អគ្គស្នងការនគរបាលជាតិ ចាត់ទុកបញ្ជាការដ្ឋានអង្គរក្ស គឺជាកម្លាំងពហុវិស័យ និងចល័តអន្តរាគមន៍ មានប្រសិទ្ធភាពខ្ពស់
(កណ្តាល)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានចាត់ទុកបញ្ជាការដ្ឋានអង្គរក្ស គឺជាកម្លាំងពហុវិស័យ និងជាកម្លាំងចល័តអន្តរាគមន៍ពិសេស យ៉ាងឆាប់រហ័សរបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាននៃ ខ.ភ.ម ជាពិសេស បទបញ្ជារបស់ សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត គឺបានចល័តកម្លាំងអន្តរាគមន៍ ទាន់ពេល និងមានប្រសិទ្ធភាពខ្ពស់បំផុត ។ នាយឧត្តមសេនីយ៍ ស ថេត ថ្លែងដូច្នេះក្នុងឱកាសអញ្ជើញសំណេះសំណាល សួរសុខទុក្ខ នាយទាហាន ពលទាហាន បញ្ជាការដ្ឋានអង្គរក្ស នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ដោយទទួលបានកិច្ច ស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃ ខ.ភ.ម និងជាមេបញ្ជាការអង្គរក្ស និងនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យបណ្ឌិត ណុប រតនា អគ្គមេបញ្ជាការរង ខ.ភ.ម មេបញ្ជាការ បញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការ ។

ឧត្តមសនីយ៍ឯក ណុប រ័ត្ននិមល មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស បានឱ្យដឹងថា បច្ចុប្បន្ន បញ្ជាការដ្ឋានអង្គរក្ស មានកងអន្តរាគមន៍ជំនាញ ៣២អង្គភាពចំណុះ បានផ្ដើមចេញពីកងវរសេនាតូចលេខ២៤៦ អតីតចំណុះយោធាក្រុងភ្នំពេញ ហើយវរសេនាតូចនេះ ត្រូវបានប្រកាសបង្កើតដោយផ្ទាល់ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៩០ នាសម័យរដ្ឋកម្ពុជា ដឹកនាំបញ្ជាដោយ នាយឧត្តមសេនីយ៍ គៀង សាវុធ គណៈបញ្ជាការយោធាក្រុងភ្នំពេញនាសម័យនោះ បន្ទាប់មក បានចាត់បញ្ជូន នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អនុគណៈបញ្ជាការយោធាក្រុងភ្នំពេញ មកគ្រប់គ្រង ជាមេបញ្ជាការ កងវរសេនាតូចលេខ២៤៦ ។

ដោយមើលឃើញពីវីរភាពអង់អាចក្លាហាន និងភាពស្មោះត្រង់ របស់នាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង និងមានការជឿទុកចិត្តខ្ពស់ពីអគ្គសេនាធិការ ពីក្រសួងការពារប្រទេស និងប្រសាសន៍ដ៏ខ្ពង់ខ្ពសរបស់ សម្តេចតេជោ បានបញ្ជាឱ្យនាយឧត្ដមសេនីយ៍ គៀង សាវុធ និងឯកឧត្តម ជា សុផារ៉ា អតីតជា អភិបាលរងក្រុងភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពក្រុងភ្នំពេញនាសម័យនោះ ចាត់បញ្ជូនកម្លាំង ១២រូប ដឹកនាំដោយនាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហឿង, នាយឧត្ដមសេនីយ៍ ហ៊ុយ ពិសិដ្ឋ ដើម្បីមកបម្រើការងារការពារសន្តិសុខផ្ទាល់ ជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ១៩៩២។

បន្ទាប់ពីមានការវិវឌ្ឍរីកចម្រើនធំធាត់ និងសំណូមពរ ភារកិច្ចចាំបាច់ ទើបបានបន្ថែមក្របខណ្ឌឱ្យបង្កើតជា វរៈសេនាតូចលេខ២ អង្គរក្សសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីទី២ និងបានកាត់ផ្ទេរក្របខណ្ឌ មកចំណុះកងពលតូចលេខ៧០ ហើយដោយមើលឃើញ ពីទំហំការងារដ៏សំខាន់ក្នុងភារកិច្ចការងារ ការពារសន្តិសុខ សុវត្ថិភាពជាចំបង ទើបសម្តេចតេជោ បានសម្រេចអនុញ្ញាត ឱ្យបង្កើតទៅជា បញ្ជាការដ្ឋានអង្គរក្ស តាមអនុក្រឹត្យ ចុះនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០០៩ ចំណុះអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ រហូតដល់បច្ចុប្បន្ន ។

ឧត្តមសនីយ៍ឯក ណុប រ័ត្ននិមល បានបន្តថា កន្លងមកនេះ ក្រៅពីការងារការពារសន្តិសុខ សុវត្ថិភាពជូនសម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ បញ្ជាការដ្ឋានអង្គរក្ស បានប្រើប្រាស់កម្លាំង ធ្វើជាសេនាធិការ ជូនកាកបាទក្រហមកម្ពុជា ក្រសួងកសិកម្ម និងក្រសួងធនធានទឹក ចូលរួមការងារជួយសង្គ្រោះ ប្រជាពលរដ្ឋក្នុងការជីក-ស្តារប្រឡាយ ដកស្ទូង សង្គ្រោះគ្រោះរាំងស្ងួត គ្រោះទឹកជំនន់ គ្រោះអគ្គិភ័យ និងគ្រោះមហន្តរាយផ្សេងៗជាច្រើនទៀត ។
ទន្ទឹមនេះ បញ្ជាការដ្ឋាអង្គរក្ស បញ្ជាក់ពីជំហរយ៉ាងរឹងមាំ ចំពោះកិច្ចសហប្រតិបត្តិការដ៏សំខាន់មិនអាចខ្វះបាន ជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ នាយកដ្ឋានអង្គរក្ស ស្នងការនគរបាលទូទាំង ២៥រាជធានី-ខេត្ត ដើម្បីធានាការពារសន្តិសុខ សុវត្ថិភាពជូនសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឱ្យទទួលបានជោគជ័យជានិច្ចនិរន្ត ។
ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ស ថេត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនាយទាហាន ពលទាហាន ក្នុងបញ្ជាការដ្ឋានអង្គរក្ស ដែលបានខិតខំពុះពារ គ្រប់ឧបសគ្គ នៅក្នុងការបំពេញតួនាទីភារកិច្ចជាច្រើនឆ្នាំ កន្លងមកនេះ ដោយទទួលបានលទ្ធផលគួជាទីមោទនៈ។
ជាមួយគ្នានេះ ឯកឧត្តម ស ថេត បានរំលេចអំពីជោគជ័យធំៗ របស់រាជរដ្ឋាភិបាល នាពេលកន្លងមក ក្នុងនោះ ដោយមានការចូលរួមចំណែក ពីបញ្ជាការដ្ឋានអង្គរក្ស ដូចជា ជោគជ័យរៀបចំធានាសុវត្ថិភាពពិធីបួងសួង ថ្វាយជូនព្រះមហាក្សត្រ ថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាល ក្នុងពិធីអង្គរសង្គ្រានឆ្នាំថ្មី ពិសេស នៅក្នុងកិច្ចសហការ ធានាសន្តិសុខ សុវត្ថិភាពជូនប្រធានាធិបតីចិន ស៊ី ជិនពីង ក្នុងដំណើរទស្សនកិច្ចជាផ្លូវរដ្ឋនៅកម្ពុជា នាថ្ងៃទី១៧ និងទី១៨ ខែមេសា ឆ្នាំ២០២៥ កន្លងមកនេះ ៕
ដោយ ៖ វណ្ណលុក
