ឯកឧត្តរដ្ឋមន្ត្រី ហួត ហាក់ ប្រកាសបើកការផ្សព្វផ្សាយ និង ឱ្យប្រើប្រាស់នូវសូចនាករទេសចរណ៍ និងស្ថិតិទេសចរណ៍ផ្លូវការ ឆ្នាំ២០២៤

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីសូចនាករទេសចរណ៍ និងស្ថិតិទេសចរណ៍ផ្លូវការឆ្នាំ២០២៤ ក្នុងគោលបំណងផ្សព្វផ្សាយ និងប្រកាសឱ្យប្រើប្រាស់នូវសូចនាករទេសចរណ៍ និងស្ថិតិទេសចរណ៍ផ្លូវការ ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ (ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ វិទ្យាស្ថានជាតិស្ថិតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធនាគារជាតិនៃកម្ពុជា ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា-CTB…) អភិបាលរងខេត្តទទួលបន្ទុកវិស័យទេសចរណ៍ ប្រធានមន្ទីរទេសចរណ៍រាជធានី ខេត្ត ទាំង២៥ តំណាង ឧកញ៉ា ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា តំណាងសមាគមទេសចរណ៍កម្ពុជា តំណាងសមាគមសណ្ឋាគារកម្ពុជា តំណាងសមាគមភោជនីយដ្ឋានកម្ពុជា លោក លោកស្រី សាស្ត្រាចារ្យ និស្សិត ព្រមទាំងប្អូនៗអ្នកផលិតមាតិកា សរុប ៣៥០នាក់ នៅទីស្តីការក្រសួងទេសចរណ៍។

ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា ការងារស្ថិតិមានភាពស្មុគស្មាញ និងមមាញឹកណាស់ ដោយតម្រូវឱ្យធ្វើការងារទាំងនៅថ្ងៃចុងសប្តាហ៍ ថ្ងៃឈប់សម្រាក ពិសេសនៅពេលប្រារព្ធពិធីជាតិបុណ្យធំៗ ដែលតម្រូវឱ្យមានការបូកសរុបស្ថិតិទេសចរណ៍ឱ្យបានត្រឹមត្រូវ ច្បាស់លាស់ ទាន់ពេលវេលា ។

ដើម្បីរួមចំណែកដល់ការអភិវឌ្ឍស្ថិតិទេសចរណ៍ ប្រកបដោយគុណភាព ប្រសិទ្ធភាព ឯកឧត្តមរដ្ឋមន្ត្រី ផ្ដល់អនុសាសន៍ណែនាំគន្លឹះ មួយចំនួដូចខាងក្រោម ៖

ទី១. បន្តប្រមូល រៀបចំ ចងក្រងទិន្នន័យទេសចរណ៍ប្រកបដោយគុណភាព ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អ្នកប្រើប្រាស់ស្ថិតិទូទៅ។

ទី២. សិក្សាលទ្ធភាពក្នុងការប្រើប្រាស់ការគ្រប់គ្រងទិន្នន័យទេសចរណ៍ក្នុងនោះមានទាំងភ្ញៀវទេសចរ, គោលដៅទេសចរណ៍ និងខ្សែច្រវាក់តម្លៃទេសចរណ៍ ដោយប្រើប្រាស់ថ្នាលបច្ចេកវិទ្យាឌីជីថល និងការវិភាគទិន្នន័យដោយប្រើប្រាស់បច្ចេកវិទ្យាដូចជា Big Data និង AI។

ទី៣. រៀបចំទិន្នន័យទេសចរណ៍ឌីជីថល (Digital Tourism Database)។

ទី៤. រៀបចំ និងចងក្រងគណនីរណបទេសចរណ៍ (Tourism Satellite Account, TSA) សម្រាប់បម្រើឱ្យការវាស់វែងនិរន្តរភាពទេសចរណ៍។

ទី៥. ធ្វើឱ្យមានសុខដុមនីយកម្មក្នុងប្រព័ន្ធស្ថិតិទេសចរណ៍(Tourism Statistics Harmonization) ដោយរួមបញ្ចូលទស្សនទាននៃភាពច្នៃប្រឌិត និងនវានុវត្តភាពក្នុងការអភិវឌ្ឍស្ថិតិ ស្របតាមយុគសម័យបរិវត្តកម្មឌីជីថល ដើម្បីគាំទ្រគ្រប់ទិដ្ឋភាពទាំងអស់នៃការប្រមូល ការរៀបចំ ការចងក្រង ការវិភាគ ការថែរក្សា និងការផ្សព្វផ្សាយស្ថិតិ។

ទី៦. ស្នើឱ្យ លោក លោកស្រី អភិបាលរងខេត្តទទួលបន្ទុកវិស័យទេសចរណ៍ និងប្រធានមន្ទីរទេសចរណ៍រាជធានី ខេត្ត សូមយកចិត្តទុកដាក់ប្រមូលស្ថិតិភ្ញៀវទេសចរ ជាពិសេសនៅពេលពិធីបុណ្យជាតិធំៗ ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner