អាជ្ញាធរខេត្តកំពតរៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះបរមនាថ នរោត្តម សីហមុនី គម្រប់៧២យាងចូល ៧៣ព្រះវស្សា

(កំពត)៖ ថ្នាក់ដឹកនាំខេត្ត ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ សិស្សានុសិស្ស យុវជនប្រជារាស្ត្រខេត្តកំពត នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ បានរៀបចំពិធីអបអរសាទរ ព្រះរាជពិធីចម្រើនព្រះជន្មវស្សា ព្រះករុណាព្រះបាទសម្តេចបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមគណៈអធិបតី ឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ងាន់ ថារិទ្ធ អភិបាលរងខេត្ត តំណាង ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត។

នៅក្នុងឱកាសនោះ លោក ង៉ាន់ ថារិទ្ធ បានអានសារលិខិតថ្វាយព្រះពរ ដែលមានអត្ថន័យថា៖ តាងនាមថ្នាក់ដឹកនាំខេត្ត ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជារាស្ត្រទូទាំងខេត្តកំពត និងក្នុងនាមទូលព្រះបង្គំជាខ្ញុំ ស្ថិតក្នុងព្រះរាជឱកាសដ៏មហាជ័យមង្គលបវរថ្លៃថ្លា ពោរពេញដោយក្តីសោមនស្សរីករាយ នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សារបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្តទៅនៅថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែឧ ខែឧសភា ឆ្នាំ២០២៥។

ទូលបង្គំ យើងខ្ញុំទាំងអស់គ្នា សូមលំឱនកាយវាចាចិត្ត ក្រាបបង្គំថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការ ថ្វាយចំពោះព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមសម្តែងនូវកតញ្ញូកតវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះរាជហឫទ័យ និងព្រះរាជសកម្មភាព ប្រកបដោយព្រះគុណធម៌ ព្រះមនុស្សធម៌របស់ព្រះអង្គ។ ហើយសូមលើកហត្ថប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ឫទ្ធិបារមីទេវតាឆ្នាំថ្មីព្រះនាម គោរាគទេវី ទេវតាថែរក្សាព្រះមហា ស្វេតច្ឆត្រ បុណ្យបារមី នៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ សូមព្រះអង្គតាមជួយ បីបាច់ថែរក្សា អភិបាលប្រោះព្រំព្រះសព្ទសាធុការពរជ័យ សិរីមង្គលវិបុលសុខគ្រប់ប្រការ ថ្វាយចំពោះព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសូមព្រះអង្គ ទ្រង់មានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំសុខដុមរមនា ដល់ប្រជារាស្ត្រជានិច្ចនិរន្តន៍តរៀងទៅ។

ជាមួយគ្នានោះដែរ យុវជន និងគ្រូបង្រៀនក៏បានបង្ហាញអារម្មណ៍សប្បាយរីករាយ ដែលបានចូលរួមពិធីចម្រើនព្រះជន្មដ៏អធឹកអធមនេះ។ ពួកគាត់បានបន្តថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គឺជាព្រះមហាក្សត្រដែលកូនចៅគោរពស្រឡាញ់បំផុត ហើយព្រះអង្គក៏បានលះបង់ទាំងកម្លាំងកាយពល ព្រះរាជទ្រព្យផ្សេងៗដើម្បីជួយដល់ប្រជនុរាស្ត្ររបស់ព្រះអង្គ ពិសេសប្រជាពលរដ្ឋទីទ័លក្រជួបការលំបាក ពិសេសព្រះអង្គតែងតែគិតគូរជានិច្ចនូវសុខទុក្ខរបស់ប្រជានុសរាស្ត្ររបស់ព្រះអង្គ។

ជាមួយគ្នានេះដែរ នៅក្នុងព្រះរាជឱកាសដ៏មហាជ័យមង្គលបវរថ្លៃថ្លានេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ សិស្សានុសិស្ស យុវជនប្រជារាស្ត្រខេត្ត  ក៏បាននិមន្តថ្នាក់ដឹកនាំសង្ឃជាច្រើនអង្គដើម្បីធ្វើកិច្ចប្រោះព្រំ និងប្រសិទ្ធពរជ័យដល់អង្គព្រះមហាក្សត្រផងដែរ៕

ដោយ ៖ សិលា សារិន

ads banner