ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហរដ្ឋអាម៉េរិកឆ្លើយតបចំពោះការចោទប្រកាន់របស់ក្រុមប្រឆាំង

ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហរដ្ឋអាម៉េរិក បាន​ច្រាន​ចោលចំពោះការចោទប្រកាន់មួលបង្កាច់គ្មានការពិត​ពីសំណាក់​ក្រុមប្រឆាំងថា មិនទទួលយកញតិ្តរបស់ក្រុមបាតុករដែលបានមកធ្វើបាតុកម្មមុខស្ថានទូតកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ កន្លងមកនេះ។

ឯកឧត្តម កុយ គួង ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំសហរដ្ឋ​អាម៉េរិក​បានមានប្រសាសន៍ថ្លែងប្រាប់ AMS នៅយប់ថ្ងៃទី១១ ខែឧសភានេះថា ក្រុមដែលធ្វើបាតុ​កម្ម នៅមុខស្ថានទូតកម្ពុជានៅសហរដ្ឋអាម៉េរិកាលពីថ្ងៃទី១០ ខែឧសភា កន្លងមកនេះ គឺទី១. ក្រុមបាតុ​ករ​ដែលមកដល់ស្ថានទូតមានគ្នាមិនដល់១០០នាក់នោះទេ ប្រហែលជា ៧០ ទៅ៨០នាក់ ហើយក្នុង​នោះមានមួយចំនួន​កាន់​ទង់​ជ័យអាម៉េរិក មួយចំនួនកាន់ទ័ង់ជ័យខ្មែរ និងមួយចំនួនកាន់ទង់ជ័យម៉ុងតាញ៉ា។ ពួកគេកៀរ​គរម៉ុងតាញ៉ាប៉ុន្មាននាក់មកចូលរួមបន្លំជាពលរដ្ឋខ្មែរធ្វើជាបាតុកម្មឱ្យឃើញគ្នាច្រើន។ ឯកឧត្តមបន្តថាទី២. សួរគ្នាគាត់​ទៅមើលតើអ្នកណាកាន់ញតិ្តយកមក? គឺអត់មានទេ អត់មានទាល់តែសោះ ។ ទី៣. ឃើញហ្វេសប៊ុកមួយចំនួនចុះថា ខ្ញុំរត់គេចអត់ទទួលយកញតិ្ត ហើយមានរូបថតខ្ញុំបើកទ្វារចូលស្ថានទូត។ ថ្ងៃនោះ គឺក្រុមបាតុករម៉ោង១ បានមក​ដល់ តែខ្ញុំដើរចេញ​ចូលស្ថានទូតធម្មតា។ ខ្ញុំធ្វើការទាំងថ្ងៃសុក្រ ថ្ងៃសៅរ៍ ការងារចាំបាច់ត្រូវធ្វើ។ ខ្ញុំដើរចូល​ស្ថានទូត​ធម្មតា ខ្ញុំ​អត់ទាំងដឹងខ្លួនផង ហើយមានក្រុមបាតុករម្នាក់ ពីរនាក់ បានមកមុខស្ថានទូតមុន ហើយខ្ញុំបានដើរធម្មតា​ចូលស្ថានទូត នៅពេលរកបើកទ្វារចូលគាត់ស្រែក ខ្ញុំ​ក៏ងាករកមើល គេក៏យកកាម៉ារ៉ាមកថត ខ្ញុំក៏បន្តបើកទ្វារចូលទៅ​ក្នុងស្ថានទូតពីព្រោះ​ជាធម្មតាត្រូវមានការកោះប្រជុំ និងមានការងារបន្ទាន់ៗ ជាពិសេសការងារត្រៀមលក្ខណៈទទួលគណៈប្រតិភូ​កម្ពុជា​អញ្ជើញ​មក។ ខ្ញុំធ្វើការធម្មតាអត់មានរត់គេច​អីទេ។ ខ្ញុំចេញចូលក្នុងបិវេណក្នុងរបងស្ថានទូតរឿងអី​ទៅភ័យខ្លាចរត់ខ្លាច​ពីណាគេ។ ក្រុមបាតុករមកលបលួចថតគេដោយគេមិនដឹងខ្លួនផងហ្នឹង ហើយចុះតែផ្សាយផ្តេសផ្តាស។ ឯកឧត្តមបន្តថា ខ្ញុំគិតថា រស់នៅនៅក្នុងប្រទេសដែលមានអរិយធម៌ខ្ពង់ខ្ពស់ជឿនលឿនគួរធ្វើឥរិយាបថខ្លួនឯងឱ្យជឿនលឿនតាមគេផង កុំនៅរក្សា​របៀបមិនថ្លៃថ្នូរបែបនេះ។

ឆ្លើយនឹងការលើកឡើង” កុយ គួង ខ្លាចមិនហ៊ានដោះស្រាយ មិនហ៊ានប្រឈម” ត្រូវបានឯក​ឧត្តម កុយ គួង អះអាងថា បើខ្ញុំខ្លាចចាំបាច់​មក​បំពេញការងារការទូតជាឯកអគ្គរាជទូតប្រចាំសហរដ្ឋអាម៉េរិកធ្វើអី? ពីព្រោះខ្ញុំដឹងថា ពលរដ្ឋខ្មែរ​នៅអាម៉េរិកកន្លះលាននាក់ (ទី១)។ ទី២.ខ្ញុំមកដល់នេះ ទើបតែរយៈពេលបានតែ ២ខែទេ ប៉ុន្តែពេលដែលខ្ញុំ​មកដល់ភ្លាម​មានកម្មវិធីបុណ្យចូល​ឆ្នាំប្រពៃណីខ្មែរជាច្រើនកន្លែងដែលមានប្រជាជនចូលរួមរាប់ពាន់នាក់ ហើយមានការអញ្ជើញ​ខ្ញុំចូល​រួម។ ខ្ញុំចូលរួមគ្រប់​កន្លែង និងបានឡើងមានមតិនៅក្នុងចំណោមមហាជន និងបានចែកនាមបណ្ណលេខទូរសព្ទខ្ញុំឱ្យ​ពលរដ្ឋ​ទូទៅទាំងអស់ មានការអីទូរស័ព្ទមកខ្ញុំ។ អ៊ីចឹងបើសិនជាខ្ញុំខ្លាច ហេតុអីខ្ញុំចូលទៅកម្មវិធីនឹងធ្វើអី? ហើយបើខ្ញុំ​ខ្លាចចាំបាច់ខ្ញុំ​ឲ្យ​លេខទូរស័ព្ទខ្ញុំទៅឱ្យពលរដ្ឋខ្មែរធ្វើអី?។

ឯកឧត្តមឯកអគ្គរាជទូតបានបន្តថា ” ជាទម្លាប់ខ្ញុំទោះ​ជាធ្វើ​ទូត​​នៅប្រទេស​ណាខ្ញុំតែងតែបង្ហាញ​លេខទំនាក់ទំនង​ផ្ទាល់​របស់ខ្ញុំ តាំងពីខ្ញុំ​នៅអូស្ត្រាលីធ្វើឲ្យប្រជាពលរដ្ឋខ្មែរនៅ​អូស្ត្រាលី​ទាក់ទងមក​ខ្ញុំជាសេរី ។ខ្ញុំទៅដល់ប្រទេសឥណ្ឌា ក៏អ៊ីចឹង។ ឥឡូវ​មកដល់​សហ​រដ្ឋអាម៉េរិកក៏ខ្ញុំអត់មានញញើត​ញញើមនឹងផ្តល់​លេខទូរសព្ទ ហើយមួយ​ថ្ងៃៗ​​​ប្រជា​ពល​រដ្ឋទូរសព្ទមក​ខ្ញុំដើម្បីសួរនាំអំពីកិច្ច​ការ​សេវាកុងស៊ុល ក៏ដូច​ជាបញ្ហាផ្សេងៗដែលគាត់មានភាពមិនយល់ច្បាស់ ឬក៏ងឿង​ឆ្ងល់ ឬក៏ចង់​ដឹងថាស្ថានទូតយើង​បានជួយអីដល់គាត់ខ្លួន។ខ្ញុំព្យាយាមទទួលទូរសព្ទមួយ​ថ្ងៃពីរ​បីទៅប្រាំនាក់។ ខ្ញុំរីករាយ​នឹង​ពេញចិត្តបម្រើប្រជា​ពល​រដ្ឋ​ដោយឥតគ្មាន​ការរើសអើងអី្វទាំងអស់ទេ”។

ឯកឧត្តមបានបញ្ជាក់ទៀតថា ទោះជាគាត់ (ក្រុមប្រឆាំង) និយាយបំផ្លើសថា ខ្ញុំសុទ្ធតែទូតបម្រើបក្សមិនបម្រើជាតិ ទោះបីជាគាត់និយាយយ៉ាងណាក៏ដោយ ប៉ុន្តែឧត្តមគតិ​និង​ការ​ផ្តាំផ្ញើរបស់ថ្នាក់ដឹកនាំគ្រប់រូបមានសម្តេចបវរធិបតី ក៏ដូចជា​សម្តេចតេជោ ក៏ដូចជាឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស ដែលតែងតែផ្តាំផ្ញើឱ្យមើលជួយ​យកចិត្តទុកដាក់បម្រើដល់​ប្រជាពលរដ្ឋនៅសហរដ្ឋអាម៉េរិក ក៏ដូចជាទូតផ្សេងទៀតបម្រើប្រជាពលរដ្ឋយើង​នៅក្រៅ​ប្រទេស គឺនៅរក្សាដដែលឧត្តមគតិ និងការប្តេជ្ញា​ចិត្ត​បម្រើ​ប្រជាពលរដ្ឋនៅដដែល ទោះបីជាមាន​ប្រជាពលរដ្ឋមួយ​ចំនួនតូចដែល​នៅតែមានៈប្រឹងនិយាយមួលបង្កាច់បង្ខូចយ៉ាងណាក៏ដោយ គឺអត់ឱ្យរូបខ្ញុំជាអគ្គរដ្ឋទូតនេះ​បាក់ទឹក​​ចិត្ត​ប្តូរឥរិយាបថទេ គឺអត់ទេ! នៅដដែល៕
ដោយ៖ពលជ័យ

ads banner