ក្រសួងសុខាភិបាល ប្រកាសឲ្យពលរដ្ឋបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ប្រភេទថ្មី ជេអ៉ិន១

(ភ្នំពេញ)៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៍មានជូនសាធារណៈជនឱ្យបានជ្រាបថា ស្ថានភាព នៃការចម្លងវីរុសកូវីដ-១៩ នៅតែបន្តមាននៅឡើយ ហើយចុងក្រោយនេះគឺពពួកអូមីក្រុងដែលបានបំប្លែងខ្លួនជា បន្តបន្ទាប់ ជាពិសេសពពួកអូមីក្រុងបំប្លែងថ្មីប្រភេទជេអ៊ុន១ (JN.1) ដែលរកឃើញដំបូង ក្នុងខែសីហា ឆ្នាំ២០២៣ ហើយបានក្លាយរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងតំបន់ជាច្រើននៅទូទាំងពិភពលោក។

បច្ចុប្បន្នអង្គការសុខភាព ពិភពលោក បានចាត់ថ្នាក់ថាជា វីរុសស្ថិតក្នុងវ៉ារ្យង់ចំណាប់អារម្មណ៍ ដោយសារតែការរីករាលដាលយ៉ាងឆាប់រហ័ស និងលក្ខណៈជីវសាស្ត្ររបស់វា។ ត្រឹមពាក់កណ្តាលខែមីនា ឆ្នាំ២០២៥ អូមីក្រុងបំប្លែងថ្មីប្រភេទជេអ៊ុន១ (JN.1) ត្រូវបានរកឃើញមានជាង១៥ភាគរយនៃករណីជំងឺកូវីដ-១៩ ដែលបានរកឃើញនៅទូទាំងពិភពលោក។ ចំពោះ អ្នកឆ្លងអូមីក្រុងបំប្លែងថ្មីជេអ៊ុន១ (JN.1) នេះ គឺមានរោគសញ្ញាមិនខុសប្លែកគ្នាពី ប្រភេទកូវីដ-១៩ ជំនាន់មុនៗ នោះទេ។

រោគសញ្ញាមានដូចជា គ្រុនក្តៅ ក្អកស្ងួត ឈឺបំពង់ក ហៀរសំបោរ ចង្អោរ និងក្អួត មានភាពស្រដៀងទៅ នឹងជំងឺផ្តាសាយធម្មតា។ ភស្តុតាងជាសកលបច្ចុប្បន្នមិនបង្ហាញថាជេអ៊ុន១ បណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរជាង ប្រភេទអូមីក្រុងពីមុននោះទេ។ ទោះជាយ៉ាងណាក៏ដោយ ជេអ៊ុន១ (JN.1) បង្ហាញពីលទ្ធភាពឆ្លងកាន់តែខ្ពស់ ឆ្លងលឿន និងអាចបញ្ជាបចូលប្រព័ន្ធភាពស៊ាំរបស់មនុស្សកាន់តែខ្លាំង ដោយសារការផ្លាស់ប្តូរនៅក្នុងប្រូតេអ៊ីន បង្គោល របស់វីរុស (mutations in the spike protein)។

ថ្វីដ្បិតតែជេអ៊ុន១ (JN.1) មានហានិភ័យសុខភាព សាធារណៈជាសកលនៅមានកម្រិតទាប ការបន្តការប្រុងប្រយ័ត្នគឺចាំបាច់ ជាពិសេសចំពោះបុគ្គលដែលមាន ហានិភ័យខ្ពស់នៃការចម្លងជំងឺរួមមាន អ្នកមានប្រព័ន្ធការពាររាងកាយខ្សោយ ជំងឺរ៉ាំរ៉ៃប្រចាំកាយ ទឹកនោមផ្អែម លើសឈាម ជនចាស់ជរា ស្ត្រីមានផ្ទៃពោះ ជាដើម។ ទន្ទឹមនឹងនោះនៅក្នុងប្រទេសកម្ពុជាយើងនាប៉ុន្មានខែចុងក្រោយ នេះ ការចម្លងវីរុសកូវីដ-១៩ នៅតែបន្តកើតមាននៅឡើយ ដែលតម្រូវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តការ យកចិត្តទុកដាក់ការពារខ្លួនឱ្យបានហ្មត់ចត់ជាប់ជានិច្ច ជាពិសេសនារដូវវស្សាខាងមុខនេះ ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner