ប្រទេស G7 ប្រាប់ឲ្យឥណ្ឌា-ប៉ាគីស្ថានឈប់ជាបន្ទាន់
បរទេស ៖ ក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើន ទាំង៧ ឬ ប្រទេស G7 កាលពីថ្ងៃសុក្រ បានអំពាវនាវឱ្យមាន «ការបន្ធូរបន្ថយ ជាបន្ទាន់» នៅក្នុងជម្លោះ ឥណ្ឌា-ប៉ាគីស្ថាន។
ក្រុមប្រទេស G7 បានទទូចឲ្យមានការអត់ធ្មត់ ជាអតិបរមា ខណៈដែលប្រទេសជិតខាង ប្រដាប់ដោយអាវុធនុយក្លេអ៊ែរ ទាំងពីរ បានបន្តបង្កើនភាពតានតឹង ឆ្ពោះទៅរកសង្រ្គាម ពេញទំហឹង។
ក្រុមរដ្ឋមន្ត្រីការបរទេស នៃប្រទេសប្រជាធិបតេយ្យ អ្នកមានទាំង៧ បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការកើនឡើងយោធាបន្ថែមទៀត បង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់ស្ថិរភាពក្នុងតំបន់» ដោយបន្ថែមថា ភាគីទាំងពីរគួរតែ «ចូលរួមការសន្ទនាដោយផ្ទាល់ ឆ្ពោះទៅរកលទ្ធផល ដោយសន្តិវិធី»។
គួររម្លឹកថា ភាពតានតឹង រវាងប្រទេសក្បែរខាងទាំងពីរ បានចាប់ផ្តើមផ្ទុះឡើងវិញ កាលពីថ្ងៃទី២២ ខែមេសា នៅតំបន់ចម្រូងចម្រាស់កាស្មៀរ ដោយពេលនោះ មានការវាយប្រហារស្លាប់ជនស៊ីវិល ២៦នាក់ ហើយឥណ្ឌាបានចោទប្រកាន់ថា ជាស្នាដៃរបស់ភេរវករ គាំទ្រដោយប្រទេសប៉ាគីស្ថាន។ ក្រោយមក កាលពីថ្ងៃពុធ ឥណ្ឌាបានវាយប្រហារតាមអាកាស ទៅលើប៉ាគីស្ថាន ស្លាប់និងរបួសមនុស្សរាប់សិបនាក់។ ចុងក្រោយនេះ ប្រទេសដែលមានអាវុធនុយក្លេអ៊ែរទាំងពីរ បានចោទប្រកាន់គ្នា ទៅវិញទៅមក ជុំវិញការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក ជាបន្តបន្ទាប់៕
ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត
