ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ប្រជាពលរដ្ឋគួរយកចិត្តទុកដាក់​លើកិច្ចការពារថែរក្សាសុខសន្តិភាព

ព្រៃវែង៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានបញ្ជាក់ថា ប្រជាពលរដ្ឋគួរយកចិត្តទុកដាក់លើកិច្ចការពារ ថែរក្សាសុខសន្តិភាព ដែលផ្តល់អំណោយផលដល់ការអភិវឌ្ឍជាតិ តាំងពីក្រោយសម័យខ្មែរក្រហមរហូតមកដល់បច្ចុប្បន្ន។ ជាក់ស្តែងនៅក្រោយសម័យខ្មែរក្រហម ហេដ្ឋារចនាសម្ព័ន្ធរបស់ជាតិត្រូវបានបំផ្លាញទាំងស្រុងនោះ ប្រជាពលរដ្ឋ ធ្វើដំណើរមានការលំបាក ដូចដែលចាស់ទុំ បានឆ្លងកាត់រួច និងពិតជាដឹងច្បាស់ថា សមិទ្ធផលដែលមនុស្សជំនាន់នេះ អាចមើលឃើញត្រឹមស្ពានឈើ ឬស្ពានបេតុងឆ្លងអូរខ្លីៗនោះ ប៉ុន្តែសម្រាប់ស្ថានភាពកម្ពុជា ក្រោយសង្គ្រាមនាអតីតកាល វាជាសមិទ្ធផលកម្រមួយដែលគ្រប់គ្នាចង់បាន ចង់ឃើញ និងរីករាយបំផុត។

ការបញ្ជាក់នេះ ក្នុងឱកាស អញ្ជើញជាអធិបតីពិធីបើកការដ្ឋានស្ថាបនាផ្លូវកៅស៊ូប្រភេទ DBST ប្រវែង ១៨ ៣៤០ម៉ែត្រ ស្ថិតនៅភូមិព្រីង ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានផ្តល់អនុសាសន៍ដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមអប់រំកូនចៅរបស់ខ្លួន កុំឱ្យក្លាយជាក្មេងទំនើង ដោយពុំអាចចាត់ទុកការងារករណីនេះថា ជាសមត្ថកិច្ចផ្ដាច់មុខរបស់អាជ្ញាធរ និងកងកម្លាំងនគរបាលនោះឡើយ ពោលគឺមានពលរដ្ឋ ចូលរួមទន្ទឹមគ្នានឹងកិច្ចខិតខំប្រឹងប្រែងរបស់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ទើបអាចកាត់បន្ថយ និងទប់ស្កាត់កុំឱ្យមានក្មេងទំនើងនៅតាមមូលដ្ឋានបាន។ ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានលើកទឹកចិត្តដល់ក្រុមប្រជាការពារ ដែលជាអ្នកចូលរួមជួយកិច្ចការមូលដ្ឋានបានច្រើនជាមួយអាជ្ញាធរ ក៏ដូចជាកងកម្លាំង និងលើកទឹកចិត្តប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់លើបញ្ហាសុខភាព ជួយគាំទ្រជ្រោមជ្រែងកូនចៅ ឱ្យទទួលបានការអប់រំឱ្យចប់ចុងចប់ដើម៕
ដោយ៖ពលជ័យ

ads banner