នាយិកាប្រតិបត្តិអង្គការ យូអិនអេដស៍ សរសើរ និងអបអរជោគជ័យ នៃការប្រយុទ្ធនឹងមេរោគអេដស៍និងជំងឺអេដស៍នៅកម្ពុជា

(ភ្នំពេញ)៖ នាយិកាប្រតិបត្តិអង្គការ យូអិនអេដស៍ សរសើរ និងអបអរជោគជ័យ នៃការប្រយុទ្ធនឹងមេរោគអេដស៍និងជំងឺអេដស៍នៅកម្ពុជា ដោយបានគូសបញ្ជាក់ថា កម្ពុជា បាននាំយកនូវទស្សនវិស័យយ៉ាងសំខាន់ ក្នុងការឆ្លើយតបនឹងជំងឺអេដស៍ ។ ការថ្លែងរបស់ លោកជំទាវ Winnie Byanyima អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជានាយិកាប្រតិបត្តិអង្គការ UNAIDS ដូច្នេះ ក្នុងឱកាសដែលឯកឧត្តម ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងលោកជំទាវ, ឯកឧត្តម ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានរៀបចំពិធីបដិសណ្ឋារកិច្ចទស្សនកិច្ចផ្លូវការ និងពិភាក្សាការងារ នាល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ នៅសណ្ឋាគារ Raffles Le Royal ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ រាជរដ្ឋាភិបាល ជាទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តី ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងតំណាងប្រចាំកម្ពុជា ប្រធាន អនុប្រធាន និងតំណាងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន និងរាជធានី ខេត្ត អង្គការអន្តរជាតិ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ អ្នកជំងឺអេដស៍ និងក្រុមប្រជាជនគន្លឹះ ប្រមាណ ១៣០នាក់ ។

ឯកឧត្តម រដ្ឋមន្រ្តី ឈាង រ៉ា បានមានប្រសាសន៍អំពីកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងសុខាភិបាល ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ឈានទៅសម្រេចគោលដៅរួម ក្នុងការបញ្ចប់អេដស៍នៅកម្ពុជា ។ ទន្ទឹមនឹងនោះ ក្រសួងសុខាភិបាល ក៏រៀបចំសមាហរណកម្មការងារអេដស៍ ទៅក្នុងប្រព័ន្ធសុខាភិបាល ពង្រឹងកម្លាំងការងារ ផ្តល់សេវាអេដស៍ប្រកបដោយប្រសិទ្ធភាព ព្រមទាំងវិនិយោគលើអង្គភាព ផ្អែកលើសហគមន៍ផងដែរ ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី អៀង មូលី បានមានប្រសាសន៍ស្វាគមន៍ ទស្សនកិច្ចរបស់លោកជំទាវ នាយិកាប្រតិបត្តិអង្គការ យូអិនអេដស៍ ដើម្បីអបអរសាទរ ភាពជាដៃគូដ៏ល្អ ដែលនាំមកនូវវឌ្ឍនភាពដ៏ប្រពៃរវាងកម្ពុជា និងអង្គការ យូអិនអេដស៍ និងបានថ្លែងអំណរគុណចំពោះ ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំក្រសួង ស្ថាប័ន រាជធានី ខេត្ត ដែលបានចូលរួម ឆ្លុះបញ្ចាំងឱ្យឃើញនូវការប្រយុទ្ធឥតរុញរារបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ និងដើម្បីលើកកម្ពស់សាមគ្គីភាព សុខភាពក្នុងពិភពលោក ។
 
ឯកឧត្តមទេសរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ជោគជ័យនៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ មិនអាចទទួលបាននោះទេ ប្រសិនបើគ្មានការប្តេជ្ញាចិត្តដ៏មោះមុត របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ក្នុងកាលកន្លងមក និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងពេលបច្ចុប្បន្ន និងការខិតខំប្រឹងប្រែងបំពេញភារកិច្ចមិនខ្លាចនឿយហត់ របស់មន្ត្រីសុខាភិបាល សង្គមស៊ីវិល និងជាពិសេស បើគ្មានការគាំទ្រដ៏ថ្លៃថ្លារបស់ដៃគូអភិវឌ្ឍនានា ដូចជា អង្គការយូអិនអេដស៍ នេះ ។
 
ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តថា ទស្សនកិច្ចរបស់លោកជំទាវ Winnie Byanyima នៅកម្ពុជា បានបញ្ជាក់សារជាថ្មីនូវចំណងកិច្ចសហការដ៏ជិតស្និទ្ធ រវាងព្រះរាជាណាចក្រកម្ពុជា និងអង្គការយូអិនអេដស៍ ដែលកើតចេញ អំពីទំនុកចិត្តទៅវិញទៅមករវាងគ្នានឹងគ្នា គុណតម្លៃដូចគ្នា និងចក្ខុវិស័យមួយ ដែលមិនទុកនរណាម្នាក់ចោលនោះឡើយ ។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្តថា ការិយាល័យរបស់យូអិនអេដស៍ ប្រចាំប្រទេសកម្ពុជា បានផ្ដល់នូវជំនាញផ្នែកទិន្នន័យ គោលនយោបាយ ការស្វែងរកការគាំទ្រសាធារណៈ និងភាពជាដៃគូ ដែលបានជួយជំរុញឱ្យកម្មវិធីអេដស៍នៅកម្ពុជា បានទទួលលទ្ធផលល្អ ដ៏ត្រចះត្រចង់។ ទោះជាមានវឌ្ឍនភាពដូចខាងលើក៏ដោយ ការប្រយុទ្ធប្រឆាំង នឹងមេរោគអេដស៍ នៅមិនទាន់ឈានជើងដល់ទីបញ្ចប់នៅឡើយទេ ។ ក្រុមយុវវ័យរបស់កម្ពុជាមួយចំនួន អាយុពី ១៥ ទៅ ២៤ឆ្នាំ ជាពិសេស ក្រុមបុរសរួមភេទជាមួយបុរស នៅមិនទាន់បានទទួលការបញ្ជ្រាប ការយល់ដឹងអំពីមេរោគអេដស៍ និងជំងឺអេដស៍ ដូច្នេះ ពួកគេ មិនធ្លាប់បានទទួលសេវាបង្ការ ការពារ រួមទាំងការធ្វើតេស្តរកមេរោគអេដស៍ជាដើមនៅឡើយ ។
 
បន្ទាប់ពីការបង្ហាញខ្សែវីដេអូខ្លី និងចំណាប់អារម្មណ៍របស់សកម្មជនការងារអេដស៍មក លោកជំទាវ Winnie Byanyima បានថ្លែងការកោតសរសើរ និងអបអរសាទរចំពោះជោគជ័យ នៃការប្រយុទ្ធនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា ដោយកម្ពុជា បាននាំយកនូវទស្សនវិស័យយ៉ាងសំខាន់ ក្នុងការឆ្លើយតបនឹងជំងឺអេដស៍ ។ ទន្ទឹមនឹងនេះ ពិភពលោក បានចាត់ទុកកម្មវិធីអេដស៍នៅកម្ពុជា ថា ជាកម្មវិធីដែលជោគជ័យមួយ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វ៊ិក ជាពិសេស យន្តការក្នុងការឆ្លើយតបជាពហុវិស័យ ។

លោកជំទាវ ក៏បានសរសើរកម្ពុជា ដែលបើកចំហរចំពោះគំនិតច្នៃប្រឌិតថ្មី ព្រមទាំងស្វាគមន៍ ចំពោះការប្តេជ្ញាចិត្តក្នុងការពង្រីកសេវាថែទាំសុខភាព ។ បន្ថែមលើនេះ កម្ពុជា ជាប្រទេសដំបូងគេ ដែលបានរៀបចំផែនទីបង្ហាញផ្លូវទៅកាន់ចីរភាព ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ផងដែរ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner