រុស្ស៊ីជួយវៀតណាមសង់រោងចក្រនុយក្លេអ៊ែរ
បរទេស ៖ ប្រទេស រុស្ស៊ី បានយល់ព្រម ជួយប្រទេសវៀតណាម សាងសង់រោងចក្រនុយក្លេអ៊ែរ ឲ្យបានឆាប់ នេះបើលទ្ធផល នៃដំណើរទស្សនកិច្ច របស់មេដឹកនាំវៀតណាម នៅប្រទេសរុស្ស៊ី ចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន CNA នៅថ្ងៃចន្ទនេះ។
ការព្រមព្រៀង ពីភាគីរុស្ស៊ីនេះ បានកើតឡើង ក្រោយពេលដែលរដ្ឋាភិបាលទីក្រុងហាណូយ បានចាប់ផ្តើមចរចា ជាមួយប្រទេសជាច្រើន លើគម្រោងថាមពលនុយក្លែរនេះ តាំងពីដើមឆ្នាំ ក្នុងនោះ រួមមានទាំង សហរដ្ឋអាមេរិក ផងដែរ។ វៀតណាម រំពឹងថា រោងចក្រនុយក្លេអ៊ែរ ដំបូង នឹងមានសមត្ថភាពផលិតថាមពលអគ្គិសនី រហូតដល់ ៦,៤ជីហ្គាវ៉ាត់ (6.4GW) និងដាក់លក់បាន នៅចន្លោះឆ្នាំ២០៣០ និង ឆ្នាំ២០៣៥។
យោងតាមសេចក្តីថ្លែងការណ៍រួម នៃដំណើរទស្សនកិច្ច របស់អគ្គលេខាធិការបក្សកម្មុយនីស្តវៀតណាម លោក To Lam នៅទីក្រុងមូស្គូ បានឲ្យដឹងថា វៀតណាម និងរុស្ស៊ី បានយល់ព្រមចុះហត្ថលេខា លើកិច្ចព្រមព្រៀង សាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ នៅក្នុងប្រទេសវៀតណាម យ៉ាងឆាប់រហ័ស។
សេចក្តីថ្លែងការណ៍រួម បានបញ្ជាក់ថា «ការអភិវឌ្ឍន៍រោងចក្រនុយក្លេអ៊ែរ ជាមួយនឹងបច្ចេកវិទ្យាទំនើប នឹងគោរពយ៉ាងតឹងរ៉ឹង ជាមួយបទប្បញ្ញត្តិសុវត្ថិភាពនុយក្លេអ៊ែរ និងវិទ្យុសកម្ម និងសម្រាប់ជាប្រយោជន៍ ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម»។
យោងតាមសេចក្តីថ្លែងការណ៍រួម ដដែល បានឱ្យដឹងទៀតថា វៀតណាម និងរុស្ស៊ី ក៏បានព្រមព្រៀងគ្នា ជំរុញកិច្ចសហប្រតិបត្តិការ ក្នុងឧស្សាហកម្មប្រេង និងឧស្ម័ន រួមទាំង ការផ្គត់ផ្គង់ប្រេងឆៅ និងឧស្ម័នធម្មជាតិរាវ ដល់ប្រទេសវៀតណាម ផងដែរ។ បើតាមប្រភព ភាគីរុស្ស៊ីនិងវៀតណាម ក៏នឹងសម្របសម្រួល ការពង្រីកក្រុមហ៊ុនថាមពល របស់ពួកគេ នៅក្នុងទឹកដី របស់គ្នា ទៅវិញទៅមក ទៀតផង៕
ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត