សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូ អញ្ជើញនិវត្តន៍ដល់មាតុប្រទេសកម្ពុជាវិញ ក្រោយបញ្ចប់ទស្សនកិច្ចប្រកដោយជោគជ័យ នៅឥណ្ឌូនេស៊ី និងទីម័រឡេស្តេ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បាននិវត្តមកដល់ព្រះរាជាណាចក្រកម្ពុជាវិញហើយ នៅរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ បន្ទាប់ពីបានអញ្ជើញបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋឥណ្ឌូណេស៊ី ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ និងបន្តបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ប្រកបដោយលទ្ធផលត្រចះត្រចង់ ។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចាកចេញពីកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ដើម្បីបំពេញទស្សនកិច្ចនៅឥណ្ឌូណេស៊ី និងបន្តបំពេញទស្សនកិច្ចផ្លូវការនៅទីម័រឡេស្តេ ។

ក្នុងអំឡុងទស្សនកិច្ចនៅឥណ្ឌូណេស៊ី សម្ដេចតេជោ ហ៊ុន សែន បានជំនួបសម្តែងភាក្សាការងារដាច់ដោយឡែកៗពីគ្នា ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ឥណ្ឌូណេស៊ី រួមមាន៖ ឯកឧត្តម ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ ប្រធានាធិបតី, ឯកឧត្ដម ស៊ុលតាន់ បាចទីយ៉ា ណាចាមូឌីន ប្រធាន ព្រឹទ្ធសភា, និងលោកជំទាវ ពាន់ ម៉ាហារ៉ានី ប្រធានរដ្ឋសភា។

ក្នុងឱកាសស្នាក់នៅរដ្ឋធានីហ្សាការតា សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានអញ្ជើញបំពេញទស្សនកិច្ចនៅលេខាធិការដ្ឋានអាស៊ាន និងមានជំនួបរួមគ្នាជាមួយអគ្គលេខាធិការអាស៊ាន គណៈកម្មាធិការតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន និងឯកអគ្គរដ្ឋទូតទីម័រឡេស្តេប្រចាំអាស៊ាន និងផ្តល់បាឋកថាពិសេស ក្រោមប្រធានបទ កម្ពុជា និងអាស៊ាន, អាស៊ាន និងពិភពលោក ដែលជាវិភាគទានដ៏សំខាន់ក្នុងការអបអរសាទរខួប ២៦ឆ្នាំ នៃការចូលជាសមាជិកអាស៊ានរបស់កម្ពុជា។ ជាមួយគ្នានេះ សម្តេចតេជោ ក៏បានអញ្ជើញថ្លែងបាឋកថា ក្រោមប្រធានបទស្តីពី ទស្សនៈ និងបទពិសោធន៍ នៃកិច្ចខិតខំកសាងសន្តិភាពនៅកម្ពុជា នៅសាលាសិក្សាអំពីរដ្ឋាភិបាលនៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច អាស៊ាន និងអាស៊ីបូព៌ា (ERIA School of Government) ដោយមានការចូលរួមដោយអគ្គលេខាធិការអាស៊ាន តំណាងអចិន្ត្រៃយ៍អាស៊ាន, អង្គទូតប្រចាំសាធារណរដ្ឋឥណ្ឌូណេស៊ីនិងប្រចាំអាស៊ាន, ថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំនៃក្រសួង/ស្ថាប័នរដ្ឋឥណ្ឌូណេស៊ី និងអង្គការសង្គមស៊ីវិលនៅឥណ្ឌូណេស៊ី ។

ដោយឡែកក្នុងអំឡុងទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ សម្តេចតេជោ ហ៊ុន សែន ត្រូវបានឯកឧត្តម ចូហ្សេ រ៉ាមូស អរតា ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ អញ្ជើញទទួលបដិសណ្ឋារកិច្ច និងបើករថយន្តជូនដំណើរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដោយផ្ទាល់ ចេញពីអាកាសយានដ្ឋានអន្តរជាតិនីកូឡៅលូបាតូឆ្ពោះទៅកាន់សណ្ឋាគារដែលសម្ដេចតេជោស្នាក់នៅ ខណៈ នៅតាមដងផ្លូវ ចេញពីអាកាសយានដ្ឋាន មានប្រជាពលរដ្ឋ សិស្សានុសិស្យយ៉ាងច្រើនកុះករ ឈអមសងខាងផ្លូវ ទទួលសា្វគមន៍ និងអបអរសាទរយ៉ាងកក់ក្តៅបំផុត ចំពោះវត្ថមានសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនាពេលនេះ ។

ក្នុងអំឡុងទស្សនកិច្ចផ្លូវការនៅទីម័រឡេស្តេ សម្តេចតេជោប្រធានព្រឹទ្ធសភា មានជំនួបដាច់ដោយឡែកពីគ្នា ជាមួយ ឯកឧត្តម ចូហ្សេ រ៉ាមូស អវតា ប្រធានាធិបតីទីម័រឡេស្តេ, ឯកឧត្តម កៃ វ៉ាឡា សាណាណា ហ្គូសម៉ៅ នាយករដ្ឋមន្ត្រីទីម័រឡេស្តេ, និងលោកជំទាវ ម៉ារៀ ហ្វើណាន់ដា ឡៃ ប្រធានរដ្ឋសភាទីម័រឡេស្តេ។ ក្នុងឱកាសទស្សនកិច្ចនេះដែរ សម្ដេចតេជោ ក៏បានអញ្ជើញថ្លែងសុន្ទរកថាក្នុងសម័យប្រជុំពិសេស នៅរដ្ឋសភាទីម័រឡេស្តេ និងផ្ដល់បាឋកថាលើប្រធានបទស្តីពី «មេរៀនរបស់ ហ៊ុន សែន៖ ពីរបបប្រល័យពូជសាសន៍ និងភាពក្រីក្រឆ្ពោះទៅកាន់សេរីភាព និងវិបុលភាព» នៅវិមានប្រធានាធិបតី ដោយមានការចូលរួមពីសមាជិកសភា, មន្ត្រីរដ្ឋាភិបាល, អង្គទូត, និស្សិត, និង សង្គមស៊ីវិលទីម័រឡេស្តេ។

គួរកត់សំគាល់ថា ជាកិច្ចតបស្នងទៅនឹងគុណបំណាច់ និងវិភាគទានដ៏សំខាន់របស់សម្ដេចតេជោ ក្នុងការជួយគាំទ្រដល់ទីម័រឡេស្តេ ជាង ២ទសវត្សរ៍កន្លងមក ជាពិសេស ចំពោះការជំរុញ
ទីម័រឡេស្តេ ចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ាន ឯកឧត្តម ប្រធានាធិបតីទីម័រឡេស្ដ ក៏បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយស Grand Collar of the Order of Timor-Leste ដែលជាឥស្សរិយយសកម្រិតខ្ពស់បំផុត និងក៏ជាការផ្តល់កិត្តិយសដ៏ធំធេងពីភាគីទីម័រឡេស្តេ ជូន សម្តេច តេជោ ហ៊ុន សែន ដែលធ្វើឡើងនៅវិមានប្រធានាធិបតី ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner