សម្ដេចតេជោ ហ៊ុន សែន ជំរុញ​អ្នក​វិនិយោគ​ជប៉ុន វិនិយោគ​លើ​វិស័យ​កសិ​ឧស្សា​ហកម្ម ​នៅ​កម្ពុជា ​ឱ្យ​មាន​ការ​កើនឡើង

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ជំរុញ​អ្នក​វិនិយោគ​ជប៉ុន វិនិយោគ​លើ​វិស័យ​កសិ​ឧស្សា​ហកម្ម ​នៅ​កម្ពុជា ​ឱ្យ​មាន​ការ​កើនឡើង ពោល គឺការកែច្នៃវត្ថុធាតុដើមនៅក្នុងប្រទេសកម្ពុជា សម្រាប់នាំចេញ ដើម្បីជួយដល់សេដ្ឋកិច្ចជាតិ ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសអនុញ្ញាតឲ្យលោក អាគីរ៉ា ដូដាតេ (Akira DODATE) នាយកប្រតិបត្តិសាជីវកម្មទេសចរជប៉ុន ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្ដីរីករាយ និងស្វាគមន៍ចំពោះលោក អាគីរ៉ា ដូដាតេ (Akira DODATE) នាយកប្រតិបត្តិសាជីវកម្មទេសចរជប៉ុន និងគណៈប្រតិភូ ដែលបាន​អញ្ជើញ​មក​ទស្សន​កិច្ចនៅកម្ពុជានាពេលនេះ។ សម្ដេច ក៏អរគុណដែរចំពោះប្រតិភូជប៉ុន ដែល​បាន​ចាប់​អារម្មណ៍​ចំពោះ​ការវិនិយោគ និងធ្វើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជានៅក្នុងវិស័យកសិកម្ម ។

សម្ដេចតេជោ រំ​ពឹងថា តាមរយៈ​ដំណើរ​ទស្សន​កិច្ច​មក​កាន់​ប្រទេស​កម្ពុជា​នាពេល​នេះ ​នឹង​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ និងស្វែងរកឱកាសវិនិយោគ ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ទាញ​យក​នូវផលប្រយោជន៍ តាមរយៈការវិនិយោគ​ក្នុង​វិស័យ​កសិកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឱ្យ​អស់​ពី​សក្ដា​នុពល ។

នៅក្នុងឱកាសនោះ លោក អាគីរ៉ា ដូដាតេ នាយកប្រតិបត្តិសាជីវកម្មទេសចរជប៉ុន បាន​សម្ដែង​នូវ​ការ​អរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យរូបលោក និង​ប្រតិភូ​ជួប​សម្ដែង​ការ​គួរ​សម​ក្នុង​ពេល​នេះ ហើយលោកបានចាប់អារម្មណ៍ទៅលើវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា។ ទន្ទឹម​នឹង​នោះ ​លោកបា​ន​រំលេច​អំពី​សក្ដា​នុពល​កសិកម្ម​នៅ​ក្នុង​ប្រទេស​ជប៉ុន ​ដែល​កម្ពុជា​អាច​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ និងអាចរៀនសូត្របាន ។

លោកបានលើកឡើងថា ជប៉ុន បាន​ធ្វើ​កសិកម្ម​តាម​បែប​ឆ្លាត​វៃ ពោល គឺការធ្វើកសិកម្ម ពឹងផ្អែកទៅលើបច្ចេកវិទ្យា។ ចំណុចនេះ លោកសង្ឃឹមថា តាម​រយៈក្រុមហ៊ុនលោក នឹងអាចជួយសម្របសម្រួល ក្នុង​ការ​បណ្ដុះ​ធន​ធាន​មនុស្ស​កម្ពុជា​បន្ថែម​ទៀតពី​វិស័យ​កសិកម្មឆ្លាតវៃរបស់ជប៉ុនមកដល់កម្ពុជា ។

លោកសង្ឃឹមថា តាមរយៈកិច្ចសហប្រតិបត្តិការនាពេលខាងមុខ នឹងអាចមានដំណើរ​ទស្សន​កិច្ច​ពី​មន្រ្ដី​កម្ពុជា ទៅកាន់​ប្រទេស​ជប៉ុន​ដើម្បី​ស្វែង​យល់​អំពី​ទិដ្ឋភាព​នៃ​វិស័យ​កសិកម្ម​នៅ​ក្នុង​ប្រទេស​ជប៉ុន​ហើយ​យកមកអនុវត្តនៅក្នុងប្រទេសកម្ពុជា ។ ក្នុងឱកាសនោះ លោក អាគីរ៉ា ដូដាតេ បា​ន​ស្នើ​សុំ​ការចង្អុលបង្ហាញពីសម្ដេចតេជោ អំពីឱកាសក្នុងការវិនិយោគនៅប្រទេសកម្ពុជាផងដែរ។

