ឥណ្ឌាថាបានសម្លាប់ភេរវករ ជាង១០០នាក់
បរទេស ៖ កងទ័ពឥណ្ឌាបានអះអាងថា ភេរវករជាង១០០នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ មុនពេលមានបទឈប់បាញ់ ជាមួយប៉ាគីស្ថាន។
កងទ័ពឥណ្ឌាបានអះអាង ក្នុងអំឡុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃអាទិត្យថា ក្រៅពីសម្លាប់ក្រុមនេះ ឥណ្ឌាក៏បានវាយប្រហារ ចំគោលដៅ ដ៏មានសក្តានុពលទៀតផង។
ការលើកឡើងនេះ កើតឡើង នៅមួយថ្ងៃ បន្ទាប់ពីភាគីទាំងពីរ បានឈានដល់កិច្ចព្រមព្រៀង បទឈប់បាញ់ ភ្លាមៗ។
បទឈប់បាញ់ បានកើតមាន កាលពីចុងសប្តាហ៍ ប៉ុន្តែ ប៉ុន្មានម៉ោងក្រោយមក គូប្រជែង ប្រដាប់អាវុធនុយក្លេអ៊ែរ ដូចគ្នា ទាំងពីរ បានចោទប្រកាន់គ្នា ទៅវិញទៅមកថា បានរំលោភបទឈប់បាញ់។
បទឈប់បាញ់ ត្រូវបានព្រមព្រៀងគ្នា បន្ទាប់ពីការវាយប្រហារ ដោយមីស៊ីល យន្តហោះគ្មានមនុស្សបើក និងកាំភ្លើងធំ ដាក់គ្នា រយៈពេល ៤ថ្ងៃ ដែលបានសម្លាប់មនុស្ស យ៉ាងហោចណាស់ ៦០នាក់ ហើយ មនុស្សរាប់ពាន់នាក់ ភៀសខ្លួន។ នេះគឺជាអំពើហិង្សាដ៏អាក្រក់បំផុត ចាប់តាំងពីជម្លោះបើកចំហចុងក្រោយ របស់ប្រទេសឥណ្ឌា និងប៉ាគីស្ថាន ក្នុងឆ្នាំ ១៩៩៩។
ការផ្ទុះអាវុធជាថ្មី ផ្តើមដំបូង កាលពីថ្ងៃទី២២ ខែមេសា ស្លាប់មនុស្ស២៦នាក់ ដោយឥណ្ឌាចោទថា ជាស្នាដៃរបស់ភេរវករ គាំទ្រដោយប៉ាគីស្ថាន តែ រដ្ឋាភិបាលទីក្រុងអ៊ីស្លាមម៉ាបាត បានបដិសេធ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត