ឯកឧត្តម នួន ផារ័ត្ន ជំរុញលើកស្ទួយការផ្ដល់សេវាសុខភាព និងការពារជំងឺទឹកនោមផ្អែមនៅកំពង់ធំ
(កំពង់ធំ )៖ នៅរសៀលថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៥ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់-ទទួលឱសថព្យាបាលជំងឺទឹកនោមផ្អែម ចំនួន ២,៥០០ប្រអប់ សម្រាប់ចែកជូនមន្ទីរពេទ្យបង្អែកចំនួន ៣ ក្នុងខេត្តកំពង់ធំ រួមមាន៖ មន្ទីរពេទ្យខេត្តកំពង់ធំ មន្ទីរពេទ្យបង្អែកស្ទោង និងមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក។ ពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តកំពង់ធំ។
ឯកឧត្តម នួន ផារ័ត្ន បានបញ្ជាក់យ៉ាងច្បាស់ថា ដើម្បីការពារ និងកាត់បន្ថយអត្រាឆ្លងជំងឺទឹកនោមផ្អែម គ្រប់ស្ថាប័នពាក់ព័ន្ធត្រូវសហការជាបន្តបន្ទាប់។
ឯកឧត្តមបានដាក់ចំណុចសំខាន់ៗរួមមាន ៖ ការសហការជាមួយសាលារៀន ដើម្បីត្រួតពិនិត្យ និងហាមឃាត់ការលក់ភេសជ្ជៈផ្អែមដែលអាចប៉ះពាល់ដល់សុខភាពកុមារ។ ការពង្រឹងគុណភាពនៃការបណ្តុះបណ្តាលបុគ្គលិកសុខាភិបាល ការលើកកម្ពស់សមត្ថភាពជំនាញវិជ្ជាជីវៈការលើកកម្ពស់កិច្ចសហការរវាងក្រសួង និងស្ថាប័នពាក់ព័ន្ធការត្រួតពិនិត្យ និងបង្កើនសុវត្ថិភាពនៃសេវាសុខភាពទាំងសាធារណៈ និងឯកជនបន្ថែមទៀត អភិបាលខេត្តបានផ្តាំផ្ញើដល់គ្រូពេទ្យឱ្យយកចិត្តទុកដាក់ជាក់ស្ដែងលើការតាមដានស្តុកឱសថ ការគ្រប់គ្រងគុណភាព និងការបែងចែកឱសថឱ្យបានសមរម្យ និងសុវត្ថិភាព ស្របតាមគោលការណ៍ព្យាបាលជាក់លាក់។
សូមបញ្ជាក់ថា ឱសថទាំងនេះ ជាអំណោយរបស់ ឯកឧត្តម សាស្រ្តាចារ្យ ស៊ុ សត្ថា ប្រធានសមាគមបច្ចេកវិទ្យាទឹកនោមផ្អែម និងក្រពេញកម្ពុជា ដែលរួមមាន៖ ថ្នាំ Glimepiride 3mg ចំនួន 1,000 ប្រអប់ ,ថ្នាំ Glimepiride 2/500mg ចំនួន 1,500 ប្រអប់ ៕
ដោយ ៖ ប៊ុន រដ្ឋា


