ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន បានជួបប្រជុំជាមួយសមាគមមូលនិធិសម្ដេចតេជោ ដើម្បីពិភាក្សាអំពីកាលានុវត្តភាពវិនិយោគ និង ជំរុញការអភិវឌ្ឍក្នុងខេត្តទាំងបួន
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន កាលពីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២៥ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃ សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម និង សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម (FASMEC) ដែលដឹកនាំដោយ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានសម្តែងនូវការស្វាគមន៍គណៈប្រតិភូនៃ សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម និង FASMEC ដែលបានមកជួបសម្តែងការគួរសម និង ពិភាក្សាការងារ ជាពិសេស សិក្សាស្វែងយល់អំពីកាលានុវត្តភាពវិនិយោគ និង ជំរុញការអភិវឌ្ឍក្នុងខេត្តទាំងបួននៅភូមិភាគឦសាន ។

សូមបញ្ជាក់ជូនថា “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន” ត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការ កាលពីថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០២៥ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សំដៅជំរុញការអភិវឌ្ឍវិស័យអាទិភាព ចំនួន ៣ គឺ កសិកម្ម កសិឧស្សាហកម្ម និង ទេសចរណ៍ ដែលស្របតាមទាយជ្ជទានដែលមានស្រាប់របស់ខេត្តទាំងបួន ដែលគួរជំរុញការវិនិយោគបន្ថែម ដោយមានការគាំទ្រយ៉ាងទូលំទូលាយពីរាជរដ្ឋាភិបាល, ហើយកម្មវិធីពិសេសនេះ បានគូសបញ្ជាក់យ៉ាងច្បាស់នូវការលើកទឹកចិត្តដ៏ច្រើន ដែលរាជរដ្ឋាភិបាលអាចផ្តល់ជូនវិស័យឯកជន ហើយក៏មានការគិតគូរពីការផ្តល់ហិរញ្ញប្បទាន ដែលមានអត្រាការប្រាក់សមរម្យ, ការជួយកាត់បន្ថយថ្លៃដើមផលិតកម្ម, ការសម្រួលនីតិវិធី និង ការគាំទ្រសកម្មភាពវិនិយោគឯកជន ផងដែរ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់អំពីតួនាទីរបស់ ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ដែលជា «ច្រកចេញចូលតែមួយ» ក្នុងការទទួលពាក្យស្នើពីវិស័យឯកជន, ពិនិត្យវាយតម្លៃ និង ផ្តល់គោលការណ៍លើកទឹកចិត្តជូនវិស័យឯកជន ព្រមទាំងផ្តល់ការប្រឹក្សាយោបល់អំពីកម្មវិធីពិសេស ដោះស្រាយផលលំបាក និង សំណូមពរជាក់ស្តែងផ្សេងៗ របស់ម្ចាស់គម្រោង បន្ថែមលើវិធានការដែលមានចែងស្រាប់ក្នុងកម្មវិធីពិសេស ដោយប្រកាន់ខ្ជាប់នូវការដោះស្រាយ និង ការអនុវត្តការងាររួមគ្នាជាកញ្ចប់ ក្នុង អភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” សំដៅធានាប្រសិទ្ធភាព និង តម្លាភាព នៃការអនុវត្តការងារ ។
ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសមាគម បានលើកឡើងថា ឆ្នាំនេះ គឺជាខួបទី ៥ ឆ្នាំ នៃការបង្កើតសមាគមមូលនិធិ សម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និង មធ្យមនៅកម្ពុជា ដែលជាមូលដ្ឋាន នៃការអភិវឌ្ឍវិស័យឧស្សាហកម្មរបស់ប្រទេសកម្ពុជា ក្នុងការជួយស្តារ និង ទ្រទ្រង់សហគ្រាសធុនតូច និង មធ្យម ឱ្យមានភាពល្អប្រសើរឡើងវិញ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និង ច្នៃប្រឌិតខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង ជាអតីតនាយករដ្ឋមន្រ្តី ក្នុងនីតិកាលទី៦ នៃរដ្ឋសភា កន្លងមក ។

ឧកញ៉ាប្រធានក្រុមប្រឹក្សាភិបាល បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅខេត្តទាំងបួននៅភូមិភាគឦសាន ព្រមទាំងចូលរួមចំណែកផ្សព្វផ្សាយអំពី “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន” និង គ្រោងស្នើបង្កើត SME Cluster នៅតាមបណ្តាខេត្តទាំងបួន ក្នុងគោលដៅធ្វើការផលិត និង កែច្នៃផលិតផលក្នុងស្រុក ឱ្យក្លាយទៅជាផលិតផលសម្រេច ដើម្បីជំរុញការប្រើប្រាស់លើទីផ្សារក្នុងស្រុក និង អន្តរជាតិ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានស្នើឱ្យសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម និង FASMEC បន្តសហការជិតស្និទ្ធជាមួយលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ប្រកបដោយស្មារតីបុរេសកម្ម ដើម្បីសិក្សាស៊ីជម្រៅអំពីទីតាំងសក្តានុពល កាលានុវត្តភាពវិនិយោគ និង ដំណោះស្រាយបញ្ហានានា សម្រាប់ជាមូលដ្ឋានផ្តល់ព័ត៌មាន រួមទាំងចូលរួមផ្សព្វផ្សាយទៅកាន់វិនិយោគិនក្នុងស្រុក និង បរទេស ។

ជាមួយគ្នានេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានផ្តល់អនុសាសន៍ណែនាំលេខាធិការដ្ឋានក្រុមការងារ ឱ្យសម្របសម្រួលជាមួយតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និង រដ្ឋបាលខេត្តទាំង ៤ ក្នុងផ្តល់ព័ត៌មានជូនសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម និង FASMEC ព្រមទាំង វិនិយោគិនផ្សេងទៀត ដែលមានចំណាប់អារម្មណ៍លើការវិនិយោគនៅភូមិភាគឦសាន ។
សូមជម្រាបជូនថា លេខាធិការដ្ឋានក្រុមការងារ បានត្រៀមលក្ខណៈសម្បត្តិផ្តល់ការប្រឹក្សា និង ការសម្របសម្រួល ជូនវិនិយោគិន និង ធុរជន ដោយឥតគិតថ្លៃ នៅតាមលេខាធិការដ្ឋានរបស់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តទំាងបួន នៃភូមិភាគឦសានផ្ទាល់ ដែលមានការិយាល័យក្នុងរាជធានីភ្នំពេញ (ទីតាំងនៅ អគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (BDC) ជាន់ទី ២១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ឬ តាមលេខទំនាក់ទំនង៖ 076 365 2775/ 097 256 7174) ៕