ក្បួនហាត់សមសម្រាប់ព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង ៖ព្រះរាជពិធីច្រត់ព្រះនង្គ័លសាកល្បងបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅទីលានព្រះស្រែនាមុខសាលាខេត្តកំពង់ឆ្នាំង ស្ថិតនៅក្នុងភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុង ខេត្តកំពង់ឆ្នាំង។

ព្រះរាជពិធីច្រត់ព្រះនង្គ័លសាកល្បងត្រូវបានប្រារព្ធដង្ហែចេញពីសាលាខេត្តកំពង់ឆ្នាំងចូលមកទីលានព្រះស្រែដែលមានទីតាំងនៅមុខសាលាខេត្ត ដោយឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងជាស្ដេចមាឃ ចំណែកព្រះមេហួរ គឺលោកជំទាវ ផាត សុផានី ស៊ុនសុវណ្ណារិទ្ធិ ។ពិធីហាត់សមមានចំនួន ៣ គឺ នង្គ័លមុខហៅថា នង្គ័លយោង, នង្គ័លកណ្ដាលកាន់ដោយស្ដេចមាឃ និងនង្គ័លដើរក្រោយមួយ។ចំណែកមេហួ ដើរពីក្រោយនង្គ័លទាំង៣ហើយបាចពូជស្រូវទៅឆ្វេងទៅស្ដាំ ។ក្បួនហែរច្រត់ព្រះនង្គ័លនេះបានប្រព្រឹត្តទៅចំនួន ៣ ជុំ ព្រះស្រែ រួចមកឈប់នៅមុខរោងទិសបូព៌។បន្តមកទៀតក្រុម បរោហិត សូត្រអធិដ្ឋានរួចលែងគោឧសុភរាជឱ្យទៅស៊ីរបស់ចំនួន ៧ មុខដែលរៀបចំតាំងនៅលើតុប្រាក់មុខព្រះពន្លា។

ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លនឹងប្រព្រឹត្តទៅជាផ្លូវការនៅថ្ងៃទី១៥ ខែឧសភាក្រោមព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖សុខ គឹមសៀន


