ស្ពានឆ្លងកាត់ទន្លេបាសាក់ សម្រេចបានជាង៣៣ភាគរយ

ភ្នំពេញ៖គិតត្រឹមដើមខែឧសភា ឆ្នាំ២០២៥នេះ គម្រោងសាងសង់ស្ពានឆ្លង​កាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) រាជធានីភ្នំពេញសម្រេច​បាន​ប្រមាណ ៣៣,៥០ ភាគរយ។នេះបើយោងតាមការបញ្ជាក់របស់​ក្រសួង​សាធារណការ និងដឹកជញ្ជូននៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ។

ប្រភពដដែលបញ្ជាក់ថា បច្ចុប្បន្នការងារសាងសង់ស្ពានផ្នែកខាងកើត សម្រេច​បាន៖ ១.ផ្នែកគ្រឹះស្ពាន​សម្រេចបាន​ប្រមាណ ៥៥ភាគរយ ក្នុងនោះបាន​ចាក់បេតុងសសរគ្រឹះចំនួន ១០៧ដើម (ក្នុងចំណោម ១៥៦ដើម) សាងសង់​ជើង​តាងបាន ៦ជើងតាង (ក្នុងចំណោម ២០ជើងតាង) និងធ្នឹមភ្ជាប់ក្រោមបានចំនួន ៨ធ្នឹម (ក្នុងចំណោម ១២ធ្នឹម)។ ២.រចនាសម្ព័ន្ធក្រោមស្ពានសម្រេច​បាន​៣១,៥ភាគរយ រួមមានសាងសង់តួសរសរស្ពានបាន ៦តួសរសរ (ក្នុងចំណោម ១២តួសរសរ) សាងសង់សរសេរស្ពានបាន ១៦សរសរស្ពាន (ក្នុងចំណោម ៥២សរសេរស្ពាន) និងសាងសង់ធ្នឹម​ភ្ជាប់ក្បាលសរសរទទឹងស្ពានបាន ១០ធ្នឹម (ក្នុងចំណោម ៣៤ធ្នឹម) ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។

ប្រភពដដែលបន្តថា រយៈពេល​សាងសង់គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្រេចបាន ១៣ខែហើយ ស្មើនឹង ៣១ភាគរយ នៃផែនការសាងសង់ ៤២ខែ ដោយមិនមានការយឺតយ៉ាវជាងកម្មវិធីការងារដែលគ្រោងទុកទេ ។

គួររំលឹកថា ស្ពានឆ្លងកាត់ទន្លេបាសាក់បានបើកការដ្ឋានសាងសង់នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន​ប្រចាំកម្ពុជា៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner