សម្ដេចធិបតី ៖ ស្ពានមេគង្គក្រចេះ បានដំឡើងធ្នឹម ដើម្បីភ្ជាប់តួស្ពាន ខណៈការសាងសង់ សម្រេចលទ្ធផល ៩៤,១០%
(ភ្នំពេញ)៖ សម្ដេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងតាមរយៈបណ្ដាញសង្គម នារសៀថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ថា ស្ពានមេគង្គក្រចេះ បានដំឡើងធ្នឹម ដើម្បីភ្ជាប់តួស្ពាន ខណៈការសាងសង់ សម្រេចលទ្ធផល ៩៤,១០% ។

ស្ពានមេគង្គក្រចេះ បានដំឡើងធ្នឹមទាំងអស់ហើយ ដើម្បីភ្ជាប់តួស្ពានទាំងមូល ។ បើគិតត្រឹមដើមខែឧសភា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ សម្រេចលទ្ធផល ៩៤,១០% ខណៈគម្រោងទាំងមូលរួមមាន៖ គម្រោងសាងសង់ស្ពាន ឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះប្រវែង ១៧៦១ម៉ែត្រ, ផ្លូវមេ តភ្ជាប់មានប្រវែងសរុប១៥,៤៩០ គ.ម (ផ្លូវមេតភ្ជាប់ត្រើយខាងកើតប្រវែង ៧,៦៨៤គ.ម និងត្រើយខាងលិចប្រវែង ៧,៨០៦គ.ម) និងផ្លូវខ្នែង មានចំនួន ៤ខ្សែ ប្រវែងសរុប ១៦,២០៨ គ.ម សម្រេចលទ្ធផល ៦៩,៩១%។ បើគ្មានការប្រែប្រួលទេ ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ អាចនឹងបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ បណ្តោះអាសន្ន នៅកំឡុងខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះ ។

សម្ដេចធីបតី បានបន្បតថា ជាការពិតណាស់ ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងជាអាទិភាពគន្លឹះទី២ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយក្នុងកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២ គឺការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាព នៃវិស័យដឹកជញ្ជូន ។

គម្រោងស្ពាន និងផ្លូវតភ្ជាប់នេះ គឺជាគម្រោងយុទ្ធសាស្រ្តមួយដ៏សំខាន់ សម្រាប់ការតភ្ជាប់ទំនាក់ទំនង និងជាក្តីសង្ឃឹម រវាងប្រជាពលរដ្ឋ ដែលរស់នៅត្រើយខាងកើត និងប្រជាពលរដ្ឋដែលរស់នៅត្រើយខាងលិច ទាំងការតភ្ជាប់ តំបន់ដាច់ស្រយាលនៅភូមិភាគឦសាន មកកាន់ទីប្រជំជន។

សម្ដេចធិបតី បន្ថែមថា គម្រោងនេះ គឺជាផ្នែកមួយ នៃផ្លូវជាតិលេខ ៦០B តភ្ជាប់ពីខេត្តក្រចេះ ទៅខេត្តកំពង់ធំ ដែលមានភាពប្រទាក់ក្រឡាគ្នាជាមួយផ្លូវជាតិសំខាន់ៗ ដូចជាត្រើយខាងលិចតភ្ជាប់ផ្លូវជាតិលេខ៦ ត្រង់ផ្លូវបំបែក កំពង់ថ្ម កំពង់ធំ ឆ្ពោះទៅកាន់ខេត្តសៀមរាប និងតភ្ជាប់ តាមរយៈផ្លូវខេត្តលេខ២៧៩ ឆ្ពោះទៅកាន់ខេត្តកំពង់ចាម ចំណែកឯត្រើយខាងកើតវិញនោះ គឺតភ្ជាប់ផ្លូវជាតិលេខ៧ ឆ្ពោះទៅកាន់ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងតភ្ជាប់ជាមួយផ្លូវជាតិលេខ៧៣ ដោយឆ្លងកាត់ស្រុកឆ្លូង ស្រុកតំបែរ ឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ រួចតភ្ជាប់ទៅកាន់ ផ្លូវជាតិលេ៧ ឆ្ពោះទៅកាន់ខេត្តកំពង់ចាម ឬខេត្តព្រៃវែង រួចបន្ត ឆ្ពោះទៅរាជធានីភ្នំពេញ ៕
ដោយ ៖ វណ្ណលុក
