កងពលតូចអន្តរាគមន៍លេខ ១២៨ បិទវគ្គហ្វឹកហ្វឺនជំនាញក្បាច់គុន កងយោធពលខេមរភូមិន្ទ ដើម្បីពង្រឹងសមត្ថភាពការពារជាតិ
(ខេត្តស្ទឹងត្រែង)៖ មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ នៃយោធភូមិភាគទី១ លោកឧត្តមសេនីយ៍ទោ មៀច សាមុត នារសៀលថ្ងៃទី៩ឧសភា២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញក្បាច់គុន កងយោធពលខេមរភូមិន្ទ ក្រោយពីបានបញ្ចប់វគ្គបណ្តុះបណ្តាលដល់យោធិន ៨៥នាក់ រយៈពេល ៤៥ថ្ងៃនោះមក។ វគ្គហ្វឹកហ្វឺននោះធ្វើឡើង ដើម្បីបម្រើឲ្យការងារប្រយុទ្ធ ស្របតាមលក្ខណៈបច្ចេកទេស និងជាការធានាបាននូវប្រសិទ្ធភាពករងារក្នុងកងយោធពលខេមរភូមិន្ទ។
នាយការិយាល័យហ្វឹកហ្វឺន នៃកងពលតូចអន្តរាគមន៍លេខ១២៨ លោកអនុសេនីយ៍ទោ គឹម ម៉ាលីដែន បានឡើងអានរបាយការណ៍ ស្តីពីលទ្ធផលបូកសរុបក្នុងវគ្គហ្វឹកហ្វឺន ដោយបានបង្ហាញពីសិក្ខាកាមមានវត្តមានចំនួន ៨៥នាក់ ដោយក្នុងនោះ សិក្ខាកាមដែលជាប់និទេ្ទសល្អ មានចំនួន ២៧នាក់ ស្មើ ៣១.៧៦ភាគរយ ,និទ្ទេសល្អបង្គួរ ៤៣នាក់ ស្មើ ៥០.៥៨ភាគរយ ទ្ទេសមធ្យម ១៣នាក់ ស្មើ ១៥.២៨ភាគរយ និងសិក្ខាកាមនិទ្ទេសខ្សោយ មានចំនួន ០២នាក់ ស្មើ ២.៣៥ភាគរយ ។
លោកបានបញ្ជាក់ថា វគ្គហ្វឹកហ្វឺននេះធ្វើឡើងមានរយរយៈពេល ៤៥ថ្ងៃ សិក្សាខ្លឹមសារមេរៀន លើមុខជំនាញក្បាច់គុន នៃកងយោធពលខេមរភូមិន្ទ ,អប់រំចិត្តសាស្ត្រ វិន័យ និងយោធារួម ។
នាឱកាសនោះ មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ លោកឧត្តមសេនីយ៍ទោ មៀច សាមុត បានថ្លែងថា ការបើកវគ្គ និងបិទបញ្ចប់វគ្គហ្វឹកហ្វឺននាពេលនេះ ពិតជាមានសារៈសំខាន់ សម្រាប់ការកសាងធនធានមនុស្ស ពង្រឹងសមត្ថភាព គុណភាព ការទទួលខុសត្រូវ និងសក្តានុពលខឿនការពារជាតិ និងជាការចូលរួមថែរក្សា អភិរក្សក្បាច់គុនបុរាណខ្មែរយើង ព្រមទាំងបង្កើនប្រសិទ្ធភាព ទាំងកាយសមប្បទាមាំមួន និងចំណេះដឹង ចំណេះធ្វើពិតប្រាកដ ដើម្បីបម្រើឲ្យការងារប្រយុទ្ធ ស្របទៅតាមលក្ខណៈបច្ចេកទេស ធានាបាននូវប្រសិទ្ធភាព និងសមត្ថភាពខ្ពស់ក្នុងការបំពេញភារកិច្ច ចូលរួមចំណែកលើភារកិច្ចការពារ អធិបតេយ្យជាតិ ការពារបូរណភាពទឹកដី ជាតិ មាតុភូមិ នៃយើង ចូលរួមអនុវត្ត កម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ។
លោកឧត្តមសេនីយ៍ទោ មៀច សាមុត បានផ្ដាំផ្ញើ ដល់សិក្ខាកាមដែលទើបបញ្ចប់វគ្គហ្វឹកហ្វឺនទាំងអស់ ឱ្យចងចាំថា កត្តាចាំបាច់ដែលធ្វើឲ្យជោគជ័យ នៃការបណ្តុះបណ្តាលធនធានមនុស្សរបស់ កងយោធពលខេមរភូមិន្ទ បានល្អនិងជោគជ័យ គឺ អ្នកចេះច្រើនបង្រៀន អ្នកចេះតិច ,អ្នកចេះតិចបង្រៀន អ្នកមិនចេះសោះ ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង ,ត្រូវមានគោលការណ៍ និងចក្ខុវិស័យច្បាស់លាស់ ។
ស្របពេលជាមួយគ្នានោះ តំណាងសិក្ខាកាមទាំង ៨៥នាក់ បានឡើងសច្ចាប្រណិធានថា នឹងខិតខំយកចំណេះដឹង ចំណេះធ្វើ ជំនាញ ដែលបានសិក្សារៀរៀនសូត្រ ហ្វឹកហាត់កន្លងមក ទៅប្រើប្រាស់ឱ្យចំគោលដៅ ក្នុងកាតព្វកិច្ចជាកងទ័ពអាជីព នៃកងយោធពលខេមរភូមិន្ទ ត្រូវស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ៕
ដោយ ៖ ឡុង សំបូរ







