ខេត្តសៀមរាបជំរុញការពង្រីកសេវាទឹកស្អាតឆ្ពោះទៅរកគោលដៅ ១០០ភាគរយ ក្នុងឆ្នាំ២០២៩
សៀមរាប៖គិតត្រឹមដើមខែឧសភាឆ្នាំ២០២៥ រដ្ឋាករទឹកស្វយ័តសៀមរាប បានបន្តពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាពលរដ្ឋក្នុង ២៣ឃុំ និងសង្កាត់ នៅនៃក្រុងនិងស្រុកចំនួនបួន ខណៈឈានទៅសម្រេចគោលដៅ១០០ភាគរយនៅឆ្នាំ២០២៩ ។
លោក យ៉ៃ មុន្នីរ័ត្ន អគ្គនាយករងរដ្ឋាករទឹកស្វយ័តសៀមរាបបានឱ្យដឹងថា សកម្មភាពទឹកស្អាតនៅខេត្តសៀមរាបបច្ចុប្បន្នគឺការពង្រីកការផ្គត់ផ្គង់ទឹកស្អាតនៅតំបន់ទីប្រជុំជនជាមុនសិន មុនពង្រីកទៅជាយក្រុង។លោកបន្ថែមថា រដ្ឋាករទឹកកំពុងអនុវត្តគម្រោងពិសេសមួយដោយការពង្រីកបណ្តាញមេ ដើម្បីនាំទឹកពីក្រុងសៀមរាបទៅឃុំរលួស ស្រុកប្រាសាទបាគង ដែលមានប្រវែង ២០គីឡូម៉ែត្រ ជាគម្រោងរបស់ទីភ្នាក់ងារជប៉ុនចៃកា(JICA)។គម្រោងនេះនឹងបញ្ចប់ការសាងសង់នៅខែឧសភា ឆ្នាំ២០២៦។
លោកអគ្គនាយករងបានបញ្ជាក់ថា ឆ្លើយតបនឹងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលមានគោលដៅផ្គត់ផ្គង់ទឹកស្អាត១០០ភាគរយក្នុងឆ្នាំ២០៣០ រដ្ឋាករទឹកស្វយ័តសៀមរាប បានទទួលឥណទានសម្រាប់ពង្រីកបណ្ដាញបន្ថែម ៤០០គីឡូម៉ែត្រ ចាប់ពីឆ្នាំ២០២៤ ដល់ ២០២៦ និងទទួលឥណទានបន្ថែមពី AFD ចាប់ពីឆ្នាំ២០២៧ ដល់ ឆ្នាំ២០២៩។ចាប់តាំងពីឆ្នាំ២០០៧ រហូតដល់បច្ចុប្បន្ន ការងារនេះបានគ្របដណ្តប់លើសង្កាត់ចំនួន ១៤ ក្នុងក្រុងសៀមរាប និងក្រុងរុនតាឯកតេជោសែន រួមទាំងឃុំចំនួន ៩ នៅស្រុកប្រាសាទបាគង និងស្រុកអង្គរធំ។បណ្ដាញចែកចាយទឹកមានប្រវែងជាង ៩០០គីឡូម៉ែត្រ ខណៈមានការប្រើប្រាស់ជាមធ្យមជាង ៣ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។
សូមជម្រាបថា បច្ចុប្បន្ន សៀមរាបមានរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំនួន ៣ ក្នុងនេះ មាន រោងចក្រទឹកវិលទី១ មានប្រភពទឹកក្រោមដី សមត្ថភាពផលិតចំនួន ១៥ ០០០ម៉ែត្រគូបក្នុងមួយថ្ងៃ,រោងចក្រទឹកវិលទី២មានប្រភពពីទឹកបារាយណ៍ សមត្ថភាពផលិត ១៥ ០០០ម៉ែត្រគូបក្នុងមួយថ្ងៃ និងរោងចក្រជ្រាវមានប្រភពទឹកពីបឹងទន្លេសាប សមត្ថភាពផលិត ៦០ ០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។សរុបរោងចក្រទាំងបីអាចផ្គត់ផ្គង់ទឹកស្អាតបានប្រហែល ៩០ ០០០ម៉ែត្រគូបក្នុងមួយថ្ងៃ៕





ដោយ៖ប៊ុន រដ្ឋា