អ្នកជិះកង់ផ្សងព្រេងដំបូងគេនឹងចេញដំណើរពីកម្ពុជា ឆ្ពោះទៅទ្វីបអឺរ៉ុប ដើម្បីរៃអង្គាសថវិកាជួយមន្ទីរពេទ្យកុមារអង្គរ និង មន្ទីរពេទ្យគន្ធបុប្ផា

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានឯកឧត្តម នេត្រ ភក្ត្រា បានអនុញ្ញាតឱ្យយុវជន ទីវ តារារិទ្ធិ ដែលជាអ្នកផ្សងព្រេងដំបូងគេ និងជាអ្នកជិះកង់ដំបូងគេចេញពីប្រទេសកម្ពុជា ឆ្ពោះទៅទ្វីបអឺរ៉ុប ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផា ក្នុងគោលបំណងបង្ហាញពីដំណើេបសកកម្មរបស់ខ្លួនដោយឆ្លងកាត់ជាង ១៥ប្រទេស នៅលើតម្រាយផ្លូវជាង ២ម៉ឺនគីឡូម៉ែត្រ ។

ក្នុងជំនួបពិភ្សាដែលធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម នេត្រ ភក្ត្រា បានផ្តល់អនុសាសន៍ណែនាំមួយចំនួនដល់យុវជន ទីវ តារារិទ្ធិ ព្រមទាំងបានលើកចិត្តឱ្យបន្តបំពេញបេសកកម្មមនុស្សធម៌របស់ខ្លួនបន្ថែមទៀត នៅក្នុងស្មារតី និងបុព្វហេតុជួយសង្គ្រោះកុមារកម្ពុជា ដែលមកទទួលការព្យាបាលជំងឺនៅមន្ទីរពេទ្យកុមារគន្ធបុប្ផាព និងមន្ទីរពេទ្យកុមារអង្គរ។

ភ្ជាប់ជាមួយគ្នានេះដែរ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានប្រកាសធ្វើសន្និសីទសារព័ត៌មានស្តីពីដំណើរបេសកកម្មជិះកង់របស់យុវជន ទីវ តារារិទ្ធិ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីបើកបង្ហាញឱ្យសារព័ត៌មានជាតិ និងអន្តរជាតិ អាចចោទជាសំណួរផ្សេងៗទៅយុវជន តារារិទ្ធិ ពាក់ព័ន្ធនឹងបញ្ហានានាដែលបានជួបប្រទះនៅក្នុងដំណើរបេសកកម្មមនុស្សធម៌ជិះកង់ឆ្ពោះទៅទ្វីបអឺរ៉ុប ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផានេះ សម្រាប់បន្តផ្សព្វផ្សាយជូនដល់សាធារណរជន សប្បុរសជននានាបានដឹងកាន់តែច្បាស់ចំពោះបេសកកម្មដ៏វែងឆ្ងាយរបស់យុវជន ទីវ តារារិទ្ធិ ចំពោះបុព្វហេតុកុមារកម្ពុជា ។

បើតាមយុវជន ទីវ តារារិទ្ធិ បានឱ្យដឹងថា មកដល់ថ្ងៃទី៣០ ខែមេសា បេសកកម្មរបស់លោកបានប្រព្រឹតទៅអស់រយៈពេល ១១ខែ គឺលោកបានធ្វើដំណើរចេញពីខេត្តសៀមរាប ប្រទេសកម្ពុជា ដោយឆ្លងកាត់ជាង១៥ ប្រទេស លើតម្រាយផ្លូវជាង ២ម៉ឺនគីឡូម៉ែត្រ និងបានជួបឧបសគ្គជាច្រើន នៅលើផ្លូវបេសកកម្មដ៏សែនវែងឆ្ងាយមួយនេះ។ ដំណើរជិះកង់ផ្សងព្រេងឆ្លងទ្វីប រៃអង្គាសថវិកាជួយដល់កុមារកម្ពុជារបស់យុវជន ទីវ តារារិទ្ធិ បានប្រព្រឹតទៅបានរយៈពេល ៣៣៨ថ្ងៃ ដោយរាប់ពីថ្ងៃទី៦ មិថុនា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣០ មេសា ឆ្នាំ២០២៥។ យុវជនរូបនេះបានបញ្ជាក់ថានឹងបន្ដដំណើរឆ្លងទ្វីបអាហ្វ្រិកទៀត បន្ទាប់ឆ្លងកាត់ប្រទេសនៅទ្វីបអឺរ៉ុប ដោយបេសកកម្មនេះ អាចចំនាយពេលសរុប ២ឆ្នាំ លើចម្ងាយផ្លូវជាង ៤ម៉ឺនគីឡូម៉ែត្រ។

យុវជន ទីវ តារារិទ្ធិ បានបញ្ជាក់ថា ក្នុងដំណើរបេសកម្មជិះកងឆ្ពោះទៅកាន់ទ្វីបអឺរ៉ុបនេះ លោកបានដាក់គោលដៅរៃថវិកា ២៥ម៉ឺនដុល្លារ ជួយដល់មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផា។ យុវជន ទីវ តារារិទ្ធិ នឹងមិនបញ្ចប់បេសកកម្មនេះត្រឹមតែឆ្លងទៅដល់ទ្វីបអឺរ៉ុបទេ ផ្ទុយទៅវិញ រូបលោកកាន់តែពេញចិត្តចំពោះកិច្ចការសប្បុរសធម៌ ដែលប្រកបដោយការផ្សងព្រេងនេះ។ យុវជន តារារិទ្ធិ បានបញ្ជាក់ថាលោកនឹងបន្ដដំណើរទៅទ្វីបអាហ្វ្រិកខាងត្បូងទៀត។ ការធ្វើដំណើរពីទ្វីបអឺរ៉ុប ទៅទ្វីបអាហ្វ្រិកខាងត្បូង មានចម្ងាយជាង ២ម៉ឺនគីឡូម៉ែត្រ ដែលធ្វើឱ្យអ្នកជិះកង់រូបនេះ ជឿថាអាចនឹងត្រូវចំណាយពេល ១ឆ្នាំបន្ថែមទៀត។

គួរឱ្យដឹងថា យុវជន តារារិទ្ធ ធ្លាប់ជោគជ័យម្ដងរួចមកហើយ ក្នុងការជិះកង់ជុំវិញប្រទេសអាស៊ាន កាលពីពាក់កណ្ដាលឆ្នាំ២០២៣។ អ្នកជិះកង់រូបនេះ បានឆ្លងកាត់ ៦ប្រទេសដូចជា៖ វៀតណាម, ឡាវ, ថៃ, មីយ៉ាន់ម៉ា, ម៉ាឡេស៊ី និងសិង្ហបុរី ដោយប្រើរយៈពេលជាង ៣ខែ លើចម្ងាយផ្លូវ ៩ ៧៥០គីឡូម៉ែត្រ និងរៃបានថវិកា ៥៦២៥៧ដុល្លារ ជួយដល់មន្ទីរពេទ្យកុមារអង្គរ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner