អភិបាលខេត្តកំពតលើកទឹកចិត្តអាជីវករលក់ដូរចល័តតាមម៉ូតូ ឱ្យរៀបចំតាម​រចនាបថខ្មែរដើម្បីទាក់ទាញទេសចរ

កំពត៖ជាខេត្តទេសចរណ៍ដែលមានសក្តានុពលចម្រុះ ខណៈដែលអាជីវករ​មួយចំនួនបានជ្រើសរើស​យកការលក់ដូរ​ចល័ត​តាមម៉ូតូសណ្ដោង ឬតាម​មធ្យោបាយចល័តនានា ឯកឧត្តមអភិបាលខេត្តកំពតបានលើកទឹកចិត្ត​ដល់​អាជីវករ​ទាំងនេះឱ្យ​កែច្នៃ​មធ្យោបាយរបស់ខ្លួន ឱ្យមានលក្ខណៈជា​រចនាបថ​ខ្មែរ​ដែលបង្ហាញពីវប្បធម៌ ប្រពៃណីផង​ ហើយក៏មានសោភណភាព​ទាក់​ទាញទេសចរ​ផងដែរ ។

ក្នុងជំនួបជាមួយអាជីវករលក់ដូរចល័តតាមម៉ូតកាលពីចុងសប្ដាហ៍នេះឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានថ្លែង​សរសើរបងប្អូនអាជីវករដែលប្រកប​របរលក់ដូរចល័តតាមម៉ូតូចំនួន ១៦រទេះ ដែលបានរៀបចំកែលម្អរទេះ​របស់​ខ្លួនឱ្យមាន​រចនាបថខ្មែរ តាមការណែនាំរបស់រដ្ឋបាលខេត្ត ក៏ដូចជារដ្ឋបាលក្រុង។តាមរយៈសកម្មភាពនេះឯកឧត្តមក៏​បាន​អំពាវនាវ​ដល់បងប្អូនអាជីវករដទៃទៀត​ធ្វើការច្នៃប្រឌិត ដូចគ្នានេះដែរ។

ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា សម្តេចបានជំរុញឱ្យខេត្ត​ដែលមាន​សក្តានុពលលើវិស័យទេសចរណ៍ ត្រូវខិតខំកែច្នៃ និងអភិវឌ្ឍន៍ដោយធ្វើ​យ៉ាង​ណាឱ្យមានភាពទាក់ទាញភ្ញៀវទេសចរ ក្នុងន័យលើកកម្ពស់ជីវភាពរស់នៅ​របស់ពលរដ្ឋក្នុងតំបន់។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា វិស័យទេសចរណ៍នៅខេត្តកំពតត្រូវបាន​អភិវឌ្ឍន៍ និងកែលម្អជាបន្តបន្ទាប់។ ទន្ទឹមនឹង​ការ​អភិវឌ្ឍលើ​វិស័យ​ទេសចរណ៍​នេះ រដ្ឋបាលខេត្តក៏មិនភ្លេចគិតគូរអំពីការប្រកបរបររកស៊ីរបស់ពលរដ្ឋ ដែល​ប្រើប្រាស់មធ្យោបាយលក់ដូរចល័តតាមម៉ូតូ ដោយកន្លងមករដ្ឋបាលខេត្តបាន​រៀបចំ និងកែលម្អទីតាំងជាច្រើន​កន្លែង​ក្នុងក្រុងកំពត ដើម្បីផ្តល់ទីតាំងសម្រាប់​ការលក់ដូរជូនទៀតផង៕


ដោយ៖ សិលា សារិន

ads banner