រដ្ឋបាលខេត្តបាត់ដំបង និងក្រសួងសេដ្ឋកិច្ច បើកកិច្ចប្រជុំពិនិត្យវាយតម្លៃ លើការរៀបចំ និងគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ

(បាត់ដំបង)៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សហការជាមួយ និងរដ្ឋបាលខេត្តបាត់ដំបង បើកកិច្ចប្រជុំពិនិត្យ ផ្គូផ្គង និងវាយតម្លៃលើការរៀបចំ និងការគ្រប់គ្រង នូវបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ឆ្នាំគោលប្រចាំឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរ អង្គភាព ដែលកិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃ ទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ។

លោក អ៊ុយ សុធាវី អភិបាលរងខេត្ត តំណាង ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងថា ៖ កន្លងមកក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលជាអាជ្ញាធរគ្រប់
គ្រងទ្រព្យសម្បត្តិរដ្ឋ និងជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រង និងចាត់ចែងទ្រព្យសម្បត្តិរដ្ឋ បានខិតខំពង្រឹងការគ្រប់គ្រង និងការរៀបចំនូវបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ដោយបានចេញផ្សាយនូវលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីធ្វើការណែនាំផ្សព្វផ្សាយ និងជំរុញដល់គ្រប់អាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ រួមមាន ៖ រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរ អង្គភាព ស្ថាប័ននានាជុំវិញខេត្ត ក្នុងការរៀបចំបញ្ជីសារពើភណ្ឌ ទ្រព្យសម្បត្តិរដ្ឋ ក្នុងគោលបំណង ដើម្បីធានាក្នុងការពង្រឹងនិងការ
គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព គណនេយ្យភាព ប្រកបដោយគុណភាព តម្លាភាព និងស័ក្តិសិទ្ធភាព ។

លោក ម៉ុម ថាណូ អនុប្រធាននាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើពន្ធ នៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើបទបង្ហាញ និងពន្យល់ ពីបែបបទនីតិវិធី នៃការពិនិត្យ ផ្គូផ្គង និងវាយតម្លៃទៅលើការរៀបចំ និងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ជូនដល់អ្នកចូលរួម និងដោយឆ្នាំ២០២៥នេះ ជាឆ្នាំដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចាប់ផ្តើមអនុវត្តប្រព័ន្ធសាមីស (SARMIS) ជំនាន់ថ្មី លើកដំបូង ដូច្នេះអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ត្រូវបញ្ចូលទិន្នន័យទ្រព្យសម្បត្តិរដ្ឋរបស់ខ្លួនក្នុងឆ្នាំ២០
២៤ ដែលជាឆ្នាំគោល ចូលក្នុងប្រព័ន្ធ SARMIS ជំនាន់ថ្មីឲ្យរួចរាល់ នៅត្រីមាសទី១ នៃឆ្នាំ២០២៥ និង ត្រូវបិទបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២៤ ឲ្យបានចប់សព្វគ្រប់តាមនីតិវិធី និងចាប់ផ្តើមបញ្ចូលនូវទិន្នន័យទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ២០២៥ ទៅតាមកាលបរិច្ឆេទជាក់ស្តែងធម្មតា។ ចំពោះឆ្នាំបន្តបន្ទាប់ ត្រូវបិទបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ដោយកំណត់យកថ្ងៃទី៣១ ខែធ្នូ ជាកាលបរិច្ឆេទ នៃការបិទបញ្ជី ។

ក្នុងឱកាសនោះ គណៈអធិបតី បានប្រគល់កុំព្យូទ័រយួរដៃ ១៥គ្រឿង ដែលជាជំហានទី២ បន្ទាប់ពីជំហានទី១បានប្រគល់កុំព្យូទ័រយួរដៃចំនួន២០គ្រឿងកាលពីឆ្នាំ២០២៤កន្លងទៅ ដើម្បីផ្តល់ជូន ដល់ រដ្ឋបាលឃុំ-សង្កាត់ ចំនួន ១៥ ដែលបានប្រគល់បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល ប្រចាំឆ្នាំ២០២៤ មកមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទាន់ពេលវេលា ក៏ដូចជាដើម្បីជំរុញ និងពន្លឿនការរៀបចំ និងការគ្រប់គ្រង បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ដោយអនុវត្តន៍ តាមកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងដើម្បីធានា ដល់ការគ្រប់គ្រង បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ប្រកបដោយប្រសិទ្ធភាពប្រសិទ្ធផល តម្លាភាព និងគណនេយ្យភាព តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋជំនាន់ថ្មី SARMIS ៕

( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប. )

ads banner