រុស្ស៊ីថាបើចង់មានបទឈប់បាញ់ ត្រូវឈប់ឲ្យអាវុធទៅអ៊ុយក្រែន

បរទេស៖ វិមានក្រឹមឡាំងបាននិយាយថា ដើម្បីឲ្យមានបទឈប់បាញ់ រាល់ការផ្គត់ផ្គង់អាវុធពីសំណាក់បណ្តាសម្ព័ន្ធមិត្តឲ្យទៅប្រទេសអ៊ុយក្រែន ត្រូវតែបញ្ឈប់ នេះបើតាមអ្នកនាំពាក្យ វិមានក្រឹមឡាំង។

នៅក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍អាមេរិក ABC អ្នកនាំពាក្យ វិមានក្រឹមឡាំង លោក Dmitry Peskov បានលើកឡើងថា ការប្រគល់អាវុធ ពីសម្ព័ន្ធមិត្ត របស់អ៊ុយក្រែន ត្រូវបញ្ឈប់ ដើម្បីបង្កើតឲ្យមានបទឈប់បាញ់។ លោក Peskov ក៏បន្ថែមថា រុស្ស៊ីនឹងមិនព្រមឲ្យ មានកងកម្លាំងសន្តិសុខអឺរ៉ុប និងកងរក្សាសន្តិភាពនៅខាងក្នុង ប្រទេស អ៊ុយក្រែនឡើយ។

លោក Dmitry Peskov បាននិយាយទៀតថា «បើមិនដូច្នេះទេ វានឹងក្លាយ ជាអត្ថប្រយោជន៍មួយ សម្រាប់អ៊ុយក្រែន ហើយអ៊ុយក្រែននឹងបន្តការចល័តទ័ពសរុប របស់ពួកគេ ដោយនាំយកកងទ័ពថ្មី ទៅកាន់ជួរមុខ…បន្ទាប់មក អ៊ុយក្រែននឹងប្រើ រយៈពេលនេះ ដើម្បីបណ្តុះបណ្តាលយោធាថ្មី ដូច្នេះ ហេតុអ្វីបានជាយើង គួរផ្តល់អត្ថប្រយោជន៍បែបនេះ ដល់អ៊ុយក្រែន?»។

ការលើកឡើងនេះ បានធ្វើឡើង ស្របពេលដែលភាគីអឺរ៉ុបនិងអាមេរិក បានស្នើឲ្យមានបទឈប់បាញ់ ៣០ថ្ងៃ ដោយគ្មានលក្ខខណ្ឌ។ រុស្ស៊ីមិនទាន់ឆ្លើយយល់ព្រម ប៉ុន្តែ ប្រធានាធិបតី ពូទីន បានស្នើឲ្យមានការជួបគ្នាផ្ទាល់ រវាងរុស្ស៊ី និងអ៊ុយក្រែន នៅប្រទេសតួកគី នាថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ។

មេដឹកនាំអឺរ៉ុប បានទៅដល់ទីក្រុងកៀវ កាលពីចុងសប្តាហ៍ ដោយគំរាមថា នឹងដាក់ទណ្ឌកម្មថ្មីៗ លើរុស្ស៊ី ហើយថា នឹងផ្តល់ជំនួយយោធា ដល់អ៊ុយក្រែន បន្ថែមទៀត បើមិនព្រមឈប់បាញ់ ៣០ថ្ងៃ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner