ក្រសួងដែនដី ប្រជុំឈានទៅកំណត់ទស្សនវិស័យរួមលើវិស័យសំណង់ សំដៅធ្វើឱ្យសំណង់ស្ថាបត្យកម្មខ្មែរសហសម័យកាន់តែមានគុណភាព សុវត្ថិភាពនិងសោភណភាព
(ភ្នំពេញ) ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីឈានទៅកំណត់ទស្សនវិស័យរួមលើវិស័យសំណង់ សំដៅធ្វើឱ្យសំណង់ស្ថាបត្យកម្មខ្មែរសហសម័យកាន់តែមានគុណភាព មានសុវត្ថិភាព មានសោភណភាព ការពារបានកាន់តែប្រសើរនូវសុខមាលភាព និងទ្រព្យសម្បត្តិរបស់ម្ចាស់សំណង់, អ្នកប្រើប្រាស់សំណង់ និងសាធារណជន និងមានបរិស្ថានល្អ សម្រាប់ការរស់នៅប្រកបដោយចីរភាព គឺត្រូវមានការឯកភាពគ្នាជារួម ។
នេះជាប្រសាសន៍របស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ថ្លែងក្នុងកិច្ចប្រជុំស្ដីពីការពង្រឹង និងការបង្កើនប្រសិទ្ធភាពការសិក្សាគម្រោងប្លង់ ការត្រួតពិនិត្យ និងបញ្ជាក់សំណង់ នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ដោយមានការចូលរួមពីតំណាងក្រសួងធនធានទឹកនិងឧត្តុនិយម, ក្រសួងរ៉ែនិងថាមពល, គណៈវិស្វករកម្ពុជា, គណៈស្ថាបត្យករកម្ពុជា, សមាគមអ្នកសាងសង់កម្ពុជា, សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា, សមាគមអ្នកវិនិយោគ ក្រុមហ៊ុនត្រួតពិនិត្យនិងបញ្ជាក់សំណង់ ក្រុមហ៊ុនសិក្សាគម្រោងប្លង់ និងក្រុមហ៊ុនសាងសង់ ។
នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានឱ្យដឹងថា កិច្ចប្រជុំនាពេលនេះគឺធ្វើឡើងដើម្បីប្រមូលធាតុចូលពីសមាជិកអង្គប្រជុំ ក្នុងន័យពិគ្រោះយោបល់គ្នាថាតើការរៀបចំលិខិតបទដ្ឋានគតិយុត្តរបស់យើងស្ថិតក្នុងកម្រិតមួយ ដែលយើងមានការឯកភាពគ្នាឬយ៉ាងណាសម្រាប់អនុវត្តបានចំពោះស្ថានភាពកម្ពុជានាពេលបច្ចុប្បន្ន ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា អ្វីដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខិតខំប្រឹងប្រែងគិតគូររៀបចំទាំងអស់នេះ គឺក្រសួងមានបំណងចង់ឱ្យវិស័យសំណង់ ក្លាយជាវិស័យមួយដែលមិនជាប់គាំង និងមានដំណើរការប្រកបដោយស្ថិរភាពល្អសម្រាប់សង្គមជាតិកម្ពុជា ជាកន្លែងមួយដែលមនុស្សអាចបញ្ចេញទេពកោសល្យ ជាកន្លែងដែលមនុស្សមានភាពរីករាយក្នុងការបំពេញការងារ និងធ្វើយ៉ាងណាឱ្យមនុស្សដែលធ្វើការក្នុងវិស័យសំណង់ ដូចជាកម្មករសំណង់ជាដើម មានជីវភាពល្អប្រសើរ និងមានក្តីសង្ឃឹមក្នុងជីវិត ជាពិសេសពង្រឹង និងការបង្កើនប្រសិទ្ធភាពការសិក្សាគម្រោងប្លង់ និងការត្រួតពិនិត្យនិងបញ្ជាក់សំណង់ ដើម្បីឈានទៅកំណត់ទស្សនវិស័យរួមលើវិស័យសំណង់ សំដៅធ្វើឱ្យសំណង់ស្ថាបត្យកម្មខ្មែរសហសម័យកាន់តែមានគុណភាព សុវត្ថិភាពនិងសោភណ្ឌភាព ៕






ដោយ / គ្រី សម្បត្តិ