រដ្ឋមន្ត្រីសាធារណការ ចាត់ទុកវិស័យកំពង់ផែ នៅតែជាវិស័យអាទិភាព ដែលបាន និងកំពុងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ

(ភ្នំពេញ)៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា វិស័យកំពង់ផែ នៅតែបន្តចាត់ទុកជាវិស័យអាទិភាព ដែលបាន និងកំពុងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ ឱ្យឆ្ពោះទៅសម្រេចបាន ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ។ ឯកឧត្តម ប៉េង ពោធិ៍នា បានមានប្រសាសន៍ដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតី បើកមហាសន្និបាតភាគហ៊ុនិក លើកទី១០ របស់កំពង់ផែស្វយ័តភ្នំពេញ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ បានថ្លែងថា វិស័យកំពង់ផែ ត្រូវបានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា និង បន្តមកដល់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅតែបន្តចាត់ទុកជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពនានា ដែលបាន និងកំពុងរួមចំណែកទ្រទ្រង់ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ឱ្យឆ្ពោះទៅមុខ ដើម្បីឈានទៅសម្រេចបាន នូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់ ។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា បើពិនិត្យទៅលើស្ថានភាពភាគហ៊ុនរបស់កំពង់ផែស្វយ័តភ្នំពេញ ដែលបានរាយការណ៍កន្លងមក ទំហំជួញដូរសរុបប្រចាំឆ្នាំមានចំនួនជិត២៤ម៉ឺនភាគហ៊ុន (២៣៦ ១២៦ភាគហ៊ុន) និងថ្លៃជួញដូរជាមធ្យមមានចំនួនជាង១ម៉ឺន៣ពាន់រៀល (១៣ ៧២០រៀល) ក្នុងមួយភាគហ៊ុន ដែលនេះជាស្ថានភាពមួយដ៏ល្អប្រសើរ ក្រុមហ៊ុនដែលបានបោះផ្សាយលក់មូលបត្រ ។

ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ មានប្រសាសន៍ថា កំពង់ផែស្វយ័តភ្នំពេញ បានពង្រីកហេដ្ឋារចនាសម្ព័ន្ធ បំពាក់គ្រឿងចក្រ និងសម្ភារឧបករណ៍ទំនើបៗ សម្រាប់បម្រើឱ្យប្រតិបត្តិការអាជីវកម្មលើកដាក់ ផ្ទេរផ្ទុកទំនិញ របស់អតិថិជន ឱ្យកាន់មានភាពងាយស្រួល ឆ្លើយតប ទៅនឹងការកើនឡើងទំនិញជាកុងតឺន័រ ទំនិញរាយ និងនាវាទេសចរណ៍ និងបង្កើនសមត្ថភាព ប្រកួតប្រជែងក្នុងតំបន់ និងសកលលោក ឱ្យតម្លៃនៃការដឹកជញ្ជូនកាន់តែទាប ។

សូមជម្រាបថា នៅក្នុងឆ្នាំ២០២៤ កន្លងទៅ កំពង់ផែស្វយ័តភ្នំពេញ ទទួលបាននូវបរិមាណកុងតឺន័រ ចំនួនជាង៤៨ម៉ឺនធីអ៊ីយូ (៤៨០ ២០០TEUs) កើនឡើងប្រមាណ ២១% ធៀបនឹងឆ្នាំ២០២៣, បរិមាណទំនិញរាយ ប្រេង-ហ្គាស មានសរុបចំនួនជិត២លានតោន (១ ៩៦៤ ៩១៥ តោន) កើនឡើងប្រមាណ ១៧% ធៀបនឹងឆ្នាំ២០២៣, បរិមាណនាវាមានសរុបចំនួន ៥ ៦០២គ្រឿង កើនប្រមាណ ៥២% ធៀបនឹងឆ្នាំ២០២៣ និងបរិមាណអ្នកដំណើរឆ្លងកាត់មានចំនួនសរុបជាង៣៦.០០០នាក់ (៣៦ ០២៤នាក់) កើនឡើងប្រមាណ ៤៣% ធៀបនឹងឆ្នាំ២០២៣។ ទាំងអស់នេះ បានធ្វើឱ្យ កំពង់ផែស្វយ័តភ្នំពេញ ទទួលបាននូវចំណូលសរុបកើនឡើងចំនួន ២០% បើធៀបនឹងចំណូល ប្រចាំឆ្នាំ២០២៣ ហើយប្រាក់ចំណេញក៏កើនឡើងប្រមាណ ៣៨% ធៀបនឹងផែនការឆ្នាំ២០២៣ ផងដែរ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner