អភិបាលខេត្តបាត់ដំបង ក្រើនរំលឹកដល់ម្ចាស់រោងចក្រ សហគ្រាសក្នុងខេត្ត ត្រូវយកចិត្តទុកដាក់លើការងារអនាម័យនិង បរិស្ថាន

បាត់ដំបង៖អភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានក្រើនរំលឹកផង និងជាសារព្រមានផង ដល់គ្រប់រោងចក្រ សហ​គ្រាស​ក្នុងខេត្ត ពិសេសរោងចក្រ ដែលមានទីតាំងស្ថិតនៅប៉ែកខាងលើជាប់នឹងដងស្ទឹងសង្កែ ត្រូវយកចិត្តទុកដាក់រៀបចំឱ្យ​មាន​អាងប្រព្រឹត្តកម្មទឹកកខ្វក់ និងមិនត្រូវឱ្យមានករណីបំពុលទឹកស្ទឹងកើតឡើងជាថ្មីម្តងហើយ ម្តងទៀតនោះទេ។

ឯកឧត្តម សុខ លូ អភិបាលខេត្តបានថ្លែងដូច្នេះ​នៅក្នុងឱកាសអញ្ជើញជាអធិបតី​ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍​លើក​ទី១៣៩ នៃទិវាពលកម្មអន្ដរជាតិ ១ឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ” រួមគា្នដើម្បីការងារសមរម្យនិង​កំណើន​ប្រកប​​​​ដោយចីរភាព និងភាពធន់ “។ពិធីនេះប្រព្រឹត្តទៅនៅក្នុងរោងចក្រក្រុមហ៊ុន ហ៊្វីនិក អ៊ិនដាស្ទ្រៀល ឯ.ក នៅស្រុករតន​មណ្ឌល​ កាលពីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ។

ឯកឧត្តមបានបន្តថា ដោយជំរុញឱ្យរោងចក្រសហគ្រាសទាំងអស់ត្រូវតែយកចិត្តទុក​ដាក់ខ្ពស់ក្នុងការលើក​កម្ពស់អនាម័យ​បរិស្ថាននៅក្នុងរោងចក្ររបស់ខ្លួន និងដើម្បីសុខមាលភាពកម្មករ និយោជិត ។គ្រប់​រោងចក្រត្រូវគិតគូរខ្ពស់​លើបញ្ហាបរិស្ថាន​មិនត្រូវធ្វើឱ្យលេចធ្លាយ ឬលួចបង្ហូរទឹកកខ្វក់ចូលទៅក្នុងស្ទឹងដែលនាំឱ្យមានការបំពុលប្រភពទឹក ។ទង្វើបែបនេះត្រូវប្រ
ឈមបិទរោងចក្រដោយ​គ្មានការលើកលែង ឬការផាកពិន័យ ។

ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានថ្លែងអំណរគុណដល់ម្ចាស់រោងចក្រដែល​បានផ្ដល់ការងារដល់កម្មករ​​ និយោជិត
និងមានការរៀបចំនូវពិធីអបអរសាទរទិវាពលកម្មអន្តរជាតិ១ ឧសភា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្មករនិយោជិត ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។ឯកឧត្តមក៏បានផ្តាំផ្ញើដល់កម្មករនិយោជិត ត្រូវខិតខំបំពេញ​ការងារ។ត្រូវយកចិត្តទុកដាក់ក្នុងការថែទាំសុខភាព។ ត្រូវចៀសឆ្ងាយពីគ្រឿងញៀន និងចូលរួម គោរពច្បាប់ចរាចរណ៍ ឱ្យបានខ្ជាប់ខ្ជួន៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.

ads banner