កីឡាការនី ២៤នាក់ មកពីអង្គការផ្កាយសមុទ្រនឹងទៅចូលរួមកម្មវិធី AIA-Spurs Elite Football Camp នៅកោះសាមុយ ប្រទេសថៃ
ភ្នំពេញ៖ កីឡាការនីឆ្នើមចំនួន ២៤រូបមកពីអង្គការផ្កាយ សមុទ្រ និងអង្គការដៃគូត្រូវបានជ្រើសរើសឲ្យចូលរួមក្នុងកម្មវិធី AIA- Spurs Elite Football Camp ។ កម្មវិធីបាល់ទាត់ដ៏ធំមួយនេះឧបត្ថម្ភជ្រោមជ្រែងផ្តាច់មុខ ដោយ AIA Group និងក្លឹបបាល់ទាត់ Tottenham Hotspur Football Club នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែឧសភា នៅ Maraleina Sports Resort ក្នុងកោះសាមុយ ប្រទេសថៃ ។
កម្មវិធី AIA-Spurs Elite Football Camp មានគោលបំណងលើកទឹកចិត្តកុមារ និងយុវជន ឲ្យមានទម្លាប់រស់នៅល្អចំពោះសុខភាព និងជីវិតកាន់តែប្រសើរ តាមរយៈភាសាសាកលនៃកីឡាបាល់ ទាត់ ។ តាមរយៈកិច្ចសហការជាមួយ នឹងក្លឹបបាល់ទាត់ Tottenham Hotspur Football Club ក្នុងការរៀបចំកម្មវិធីបាល់ទាត់នេះ AIA Group មានគោលដៅផ្តល់បទពិសោធន៍ដ៏វិសេសវិសាលដល់យុវជនដែលចូលរួម ក៏ដូចជារួមចំណែកលើក កម្ពស់ទម្លាប់រស់នៅល្អចំពោះសុខភាពផងដែរ ។
អ្វីដែលកាន់តែពិសេសទៅទៀតនោះគឺក្នុងអំឡុងពេលចូលរួមកម្មវិធីនេះ យុវជនទាំងនេះនឹងមាន ឱកាសចូលរួមវគ្គបណ្តុះបណ្តាលបាល់ទាត់ជាមួយនឹងគ្រូបង្វឹកល្បីៗ ដែលបង្វឹកកីឡាករកីឡាការនី ខ្លាំងៗរបស់ក្លឹបបាល់ទាត់ Tottenham Hotspur Football Club ទៀតផង ។ ជាមួយគ្នានេះផងដែរ ពួកគេនឹងទទួលបានការហ្វឹកហាត់លម្អិតលើជំនាញបាល់ទាត់សំខាន់ៗដូចជា៖ ការគ្រប់គ្រងបាល់ ការ បញ្ជូនបាល់ ការស៊ុតបញ្ចូលទី និងបច្ចេកទេសជាច្រើនទៀត ។ លើសពីនេះ យុវជនដែលចូលរួមនឹង បានរៀនសូត្រអំពីសារៈសំខាន់នៃអាហារូបត្ថម្ភ លំហាត់ប្រាណ និងការគេង ដែលជាកត្តាដ៏ចាំបាច់ ជួយពួកគេឲ្យសម្រេចនូវក្តីស្រមៃរបស់ពួកគេក្នុងវិស័យបាល់ទាត់ និងនាំមកនូវសុខភាពល្អទៀតផង ។
Maraleina Sports Resort ដែលស្ថិតនៅកោះសាមុយ គឺជាទីកន្លែង ដែលមានបរិយាកាសល្អបរិសុទ្ធ បំផុតសាកសមជាទីសម្រាប់សកម្មភាពបោះជំរុំ ។ លាតសន្ធឹងនៅលើផ្ទៃដី ៣០ហិចតា រមណីយដ្ឋាន នេះមានបំពាក់ទៅដោយសម្ភារៈកីឡាទំនើបៗ រួមមានទីលានបាល់ទាត់ និងកន្លែងហាត់ប្រាណដ៏ សម្បូរបែប និងមានគុណភាពខ្ពស់ ។ ដោយឡែក យុវជនទាំង ២៤រូប នឹងមិនត្រឹមតែទទួលបានការ ហ្វឹកហាត់បាល់ទាត់ពីអ្នកជំនាញប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏នឹងកម្សាន្តអារម្មណ៍ និងទទួលបានភាព ស្រស់ស្រាយជាមួយសម្រស់ដ៏ស្រស់ត្រកាលនៃឆ្នេរសមុទ្រ និងធម្មជាតិនៅលើកោះថែមទៀតផង ។
គួរបញ្ជាក់ផងដែរថា ឱកាសដ៏អស្ចារ្យមួយនេះគឺផ្តល់សម្រាប់តែចំពោះយុវជនជាកីឡាការនីប៉ុណ្ណោះ ដែលកីឡាការនីទាំងនេះគឺជាផ្នែកសំខាន់នៃការប្តេជ្ញាចិត្តដ៏ធំរបស់ AIA Group និងអង្គការផ្កាយសមុទ្រ ក្នុងការគាំទ្រ និងលើកកម្ពស់កីឡាស្ត្រី ។ AIA Group ជឿជាក់លើសក្ដានុពលនៃការរីកចម្រើនវិស័យ បាល់ទាត់ស្ត្រីក្នុងទ្វីបអាស៊ី និងមានគោលដៅបង្កើនឱកាស និងមធ្យោបាយនានា ដើម្បីជួយស្ត្រីឲ្យ អភិវឌ្ឍខ្លួនកាន់តែខ្លាំងក្នុងវិស័យកីឡា ។ ចំពោះកីឡាការនីទាំងនេះ បាល់ទាត់ជម្រុញឲ្យពួកគេ រៀនសូត្រ ជាពិសេសកសាងនូវគុណតម្លៃជីវិតសំខាន់ៗដូចជា៖ ភាពតស៊ូធន់ទ្រាំ ការតាំងចិត្ត និង ភាពខ្លាំងរបស់ខ្លួន ដោយបង្រៀនមេរៀនជីវិតល្អៗជាច្រើនដល់ពួកគេ ។
លោក Gregory Preston ជាប្រធានគ្រប់គ្រងកម្មវិធីបាល់ទាត់របស់អង្គការផ្កាយសមុទ្របានបង្ហាញពី ចំណាប់អារម្មណ៍របស់លោកថា៖ “អង្គការផ្កាយសមុទ្រពិតជាមានកិត្តិយសយ៉ាងខ្លាំង ដែលបានរួម សហការជាមួយនឹង AIA Group ជួយលើកកម្ពស់ដល់ស្រ្តីនៅកម្ពុជា និងផ្តល់ឱកាសដល់ពួកគេនូវបទ ពិសោធន៍ធំបំផុតក្នុងឆាក ជីវិត តាមរយៈការចូលរួមកម្មវិធី AIA-Spurs Elite Football Camp នេះ ។ គោលដៅចម្បងរបស់យើងគឺជម្រុញឆន្ទៈ និងការអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួនដល់យុវជនទាំងនេះទាំង ក្នុង និងក្រៅទីលាន ទន្ទឹមនឹងជួយលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យកីឡាបាល់ទាត់ផងដែរ ។ លើសពីនេះ ពួកយើងជឿជាក់យ៉ាងមុតមាំថា កម្មវិធីបោះជំរុំនេះគឺពិតជានឹងជម្រុញទឹកចិត្តដល់យុវជន ជាកីឡាការនីទាំងនេះឲ្យស្វែងរកឃើញក្តីស្រមៃដ៏ធំបំផុតក្នុងជីវិត និងខិតខំប្រឹងប្រែងឆ្ពោះទៅរកភាព ជោគជ័យក្នុងវិស័យកីឡាបាល់ទាត់ទៀតផង” ។
ដោយឡែក យុវជនជាកីឡាការនីទាំង ២៤រូប មកពីអង្គការផ្កាយសមុទ្រ និងអង្គការដៃគូផ្សេងទៀត គឺសុទ្ធសឹងតែជាយុវជនមកពីគ្រួសារជួបប្រទះការលំបាក ។ រឿងរ៉ាវជីវិតរបស់ពួកគេគឺពោរពេញ ដោយការតស៊ូធន់ទ្រាំ និងការតាំងចិត្តយ៉ាងខ្លាំង ។ ទោះបីជាកើតមកក្នុងស្ថានភាពគ្រួសារលំបាកខ្លាំង យ៉ាងណាក៏ដោយ ក៏យុវជនទាំងនេះនៅតែមានក្តីសង្ឃឹម និងបំណងដ៏ធំរបស់ខ្លួន គឺការសិក្សារៀន សូត្រ និងទឹកចិត្តស្រឡាញ់ចូលចិត្តលេងបាល់ទាត់ ។ ដោយមានការគាំទ្រយ៉ាងធំពីអង្គការផ្កាយ សមុទ្រ រួមនឹងការឧបត្ថម្ភជ្រោមជ្រែងពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា និងក្លឹបបាល់ទាត់ Tottenham Hotspur Football Club ជីវិតរបស់យុវជនទាំង ២៤នាក់នេះគឺកំពុងតែផ្លាស់ប្តូរទាំងស្រុង ដោយពួកគេទទួលបានឱកាសដ៏កម្រ ដែលពួកគេមិន ដែលគិតថានឹងអាចទទួលបាន ។ គួរបញ្ជាក់ផងដែរថា ក្នុងចំណោមយុវជនទាំងអស់ ដែលនឹងចូលរួម កម្មវិធីបាល់ទាត់នេះ កីឡាការនី ៨៩ភាគរយ គឺមិនធ្លាប់មានឱកាសធ្វើដំណើរទៅក្រៅប្រទេសពីមុន មកនោះទេ ដែលឱកាសនេះគឺពិតជាផ្តល់បទពិសោធន៍ដ៏អស្ចារ្យជួយឲ្យពួកគេអភិវឌ្ឍខ្លួន និងរៀន សូត្រអ្វីថ្មីៗ តាមរយៈការផ្លាស់ប្តូរវប្បធម៌ទៀតផង ។ វាក៏នឹងក្លាយជាការចងចាំដ៏ល្អបំផុតក្នុងឆាក ជីវិតសម្រាប់កីឡាការនី ដែលមិនធ្លាប់គិតថាខ្លួននឹងមានឱកាសហោះហើរទៅបរទេសផងដែរ ។
អត្ថប្រយោជន៍ និងផលវិជ្ជមាននៃកម្មវិធី AIA-Spurs Elite Football Camp ចំពោះកីឡាការនីទាំង អស់នេះគឺមានច្រើនលើសលប់ ។ ជាមួយគ្នានេះ ពួកគេនឹងមានឱកាសបង្ហាញទេពកោសល្យរបស់ ខ្លួននៅលើឆាកអន្តរជាតិ ពង្រឹងទំនុកចិត្ត និងភាពជឿជាក់លើខ្លួនឯងផងដែរ ។ ការប្រាស្រ័យទាក់ទង ជាមួយនឹងមនុស្សមកពីវប្បធម៌ផ្សេងៗគ្នានឹងផ្តល់ចំណេះដឹងថ្មីៗ និងពង្រឹងជំនាញបំណិនជីវិតរបស់ ពួកគេ ដែលជួយពួកគេឲ្យបានរៀនសូត្រអ្វីថ្មីៗ និងបង្កើតមិត្តភាពដ៏មានន័យជាមួយនឹងកីឡាការនី ផ្សេងទៀត ដែលស្រឡាញ់ចូលចិត្តបាល់ទាត់ ៕






រូបភាព ជីម ភារ៉ា អត្ថបទ ជាវ ចន្ធូ