សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ៖ រដ្ឋសភាកម្ពុជា បានកំពុងជំរុញការកសាងភាពជាដៃគូរវាងផ្នែកសាធារណៈ និងឯកជនក្នុងការលើកកម្ពស់សេវាសង្គម ការព្យាបាល ថែទាំសុខភាព និងការអភិវឌ្ឍធនធានមនុស្ស

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រដ្ឋសភានីតិកាលទី៧ បានកំពុងជំរុញដល់ការកសាងភាពជាដៃគូរវាងផ្នែកសាធារណៈនិងឯកជនក្នុងការលើកកម្ពស់សេវាបង្ការ ព្យាបាល និងថែទាំសុខភាព ឈរលើគោលការណ៍ផលប្រយោជន៍សុខភាពសាធារណៈ និងធុរកិច្ច ដោយផ្តោតលើការផ្តល់សេវាសុខាភិបាល ការអភិវឌ្ឍសមត្ថភាព ធនធានមនុស្ស សុខាភិបាល និងការប្រើប្រាស់បច្ចេលវិទ្យាសុខាភិបាលឌីជីថល ជាដើម។ បន្ថែមពីនេះ រដ្ឋសភាក៏បានកំពុងជំរុញ ការស្រឡាញ់សុខភាព ការអនុវត្តទម្លាប់ល្អ នាំមកនូវសុខភាព ក្រោមទិសស្លោកថា “ពលរដ្ឋមានសុខភាពល្អ កម្ពុជាបវររុងរឿង”។

សម្តេចប្រធានរដ្ឋសភា មានប្រសាសន៍បែបនេះ នៅក្នុងឱកាសអញ្ជើញបើកសិក្ខាសាលា ស្ដីពី «ការឈ្វេងយល់ពីកបខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា២០២៤-២០៣០: ពន្ធលឿនការអនុវត្ដកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្ដីពី ប្រជាជន និងអភិវឌ្ឍន៍ (ICPD) នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។

សិក្ខាសាលានេះ រៀបចំធ្វើឡើងដោយ គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីត យុទ្ធជន យុវនីតិសម្បទា បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨)សហការជាមួយក្រសួងផែនការ ដោយមានការអញ្ជើញចូលរួមពីសំណាក់សមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលនិងដៃគូអន្តរជាតិ មួយចំនួន ដូចជាសមាគមសមាជិកសភាកម្ពុជាដើម្បីប្រជាជន និងការអភិវឌ្ឍ CAPPD វេទិកាសភា អាស៊ីស្តីពីប្រជាជន និងអភិវឌ្ឍ (AFPPD) អង្គការ AFPPD, UNFPA, និង CAPPD ជាដើម។ សិក្ខាដ៏មានសារៈសំខាន់នេះ ក៏មានការចូលរួម ពីថ្នាក់ដឹកនាំអង្គការ សហប្រជាជាតិ ដើម្បីប្រជាជននិងអភិវឌ្ឍប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ផងដែរ។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថាសិក្ខាសាលាថ្ងៃនេះ ជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀត និងសមស្របបំផុតសម្រាប់សមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋសភានិងភាគីពាក់ព័ន្ធ បានស្វែងយល់ពីវឌ្ឍនភាព សមិទ្ធផល និងបញ្ហាប្រឈមនានា ជាពិសេសឱកាសក្នុងការជជែកពិភាក្សា និងផ្លាស់ប្តូរយោបល់ ទស្សនៈ សំដៅរួមគ្នាស្វែងរកនូវវិធីសាស្រ្ត និងដំណោះស្រាយសមស្រប ក្នុងការដោះស្រាយបញ្ហាប្រឈម ដែលនៅសេសសល់ក្នុងការអនុវត្តផែនការសកម្មភាព នៃសន្និអន្តរជាតិស្តីពីប្រជជន និង អភិវឌ្ឍន៍ (ICPD) ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ ក៏ដូចជាឈានទៅម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅឆ្នាំ២០២៣០ដែលមាន ដូចជា ការសម្រេច ពុំមានភាពក្រីក្រ គ្រោះស្រេកឃ្លានស្មើសូន្យ សុខភាពនិងសុខុមាលភាព មាំមួន ការអប់រំប្រកបដោយគុណភាព សមភាពយេនឌ័រ ការងារសមរម្យ និងកំណើនសេដ្ឋកិច្ចនិង ភាពជាដៃគូដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ ដោយចីរភាព ជាដើម ។

លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា និងជាអនុប្រធានប្រចាំការសមាគម សមាជិកសភាកម្ពុជាដើម្បីប្រជាជន និងការអភិវឌ្ឍ បានមានប្រសាសន៍ថា សិក្ខាសាលានេះ បានពង្រឹងតួនាទីសភា ផ្តល់ការយល់ដឹងអំពីគោលនយោបាយ នៃប្រទេសនានា និងជំរុញកិច្ចសហប្រតិបត្តិការលើគោលដៅអភិវឌ្ឍន៍រួមគ្នា គឺ ធានាឱ្យបាននូវសុខុមាលភាពសង្គមនិងដោះស្រាយផលប៉ះពាល់បញ្ហាប្រឈមជា រួមក្នុងតំបន់។

សិក្ខាសាលានាឱកាសនេះ កើតចេញពីការមើលឃើញពីភាពចាំបាច់ និង សារៈសំខាន់ស្នូលនៃការជំរុញការអនុវត្ត ICPD និងចេញពីឆន្ទៈរបស់ CAPPD ក្នុង ការចូលរួមជំរុញគាំទ្រទាំងស្មារតី និងយន្តការនានាដល់រាជរដ្ឋាភិបាលដែលកំពុង ខិតខំយ៉ាងសស្រាក់សស្រាំក្នុងការងារនេះ។ វាជាការចាំបាច់ ដែលសមាជិកសភា ត្រូវស្វែងយល់ ឱ្យបានស៊ីជម្រៅអំពី ICPD ទាំងខ្លឹមសារ និងអត្ថន័យ នៃលិខិតូបករណ៍ អន្តរជាតិដែលរាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តចំនួន ១២ចំណុច ព្រោះវាបានបង្កប់នូវ តម្លៃជាសកលមួយនៃមនុស្សជាតិ និងជាម្ចាស់ឆ្នោត។

ក្នុងសន្ទរកថាគន្លឹះ របស់ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានគូសបញ្ជាក់ថា នៅឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានដាក់ចេញនូវ ក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤-២០៣០ ដើម្បីអនុវត្តកម្មវិធីសកម្មភាពសន្និសីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍។

ឯករដ្ឋមន្រ្តីបានលើកឡើងថា ក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា បានឆ្លុះបញ្ចាំងពីមហិច្ឆតារួមរបស់យើង ក្នុងការវិនិយោគលើយុវជន ការការពារសិទ្ធិនិងសុខភាពស្ត្រី និងក្មេងស្រី ការទាញយកភាគលាភ ប្រជាសាស្ត្រ ការឆ្លើយតបទៅនឹងតថភាព នៃការឈានទៅរកវ័យចាស់ និងការពង្រឹងប្រព័ន្ធ សន្តិសុខសង្គមដែលលើកកម្ពស់សមធម៌ និងឱកាសសម្រាប់ទាំងអស់គ្នា ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner