ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា កោតសសើរ ចំពោះការងារសន្តិសុខសុវត្ថិភាព នៅរាជធានីភ្នំពេញ

(ភ្នំពេញ)៖ ឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) បានអរគុណចំពោះការយកចិត្តទុកដាក់មើលថែ ប្រជាពលរដ្ឋចិន ដែលបានមករកស៊ី និងបំពេញការងារនៅភ្នំពេញ ពិសេសនោះ គឺរក្សាបានសន្តិសុខ សុវត្ថិភាពយ៉ាងល្អប្រសើរ សម្រាប់ទីតាំងស្ថានទូតចិនប្រចាំនៅកម្ពុជា ពិសេសថែមទៀតនោះ សមត្ថកិច្ច ក៏ដូចជាអាជ្ញាធរភ្នំពេញបានរក្សាសន្តិសុខ សុវត្ថិភាពបានយ៉ាងល្អបំផុត នៅពេលដែលប្រធានាធិបតីចិន ឯកឧត្ដម ស៊ី ជីនពីង មកបំពេញទស្សនៈកិច្ចនៅកម្ពុជា។

សកម្មភាពនៃការយកចិត្តទុកដាក់ពីសំណាក់កងកម្លាំងនិងអាជ្ញាធរក៏ដូចជាប្រជាពលរដ្ឋ ដែលមកទទួលប្រធានាធិបតីចិន គឺពិតជាបានបង្ហាញឲ្យឃើញ ពីទំនាក់ទំនងរវាងកម្ពុជានិងចិន គឺជាទំនាក់ទំនងមិនធម្មតា តែជាទំនាក់ទំនងពិសេស។

តាមរយៈទំនាក់ទំនងដ៏ល្អនេះ ឯកឧត្ដមចង់បង្កើតឲ្យមានកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរថែមទៀតទៅលើវិស័យកសិកម្ម ទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវ ជនជាតិចិនឲ្យមកទេសចរណ៍នៅកម្ពុជាឲ្យកាន់តែច្រើនបន្ថែមទៀត។

ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ថ្លែងកោតសសើរបែបនេះ នៅព្រឹកថ្ងៃទី១៣ ឧសភា ២០២៥នេះ ខណៈអញ្ជើញចូលជួបសម្ដែងការគួរសមជាមួយ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពញ ។

ឯកឧត្តម វ៉ាង វិនពីន បានបញ្ជាក់ថា ៖ ប្រទេសចិនគាំទ្រភាពស្របច្បាប់របស់កម្ពុជាជានិច្ច។ ចិននិងជួយកម្ពុជាប្រយុទ្ធប្រឆាំងទៅនឹងការគំរាមកំហែងពីខាងក្រៅ។ ហើយ ក៏បានអរគុណផងដែរចំពោះកម្ពុជា ដែលបានប្រកាន់ខ្ជាប់ គោលនយោបាយចិនតែមួយ ហើយឆ្នាំនេះគឺជាឆ្នាំទី៦៧ នៃទំនាក់ទំនងការទូតចិន និង កម្ពុជា ។

ក្នុងឱកាសនោះ ឯកឧត្ដម ឃួង ស្រេង បានលើកឡើងពីប្រវត្តិនៃការកកើតរបស់រាជធានីភ្នំពេញ និងស្ថានភាពបច្ចុប្បន្នដែលរាជធានីភ្នំពេញមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយអ្វីដែលសំខាន់នោះគឺកម្ពុជាមានសន្តិភាពពេញលេញ។ ក្រោមការចង្អុលណែនាំពីសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញបានបង្កើតឲ្យមានផ្លូវថ្មើជើង (Walk Street) ហើយផ្លូវនេះ ទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីប្រជាពលរដ្ឋក៏ដូចជាភ្ញៀវជាតិនិងអន្តរជាតិជាមួយនឹងការរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់បានយ៉ាងល្អប្រសើររផងដែរ ៕

ដោយ ៖ ហេង សម្បត្តិ+ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner