លោក Zelensky រំពឹងមានទណ្ឌកម្មខ្លាំងបំផុត បើសិនលោក Putin មិនព្រមបញ្ចប់សង្គ្រាម

កៀវ ៖ មេដឹកនាំអ៊ុយក្រែនជំរុញឱ្យអាមេរិកបញ្ចេញ “កញ្ចប់ទណ្ឌកម្មខ្លាំងបំផុត” របស់ខ្លួនប្រឆាំងរុស្ស៊ី ក្នុងករណីលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន គេចវេសមិនជួបចរចាដោយផ្ទាល់នៅប្រទេសតួកគី ក្នុងសប្តាហ៍នេះ។

លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី និយាយថា បើសិនលោកប្រធានាធិបតី ពូទីន មិនមក នោះមានន័យថា គាត់ចង់បន្តល្បែងសង្គ្រាមនេះទៀត និង មិនទាន់ត្រៀមខ្លួនរួចរាល់ដើម្បីបញ្ចប់សង្រ្គាមឡើយ។

មេដឹកនាំអ៊ុយក្រែនរូបនេះ ថែមទាំងបានជំរុញឱ្យលោកប្រធានាធិបតី ត្រាំ ជួយធានាឱ្យមានជំនួបជាមួយលោក ពូទីន នៅក្នុងប្រទេសតួកគី នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយលោកបានចោទប្រកាន់មេដឹកនាំរុស្ស៊ីថា គ្មានបំណងចង់ចរចាបញ្ចប់សង្រ្គាមឡើយ។

ដោយឡែក វិមានក្រឹមឡាំងបានបដិសេធមិននិយាយថាតើលោកប្រធានាធិបតី ពូទីន នឹងធ្វើដំណើរទៅកាន់ប្រទេសតួកគីដែរឬអត់ទេ បន្ទាប់ពីលោក ពូទីន ផ្ទាល់បានស្នើឱ្យមានការចរចារវាងរុស្ស៊ី-អ៊ុយក្រែននៅក្នុងសុន្ទរកថាមួយកាលពីចុងសប្តាហ៍មុន។

មនុស្សរាប់ម៉ឺននាក់ត្រូវបានសម្លាប់ និងរាប់លាននាក់បានបង្ខំឱ្យភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២។ គិតមកទល់ពេលនេះ កងទ័ពរុស្ស៊ីបានគ្រប់គ្រងទឹកដី១ភាគ៥នៃប្រទេសអ៊ុយក្រែន រួមទាំងឧបទ្វីបគ្រីមៀ ដែលបានកាត់បញ្ចូលជារបស់រុស្ស៊ីក្នុងឆ្នាំ២០១៤៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner