កីឡាករ-កីឡាការិនី ចំបាប់កម្ពុជា ៖ ប្តេជ្ញាប្រឹងប្រែងដណ្តើមមេដាយពីការប្រកួតចំបាប់ជើងឯកអាស៊ីអាគ្នេយ៍
(ភ្នំពេញ)៖ កីឡាករ-កីឡាការិនី ចំបាប់កម្ពុជា បានបញ្ជាក់ពីជំហ និងការតាំងចិត្តជាខ្លាំង ក្នុងការប្តេជ្ញាចិត្តថានឹងប្រឹងប្រែងដណ្តើមមេដាយពីការប្រកួតចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ នៅប្រទេសសិហ្គបុរី ជាមួយនឹងការខិតខំឱ្យអស់ពីលទ្ធភាពដើម្បីយកជ័យជំនះ ។ ការប្តេជ្ញាចិត្តនេះក្នុងឱកាស អត្តពលិកសហព័ន្ធកីឡាចំបាប់កម្ពុជា ចេញដំណើរទៅចូលរួមការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ (Southeast Asian & Invitational Championship) ឆ្នាំ២០២៥ ចាប់ពីថ្ងៃទី១០-១២ ខែឧសភាខាងមុខនេះ នៅប្រទេសសិង្ហបុរី ។
ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ (Southeast Asian & Invitational Championship) ឆ្នាំ២០២៥ កម្ពុជាបានបញ្ជូនកីឡាករ-កីឡាការិនី ១២រូប ដើម្បីចូលរួមព្រឹត្តិការណ៍ថ្នាក់តំបន់នេះ ក្នុងនោះមានកីឡាករ ៩រូប គឺកីឡាករ ហេង វុទ្ធី, ហេង រ័ត្នថា, កែវ សុភ័ក្ត, យុន ប៊ុនណា, ឈឿង ឈាង, លឹម សុខលាង, សឿន សុភាស់, ឈឿង វាសនា និងកីឡាករ ឆាំ ពិស៊ិន) និងកីឡាការិនី ៣រូប មានកីឡាការិនី ជា កញ្ញា, ជឿន ស្រីឡែន និងកីឡាការិនី សម្បតិ្ត វណ្ណៈ ។
សូមបញ្ជាក់ថា ៖ ការចូលរួម ការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ នឹងប្រព្រឹត្តទៅនៅសិង្ហបុរី ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២៥ របស់អត្តពលិកកម្ពុជា ទទួលបានការឧបត្ថម្ភគាំទ្រពីឧបត្ថម្ភគាំទ្រពីលោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងជានាយកវិទ្យាស្ថានខេមអេដ ក្នុងគោលបំណងបញ្ជូនកីឡាករ-កីឡាការិនី ទៅចូលរួមប្រកួតសាកល្បង និងវាស់ស្ទង់ ពង្រឹងសមត្ថភាពឲ្យបានកាន់តែល្អប្រសើរ ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅថៃ នាចុងឆ្នាំ២០២៥នេះ ៕
ដោយ /គ្រី សម្បត្តិ







