ភូមិកំពង់សំរោងខាងត្បូង ជាភូមិគំរូរបស់ខេត្តកំពត លើការងារវិស័យកីឡា
កំពត៖ភូមិកំពង់សំរោងខាងត្បូង ជាភូមិតូចមួយក្នុងចំណោមភូមិ៣របស់ឃុំកំពង់សំរោង ស្រុកទឹកឈូ ខេត្តកំពត ប៉ុន្តែភូមិតូចមួយនេះបានបណ្តុះក្រុមកីឡាបាល់ទាត់ចំនួន៩ក្រុមនៅឆ្នាំ២០២៥នេះ។ក្រុមបាល់ទាត់ភូមិនេះទៀតសោត ក៏ជាម្ចាស់ពានជើងឯកមហាជនខេត្តកំពតឆ្នាំ២០២៤ផងដែរ ។គ្រូបង្វឹក និងកីឡាករ បញ្ជាក់ថា នឹងដឹកនាំយុវជន និងក្មេងជំនាន់ក្រោយលេងកីឡាឱ្យបានកាន់តែល្អ ខណៈសមាជិកក្រុមប្រឹក្សាស្រុកទឹកឈូអះអាងថានឹងជួយគាំទ្របន្ថែមលើការងារនេះ។
នៅក្នុងការប្រកួតបាល់ទាល់ជ្រើសរើសជើងឯកប្រចាំភូមិកំពង់សំរោងខាងត្បូង ឃុំកំពង់សំរោង ស្រុកទឹកឈូ កាលពីរសៀលថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២៥នេះ គ្រូបង្វឹក និងកីឡាកររៀមច្បងក្នុងភូមិ បានប្រាប់ឱ្យដឹងថា ដោយសារការស្រឡាញ់វិស័យកីឡា ស្រឡាញ់សុខភាព ចង់បង្កភាពសប្បាយរីករាយជុំគ្នា អ្នកភូមិកំពង់សំរោងខាងត្បូងទាំងចាស់ក្មេង បាននាំគ្នាលេងកីឡា ហើយជារៀងរាល់ឆ្នាំ តែងតែមានរៀបចំការប្រកួតជ្រើសរើសជើងឯកបាល់ទាត់ប្រចាំភូមិ សម្រាប់មនុស្សធំ និងកុមារ ខណៈនៅឆ្នាំ២០២៥នេះ មានរហូតដល់៩ក្រុម។
សមាជិកក្រុមប្រឹក្សាស្រុកទឹកឈូ លោក អំ តារា មានមោទនភាពយ៉ាងខ្លាំង ចំពោះប្រជាពលរដ្ឋភូមិកំពង់សំរោងខាងត្បូង ដែលស្រឡាញ់ គាំទ្រ និងនាំគ្នាលេងកីឡា ហើយបង្កើតជាការប្រកួតជ្រើសរើសជើងឯកប្រចាំភូមិយ៉ាងសប្បាយរីករាយ និងផុសផុលយ៉ាងដូច្នេះ។ សកម្មភាពនេះជាគំរូល្អមួយក្នុងការលើកកម្ពស់វិស័យកីឡាកម្ពុជា ដែលបណ្តាភូមិឯទៀត គួរតែយកតម្រាប់តាម។
គួរជម្រាបថា ទោះក្រុមកីឡាបាល់ទាត់ឃុំកំពង់សំរោងមានច្រើន ហើយធ្លាប់ជាម្ចាស់ពានជើងឯកថ្នាក់ខេត្ត ក៏ពិតមែន ប៉ុន្តែមិនទាន់មានកីឡាករណាម្នាក់ អាចអភិវឌ្ឍន៍ខ្លួន ជាកីឡាករបាល់ទាត់អាជីពនៅឡើយទេ ហើយថ្នាក់ដឹកនាំខេត្ត ក៏ដូចជាស្រុកទឹកឈូ ចង់ឃើញកីឡាករប្រឹងប្រែង ដុសខាត់ទេពកោសល្យរបស់ខ្លួន ដើម្បីឈានជើងចូលទៅលេងឱ្យក្លិបបាល់ទាត់ល្បីរបស់ប្រទេស នាពេលខាងមុខ៕
ដោយ៖ សិលា សារិន