មីស៊ីលហ៊ូធីបន្តបាញ់លើព្រលាន្តយន្តហោះអ៊ីស្រាអែល

បរទេស៖ ក្រុមឧទ្ទាមហ៊ូធី (Huthi) នៅប្រទេសយេម៉ែន បាននិយាយថា ពួកគេបានបន្តបាញ់មីស៊ីល ទៅលើតំបន់អាកាសយានដ្ឋានអ៊ីស្រាអែល ជាថ្មីទៀត កាលពីថ្ងៃសុក្រ។

អ្នកនាំពាក្យយោធា ហ៊ូធី លោក Yahya Saree បាននិយាយថា ក្រុមប្រដាប់អាវុធ ដែលគេជឿថា គាំទ្រដោយអ៊ីរ៉ង់ មួយនេះ បានកំណត់គោលដៅ លើអាកាសយានដ្ឋានអន្តរជាតិ Ben Gurion ក្បែរនឹងរដ្ឋធានី Tel Aviv ដោយប្រើកាំជ្រួចផ្លោង លឿនជាងសំឡេង។ លោកបានអះអាងទៀតថា យន្តហោះគ្មានមនុស្សបើកក៏បានវាយប្រហារលើសត្រូវ «អ៊ីស្រាអែល» នៅក្នុងតំបន់នេះ ដូចគ្នា។

ស៊ីរ៉ែនបានបន្លឺឡើង នៅក្នុងទីក្រុង Tel Aviv ភាគកណ្តាល ប្រទេសអ៊ីស្រាអែល ខណៈដែលកងទ័ពបាននិយាយថា ខ្លួនបានស្ទាក់ចាប់កាំជ្រួច ដែលបាញ់ចេញពីប្រទេសយេម៉ែន កាលពីថ្ងៃសុក្រ។ ប៉ុន្តែ ពុំមានសេចក្តីរាយការណ៍ អំពីមនុស្សរបួស ឬ ស្លាប់ នៅឡើយទេ។

កាលពីចុងសប្តាហ៍ ពួកហ៊ូធី ក៏បានបាញ់មីស៊ីលទៅតំបន់ព្រលានយន្តហោះអ៊ីស្រាអែលនេះផងដែរ ហើយអ៊ីស្រាអែលបង្ខំចិត្តបិទទ្វារអាកាសយានដ្ឋាន។ ក្រោយមក អ៊ីស្រាអែល ក៏បានវាយប្រហារលើព្រលាន្តយន្តហោះ ក្នុងប្រទេសយេម៉ែនវិញ ជាការសងសឹក។

ក្រុម ហ៊ូធី បានបើកការវាយប្រហារ ម្តងហើយម្តងទៀត លើអ៊ីស្រាអែល និងការដឹកជញ្ជូននាវា នៅសមុទ្រក្រហម ដើម្បីសាមគ្គីភាពជាមួយប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលកំពុងមានសង្រ្គាមរយៈពេល១៩ខែ រវាងអ៊ីស្រាអែល និង ក្រុមហាម៉ាស ប៉ាឡេស្ទីន៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner