សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា ដើម្បីពិភាក្សាលើប្រធានបទសំខាន់ចំនួន ៣ របស់ជាតិ
(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា ដើម្បីពិភាក្សាលើប្រធានបទសំខាន់ចំនួន ៣ របស់ជាតិ ដោយមានការអញ្ជើញចូលរួមពីសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា អនុប្រធានទី១ និងទី២ ព្រឹទ្ធសភា រដ្ឋសភា និងសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា
នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ។
កិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា ធ្វើឡើងដើម្បីពិភាក្សា លើប្រធានបទសំខាន់ចំនួន ៣ របស់ជាតិរួមមាន៖ ១.ការពិនិត្យ និងអនុម័តប្រធានបទអំពីប្រព័ន្ធគាំពារសង្គម, ២.ការពិនិត្យ និងអនុម័តប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ និង ៣.ការពិនិត្យ និងអនុម័តប្រធានបទអំពីវិស័យកសិកម្ម ។
សូមជម្រាបថា យោងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃសមាជរដ្ឋសភា និងព្រឹទ្ធសភា គឺជាការប្រជុំរួមគ្នា នៃសមាជិករដ្ឋសភា និងព្រឹទ្ធសភា ដើម្បីដោះស្រាយបញ្ហាសំខាន់ៗ របស់ប្រទេសជាតិ ក្នុងករណីចំបាច់ ដូចជា៖ ការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ឬ ករណីប្រធានសក្តិ បណ្តាលឱ្យមានវិនាសកម្មយ៉ាងធ្ងន់ធ្ងរដល់ជាតិ និងប្រជាជន ឬ ករណីផ្សេងៗទៀត ដែលគណៈកម្មការធិការសមាជ យល់ឃើញថា ជាបញ្ហាសំខាន់របស់ប្រទេសជាតិ ។
ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្រ្តី អាចផ្តួចផ្តើម ឱ្យមានការប្រជុំសមាជបាន ។ ប្រធានសមាជ អញ្ជើញសមាជិករដ្ឋសភា និងព្រឹទ្ធសភា ឱ្យចូលរួមប្រជុំសមាជ ។ ច្បាប់សមាជរដ្ឋសភា និងព្រឹទ្ធសភា បានកំណត់ថា ប្រធានព្រឹទ្ធសភា ជាប្រធានសមាជ ។
សមាជរដ្ឋសភា និងព្រឹទ្ធសភា ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត បម្រើឧត្តមប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋ ។ លទ្ធផលចេញពីសមាជ ជាលទ្ធផលឧត្តុងឧត្តម ខ្ពង់ខ្ពស់បំផុត ដែលនឹងត្រូវចុះក្នុងព្រះរាជកិច្ច ។ សមាជរដ្ឋសភា និងព្រឹទ្ធសភាព ជាដំណើរលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា ដែលមានប្រជាពលរដ្ឋខ្មែរ ជាម្ចាស់វាសានាប្រទេសជាតិរបស់ខ្លួន ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ







