ឯកឧត្តមឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត កោតសសើរ លទ្ធផលដែលអង្គសន្និបាតក្រសួងអធិការកិច្ចសម្រេចបាន ពិសេសយុទ្ធសាស្ត្រ ព៤ ជ៤ ដែលជាកូនសោរគន្លឹះនៃវិធានការដឹកនាំ គ្រប់គ្រងវិស័យអធិការកិច្ចនៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តមវង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំកា និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណ:រដ្ឋមន្ត្រី តំណាង សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងអធិការកិច្ច ព្រមទាំងមន្ត្រីអធិការកិច្ចទាំងអស់ និងសូមអបអរសាទរចំពោះលទ្ធផលដែលអង្គសន្និបាតសម្រេចបាន ពិសេសយុទ្ធសាស្ត្រ (ព៤ជ៤) ដែលនឹងបន្តអនុវត្តតាមទិសដៅការងារ ដែលបានដាក់ចេញសម្រាប់ឆ្នាំ២០២៥ ប្រកបដោយស្មារតីយកចិត្តទុកដាក់ខ្ពស់ សកម្ម បុរេសកម្ម និងអន្តរសកម្ម ដើម្បីបង្កើតនូវសមិទ្ធផលថ្មីៗបន្ថែមទៀត ជូនរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា។

ក្នុងពិធីបិទសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងអធិការកិច្ច នាព្រឹកថ្ងៃទី០៩ ខែឧសភានេះ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានបញ្ជាក់ថា យុទ្ធសាស្ត្រ (ព៤ជ៤) គឺបានដាក់ចេញសម្រាប់អនុវត្តឆ្នាំ២០២៥-២០២៨ ក្នុងនោះ ៖

-ព៤-សំដៅលើការពង្រឹងការងារស្នូលចំនួន៤ រួមមាន (ព១)ការពង្រឹងការងារអធិការកិច្ច (ព២)ពង្រឹងយន្តការដោះស្រាយបណ្តឹង (ព៣)ពង្រឹងការងារតាមដានការអនុវត្តច្បាប់ (ព៤)ពង្រឹងការងារផ្សព្វ ផ្សាយច្បាប់ និងវេទិកាសាធារណៈ

  • រីឯ-ជ៤ ៖ សំដៅលើការជំរុញការងារគាំទ្រចំនួន៤ គឺ (ជ១) ជំរុញការរៀបចំលិខិតបទដ្ឋានគតិយុត្ត (ជ២)ជំរុញ និងបង្កើនសមត្ថភាពស្ថាប័ន (ជ៣)ជំរុញកិច្ចសហប្រតបត្តិការ និងភាពជាដៃគូ និង (ជ៤) ជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។

ជាមួយគ្នានេះ អង្គសន្និបាត ក៏បានស្តាប់នូវបទបង្ហាញរបស់ក្រុមការងារ ចំពោះកិច្ចចំនួន៨រូប ដែលបានឆ្លុះបញ្ចាំងអំពីយុទ្ធសាស្ត្រព៤ជ៤ និង បទអន្តរាគមន៍របស់អគ្គាធិការដ្ឋានក្រសួង-ស្ថាប័ន និងមន្ទីរអធិការកិច្ច តាមបណ្តាខេត្តមួយចំនួន ស្តីពីដំណើរការប្រព្រិត្តទៅ នៃការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងាររួមនឹងចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម និងដំណោះស្រាយនានាពាក់ព័ន្ធវិស័យអធិការកិច្ច ការងារទទួលពាក្យបណ្តឹង ដោះស្រាយបណ្តឹង ការងារតាមដានការអនុវត្តច្បាប់ ការពង្រឹងស្ថាប័ន និងការកសាងមូលធនមនុស្ស។

នាឱកាសនោះ ឯកឧត្តម វង្សី វិស្សុត បានបញ្ជាក់ថា ការងារអធិការកិច្ច គឺជាភារកិច្ចមួយដ៏មានសារ:សំខាន់មិនអាចខ្វះបាន សម្រាប់ត្រួតពិនិត្យលើការចាត់តាំងអនុវត្តន៍ បន្ទាប៉ពីថ្នាក់ដឹកនាំដាក់ចេញ នូវយុទ្ធសាស្ត្រ ឬគោលនយោបាយ និងការងារអធិការកិច្ចសម្រាប់តភ្ជាប់ជាមួយមហាជន ហើយរាជរដ្ឋាភិបាលចង់ឱ្យគ្រប់ក្រសួង ស្ថាប័ន តាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ ត្រូវចូលរួមសហការធ្វើជាភ្នែកជាត្រចៀក ជាសេនាធិការដ៏ស្មោះត្រង់ សំដៅធានាការពង្រឹងប្រសិទ្ធិភាពស្ថាប័នប្រកបដោយការជឿជាក់ និងទំនួលខុសត្រូវខ្ពស់។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានរំលឹកនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី នៅក្នុងសន្និបាតក្រសួងអធិការកិច្ច កាលពីឆ្នាំកន្លងទៅថា ៖ «រៀបចំផ្ទះខ្លួនយើងឱ្យស្អាត មុននឹងចេញទៅមើលផ្ទះគេ» ដែលជាសារដ៏មាន អត្ថន័យ និងបានបង្ហាញអំពីកាតព្វកិច្ច និងទំនួលខុសត្រូវរបស់ស្ថាប័ន និងមន្ត្រីត្រួតពិនិត្យដែលតម្រូវឱ្យស្ថាប័ន ត្រួតពិនិត្យត្រូវមានភាពស្អាតស្អំ និងមានសមត្ថភាពគ្រប់គ្រាន់ ជាពិសេសមន្រ្តីអធិការកិច្ច ត្រូវមានសមត្ថភាពជំនាញច្បាស់លាស់ ភាពវៃឆ្លាត អត្តចរិតថ្លៃថ្នូរក្រមសីលធម៌ ស្អាតស្អំ និងបទពិសោធ ព្រមទាំងត្រូវមានសមត្ថភាពវិភាគ និងពិចារណាគ្រប់ជ្រុងជ្រោយ ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner