តៃវ៉ាន់ធ្វើសមយុទ្ធបាញ់គ្រាប់ពិតប្រើប្រព័ន្ធមីស៊ីល HIMARS លើកដំបូង
តៃប៉ិ ៖ នៅថ្ងៃចន្ទនេះ កោះតៃវ៉ាន់បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតដោយប្រើប្រព័ន្ធមីស៊ីល HIMARS ទើបទទួលបានពីអាមេរិកជាលើកដំបូង ខណៈដែលកោះគ្រប់គ្រងដោយខ្លួនឯងនេះ បានបង្កើនសមត្ថភាពទប់ទល់នឹងការវាយប្រហារដ៏មានសក្តានុពលរបស់ចិន ក្នុងករណីផ្ទុះសង្គ្រាម។
កញ្ចប់ប្រព័ន្ធមីស៊ីល HIMARS ចំនួន ១១គ្រឿងដំបូងនេះ ដឹកជញ្ជូនមកដល់កោះតៃវ៉ាន់កាលពីខែវិច្ឆិកាឆ្នាំមុន។ តៃវ៉ាន់បានបញ្ជាទិញ HIMARS ដែលផលិតដោយក្រុមហ៊ុន Lockheed Martin របស់អាមេរិកចំនួន ២៩គ្រឿង ហើយនៅសល់ចំនួន ១៨គ្រឿងនឹងដឹកមកដល់នៅឆ្នាំ២០២៦។
ការបាញ់សាកល្បងនេះ ធ្វើឡើងដោយក្រុមយោធាតៃវ៉ាន់ដែលហ្វឹកហាត់ដោយអាមេរិក នៅមូលដ្ឋានទ័ព Jiupeng ភាគខាងត្បូងតំបន់ Pingtung។ ប្រព័ន្ធនេះអាចបាញ់គោលដៅមានរយៈចម្ងាយប្រហែល ៣០០គីឡូម៉ែត្រ ដែលអាចវាយប្រហារគោលដៅនៅតាមឆ្នេរសមុទ្រនៃខេត្ត Fujian របស់ចិន។
មន្ត្រីយោធាតៃវ៉ាន់ លោក Ho Hsiang-yih បានប្រាប់អ្នកកាសែតថា បុគ្គលិកអាមេរិកពីក្រុមហ៊ុនផលិត ក៏មានវត្តមានដើម្បីដោះស្រាយបញ្ហាបច្ចេកទេសដែរ។
ប្រព័ន្ធមីស៊ីល HIMARS ក៏ជាអាវុធវាយប្រហារដ៏សំខាន់មួយរបស់អ៊ុយក្រែនក្នុងសង្គ្រាមជាមួយរុស្ស៊ី ហើយអូស្ត្រាលីក៏ទើបតែបានទទួលប្រព័ន្ធនេះផងដែរ។
អាមេរិកគឺជាអ្នកផ្គត់ផ្គង់សព្វាវុធដ៏សំខាន់បំផុតរបស់តៃវ៉ាន់ ទោះបីគ្មានទំនាក់ទំនងការទូតផ្លូវការក៏ដោយ ខណៈដែលតៃវ៉ាន់កំពុងប្រឈមនឹងសម្ពាធយោធាកាន់តែខ្លាំងពីចិន៕



ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា