សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមរំលែកមរណទុក្ខគ្រួសារស្លាប់កូនបីនាក់ និងគ្រួសាររងគ្រោះដោយអគ្គិភ័យនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ

(ព្រះសីហនុ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ បានចាត់លោកវេជ្ជបណ្ឌិត អ៊ុយ សំអុន នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារដែលស្លាប់កូនបីនាក់ និងសួរសុខទុក្ខគ្រួសាររងគ្រោះពីរគ្រួសារទៀត ក្នុងគ្រោះឧបទ្ទវហេតុអគ្គិភ័យបណ្តាលមកពីឆេះរាលដាលចេញពីរថយន្តដឹកប្រេងសាំង កាលពីវេលាយប់ម៉ោង ១១:៤៥ នាទី ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ នៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ លោកវេជ្ជបណ្ឌិត អ៊ុយ សំអុន បានមានប្រសាសន៍ថា ៖ ការមកចូលរួមរំលែកមរណទុក្ខនៅពេលនេះគឺធ្វើឡើងបន្ទាប់ពីទទួលបានព័ត៌មានដ៏រន្ធត់ និងសោកសង្រេងនេះភ្លាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់រូបលោកមកចូលរួមផ្ទាល់ ដោយនាំយកថវិកាចំនួន ១៥លានរៀល (សពនីមួយៗចំនួន ៥លានរៀល) និងគ្រឿងឧបភោគបរិភោគមួយចំនួន ព្រមជាមួយនូវប្រសាសន៍ផ្តាំផ្ញើរំលែកទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយជាទីបំផុតជាមួយក្រុមគ្រួសារសពដែលបានបាត់បង់កូនជាទីស្រលាញ់ចំនួន៣នាក់ ព្រមទាំងទ្រព្យសម្បត្តិ លំនៅដ្ឋានបាត់បង់ទាំងស្រុងដោយគ្រោះអគ្គិភ័យនេះ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធសពទាំងបី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ទន្ទឹមនឹងនេះជូនពរ ម្តាយបង្កើតសពកូនទាំងបីអ្នកស្រី បាត ស្រីមុំ បានជាសះស្បើយពីរបួសឆាប់ៗ ក្នុងស្ថានភាពនេះដែរក៏សូមថែទាំសុខភាពឱ្យបានល្អ និងកម្លាំងពង្រឹងស្មារតី បន្តប្រកបរបរចិញ្ចឹមជីវិត ដើម្បីស្តារជីវភាពគ្រួសារឡើងវិញព្រោះនៅមានកូនៗបីនាក់ទៀតដែលត្រូវមើលថែបន្តទៀត។

គ្រួសាររងគ្រោះពីរគ្រួសារទៀត ទទួលបាន ៖ អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ឃីត១ឈុត(សារុ១ មុង១ ក្រមា១ និងភួយ១) និងថវិកា២០ម៉ឺនរៀល។

ឆ្លៀតក្នុងឱកាសនោះលោកវេជ្ជ.អ៊ុយ សំអុន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះអគ្គិភ័យដោយរៀបចំទុកដាក់និងរៀបចំរបស់របរដែលងាយនិងឆាបឆេះឱ្យបានត្រឹមត្រូវ និងរៀបចំបណ្តាញខ្សែភ្លើងឱ្យត្រូវបានបច្ចេកទេស ហើយមុនចាកចេញដំណើរទៅណាមកណា ត្រូវពិនិត្យមើលភ្លើងទៀន ធូប ចង្ក្រានជាដើម។

ជាមួយគ្នានេះ ម្តាយឪពុកដែលស្លាប់កូនបីនាក់ក្រៅពីគោរពថ្លែងអំណរគុណ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានចាត់មន្ត្រីមកចូលរួមរំលែកមរណទុក្ខក្នុងខណៈកំពុងរងទុក្ខដ៏សោកសៅ ព្រមជាមួយថវិកា១៥ លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ក៏បានគោរពជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមមានសុខភាពល្អបរិបូណ៌ កម្លាំងពលំមាំមួន និងជន្មាយុយឺនយូរ ដើម្បីបន្តផ្តល់ក្តីសង្ឃឹម និងភាពកក់ក្តៅដល់ប្រជាជនកម្ពុជាជារៀងរហូតតទៅ។

សូមបញ្ជាក់ ៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងអនុសាខាស្រុកព្រៃនប់ បានចុះសួរសុខទុក្ខ និងនាំយកអំណោយឆ្លើយបតបន្ទាន់ជូនគ្រួសាររងគ្រោះម្តងរួចហើយ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner