អភិបាលខេត្តកំពង់ធំ អញ្ជើញពិនិត្យការដ្ឋានផ្លូវ DBST និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋស្រុកប្រាសាទសំបូរ
(កំពង់ធំ)៖ ព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូពីជាន់ (DBST) ប្រវែង ៤.៧ គីឡូម៉ែត្រ ដែលភ្ជាប់ពីភូមិតាអោកទៅភូមិកំពីងតាគង់ ស្ថិតនៅឃុំឈូក ស្រុកប្រាសាទសំបូរ។
គម្រោងនេះជាផ្នែកមួយនៃគម្រោងអាទិភាពរបស់សម្ដេចមហាបវរធិបតី ដែលមានគោលបំណងលើកស្ទួយជីវភាពប្រជាពលរដ្ឋតាមសហគមន៍ និងតំបន់ជនបទ។
ក្នុងឱកាសនោះ ឯកឧត្តម បានថ្លែងថា ការសាងសង់ផ្លូវ DBST នេះនឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋជាពិសេសសិស្សានុសិស្ស ការចូលដំណើរទៅមណ្ឌលសុខភាព និងការដឹកជញ្ជូនកសិផល ដែលនឹងកាន់តែមានភាពងាយស្រួល សុវត្ថិភាព និងរហ័សជាងមុន។
ដើម្បីពង្រឹងគុណភាពផ្លូវ ឯកឧត្តម បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាផ្លូវ ប្រើប្រាស់បានយូរអង្វែង ដោយគោរពច្បាប់ផ្នែកបញ្ជូនទំនិញ និងចៀសវាងការប្រើប្រាស់ផ្លូវលើសទម្ងន់កំណត់ ដែលអាចបណ្ដាលឲ្យផ្លូវខូច បែកលូ ឬបាក់ស្ពាន។
នៅក្នុងពិធីនេះផងដែរ ឯកឧត្តមបានលើកឡើងពីគោលនយោបាយអភិវឌ្ឍសហគមន៍កសិកម្មទំនើបរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដោយអំពាវនាវឲ្យប្រជាពលរដ្ឋបម្លែងពីកសិកម្មប្រពៃណីទៅជាកសិកម្មទំនើប មានប្រព័ន្ធគ្រប់គ្រងច្បាស់លាស់ ថ្លៃដើមផលិតទាប ទទួលបានការគាំទ្របច្ចេកទេស និងការធានាទីផ្សារតាមកិច្ចសន្យា។ កសិកម្មទំនើបនឹងមានជាស្រទាប់គាំទ្រសំខាន់ក្នុងការអភិវឌ្ឍវិស័យកសិកម្មរបស់ប្រទេសជាតិ ៕
ដោយ ៖ ប៊ុន រដ្ឋា