ជា​ការឆ្លើយតប សម្ដេចតជោ ហ៊ុន សែន បានរំលឹកថា កម្ពុជា ចាប់ពីឆ្នាំ ១៩៧៩ រហូត​មក​ដល់​បច្ចុប្បន្ន​ ដោយកម្ពុជា កាល​ពី​អតីត​កាល ​វិស័យ​កសិកម្ម ​មាន​ភាព​អន់​ថយ​ ហើយពីមុន កម្ពុជា ខ្វះស្បៀង ផលិតត្រឹមសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកតែប៉ុណ្ណោះ ប៉ុន្ដែ​ក្រោយ​ពី​មាន​ការ​ធ្វើកំណែទម្រង់ជាបន្តបន្ទាប់ តាំងពីសម្ដេចនៅជានាយករដ្ឋមន្រ្ដី កម្ពុជា ​បាន​ប្រែខ្លួ​ន​ពី​ប្រទេស​ដែល​ខ្វះស្បៀង ផលិតស្បៀងសម្រាប់តែផ្គត់ផ្គង់ក្នុងប្រទេស ក្លាយជា​ប្រទេស​ដែល​មាន​ស្បៀង​បបូរ និងអាចនាំចេញទៅក្រៅប្រទេសថែមទៀត ។

ទន្ទឹមនឹងនេះ សម្ដេចតជោ បានលើកឡើងថានូវចំណុចខ្វះខាតដែលកម្ពុជា ត្រូវតែបំពេញ និង​អភិវឌ្ឍ​បន្ថែម គឺការកែច្នៃ ដោយបច្ចុប្បន្នដោយសារតែកំណើន នៃការផលិត នៅក្នុងប្រទេសកម្ពុជា មាន​ការកើន​ឡើង​ច្រើន​កម្ពុជា ​បាន​នាំ​ចេញ​ផលិត​ផល​កសិកម្ម​ដែល​ជា​វត្ថុ​ធាតុ​ដើម ​ទៅ​លក់​នៅ​ក្រៅ​ប្រ​ទេស ដែលធ្វើឱ្យកម្ពុជា ខាតបង់នូវផលប្រយោជន៍ ។

សម្ដេច​តេជោប្រធានព្រឹទ្ធសផា រំលេចថា បើក្រុមហ៊ុន​ជប៉ុន ​ចាប់​អារម្មណ៍​នៅ​ក្នុង​ការ​វិនិយោ​គ​បន្ថែម​កសិ​ឧស្សា​ហកម្ម​ ពោល គឺការកែច្នៃវត្ថុធាតុដើមនៅក្នុងប្រទេសកម្ពុជា សម្រាប់នាំចេញនោះ គឺជា​ចំណុច​ខ្លាំង​មួយដែ​ល​អាចអនុញ្ញាតឱ្យកម្ពុជា ពង្រីកខ្លួននៅក្នុងការនាំចេញផលិតផល និង​ទាញ​យក​ផល​ចំណេញ​បាន​ច្រើន ដើម្បីជួយដល់សេដ្ឋកិច្ចជាតិ។

សម្ដេច លើកឧទាហរណ៍ដូចជា ដំណាំស្រូវ និង​ស្វាយចន្ទី ដែលជាដំណាំសក្ដានុពលរបស់កម្ពុជា ប៉ុន្ដែ​កម្ពុជា ​បាន​នាំ​វត្ថុ​ធាតុ​ដើម​ចេញ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស ដោយកង្វះខាតនូវការ​វិនិយោគ​លើ​ការ​កែច្នៃនៅក្នុង​ប្រទេស ​ដើម្បី​នាំ​ចេញ​ដោយ​ខ្លួន​ឯង​។ ដូច្នេះ​សម្ដេច ​ចង់​ឱ្យ​អ្នក​វិនិយោគ​ជប៉ុន ចា​ប់​អារម្មណ៍​លើ​វិស័យ​កសិ​ឧស្សា​ហកម្ម​នៅ​កម្ពុជា​ឱ្យ​មាន​ការ​កើនឡើង ។ សម្ដេចតេជោ សង្ឃឹមថា សម្រាប់ការងារបច្ចេកទេសបន្ថែម ភាគីជប៉ុន និង​រាជ​រដ្ឋាភិបាល​ជាពិសេសខាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាស្ថាប័ន​ជំនាញ​នៅ​ក្នុង​វិស័យ​នេះ​ដើម្បី​ធ្វើកិច្ចសហការជាមួយគ្នា ។

ក្នុងឱកាសនោះ លោក អាគីរ៉ា ដូដាតេ នាយកប្រតិបត្តិសាជីវកម្មទេសចរជប៉ុន បានបង្ហាញ​នូវ​ការ​ចាប់​អារម្មណ៍ពីការលើកឡើងរបស់សម្ដេចតេជោ ចំពោះការវិ​និយោគ​លើ​វិស័យ​កសិកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោក ថា តាមរយៈដំណើរមកកាន់ប្រទេសកម្ពុជា ភាគីក្រុម​ហ៊ុ​ន​របស់​លោក​នឹង​សិក្សាបន្ថែម ហើយជជែក​ជាមួយ​រាជ​រដ្ឋាភិបាល​ថា ​តើ​ក្រុម​ហ៊ុន​របស់​លោក ​អាច​នឹង​វិនិយោគ​ទៅ​លើវិស័យអ្វី ផលិតកម្មអ្វីសំខាន់សម្រាប់វិស័យកសិកម្មនេះ។ លោកក៏បាន​សន្យា​ជួយ​ជំរុញ​វិនិយោគិនជប៉ុន ឱ្យមកបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត ជា​ពិសេស ​នៅក្នុង​វិស័យកសិកម្មនេះឱ្យបានច្រើន ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner