ធចក្រ។ ដូចនេះ, រាជរដ្ឋាភិបាលត្រូវធានាទាំងពីរ ទាំងអាណាចក្រ និងពុទ្ធចក្រ ដោយត្រូវដើរទន្ទឹមគ្នា ហើយមិនមានការផ្ទុយគ្នារវាងសាសនា និងវិទ្យាសាស្ត្រនៃការរីកចម្រើននោះទេ ដែលតម្រូវឱ្យឥរិយាបថរបស់មនុស្ស ត្រូវតែមានការអប់រំ និងបង្កើនជាប់ជាប្រចាំ។

មុននឹងបញ្ចប់, សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ផងដែរអំពីការគ្រប់គ្រងនៃការវិវត្តយ៉ាងជឿនលឿននៃបច្ចេកវិទ្យាសិប្បនិម្មិត (AI) ដោយត្រូវឈរលើការយកច្បាប់មកអនុវត្ត, ផ្សារភ្ជាប់នឹងការអប់រំ ដោយបណ្តុះបណ្តាលតម្លៃក្នុងខ្លួនមនុស្សជាអាទិភាព។ ក្នុងន័យនេះ, យើងទាំងអស់គ្នាបានដឹងថាការវិវត្តនៃសង្គម រួមទាំងឧបករណ៍ទំនាក់ទំនង ពិតជាបានដើរតួនាទីយ៉ាងសកម្ម ក្នុងជីវភាពរស់នៅ និងឥទ្ធិពលក្នុងសង្គម តួយ៉ាងការប្រើប្រាស់បណ្តាញសង្គម។ បើប្រើប្រាស់ត្រូវ គឺជួយផ្តល់ផលល្អ និងវិជ្ជមានក្នុងសង្គម បង្កើតការចេះគិតគូរ, អំណត់, ថ្លឹងថ្លែង, ពិចារណា មុននឹងធ្វើសកម្មភាពអ្វីមួយ។ ដូចនេះ, ការសាងសង់សាលា និងអគារអន្តេវាសិកដ្ឋាននាថ្ងៃនេះសម្រាប់ផ្តល់ជូននិស្សិត ស្នាក់នៅ និងសិក្សារៀនសូត្រ គឺជាការកសាងសម្រាប់ការបណ្តុះបណ្តាលអប់រំមនុស្ស ក្នុងការរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ។ ការរៀបចំ និងធានាបាននូវការបណ្តុះបណ្តាល គឺជាការផ្តល់នូវសង្គមមួយដែលប្រកបដោយសុខដុមនីយកម្ម ដែលកើតដោយការអប់រំ ទាំងក្នុងសាលា និងសាសនា ដែលមិនអាចត្រឹមតែយកច្បាប់ទៅក្របដណ្តប់ និងអនុវត្តដាច់មុខនោះទេ៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកផេកសម្តេចធិបតី ហ៊ុន ម៉ាណែត

ads banner