ក្រសួងរៀបចំដែនដី បន្តដោះស្រាយបញ្ហាចម្រូងចម្រាស់ដែលនៅសេសសល់រវាងអតិថិជន និងម្ចាស់បុរី ឡេងណាវ៉ាត់ត្រា

(ភ្នំពេញ) ៖ ថ្លែងក្នុងជំនួបជាមួយតំណាងអតិថិជនបុរី ឡេងណាវ៉ាត្រា នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ឱ្យដឹងថា ការជួបជុំគ្នានាពេលនេះ គឺដើម្បីបន្តដោះស្រាយបញ្ហាចម្រូងចម្រាស់ដែលនៅសេសសល់ជូនប្រជាពលរដ្ឋដែលជាអតិថិជនបុរី ឡេងណាវ៉ាត់ត្រា ពីព្រោះឯកឧត្តមយល់ឃើញថា ការដែលប្រជាពលរដ្ឋខិតខំប្រឹងប្រែងសន្សំប្រាក់ដើម្បីមកទិញផ្ទះក្នុងបុរីនេះ គឺគួរតែបានត្រឡប់មកវិញនូវការតបស្នងដ៏សាកសមពីម្ចាស់ក្រុមហ៊ុនបុរីនេះ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ចាត់ទុកថា ការជួបពិភាក្សាដោះស្រាយសម្របសម្រួលគ្នានេះ គឺជាយន្តការដ៏ត្រឹមត្រូវ និងអាចទទួលបានជោគជ័យក្នុងដំណោះស្រាយដែលអាចទទួលយកបានសម្រាប់អតិថិជនបុរី ឡេងណាវ៉ាត់ត្រា ។ ម្យ៉ាងទៀតការចូលរួមជួយដោះស្រាយបញ្ហាចម្រូងចម្រាស់រវាងអតិថិជន និងម្ចាស់បុរី ឡេងណាវ៉ាត់ត្រា បង្ហាញឱ្យឃើញអំពីស្មារតីទទួលខុសត្រូវរបស់មន្ត្រីរាជការ ក្នុងការបម្រើប្រជាពលរដ្ឋ និងស្មារតីដែលឆ្លុះបញ្ចាំងឱ្យឃើញពីវីរភាពក្នុងនាមជាមន្ត្រីរាជការក្រោមឱវាទក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ជំនាន់ក្រោយផងដែរ ។

តាមរយៈជំនួបនាពេលនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ឯកឧត្តម នឹងធ្វើការជាមួយក្រុមហ៊ុនម្ចាស់បុរី ដើម្បីកំណត់អំពីហេដ្ឋារចនាសម្ព័ន្ធដែលត្រូវធ្វើ និងត្រូវបំពេញបន្ថែម, ហើយយើងនឹងសិក្សាកិច្ចការនគរូបនីយកម្មក្នុងតំបន់នោះ, ពិនិត្យមើលផ្នែកសុរិយោដី ការពុះដីឡូត៍បំបែកប្លង់ថាតើបានធ្វើតាមបទដ្ឋានបច្ចេកទេស ឬយ៉ាងណា, ពិនិត្យមើលផ្នែកសំណង់ ប្រព័ន្ធទឹក,ប្រព័ន្ធអគ្គិសនី,និងអគ្គីភ័យថាតើបានធ្វើតាមបទដ្ឋានបច្ចេកទេសឬយ៉ាងណា ហើយនឹងជួយសម្របសម្រួលការងារផ្សេងៗទៀត ដើម្បីជាប្រយោជន៍ជូនដល់ប្រជាពលរដ្ឋជាអតិថិជនរបស់បុរី ។

ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក៏បានស្នើសុំឱ្យប្រជាពលរដ្ឋជាអតិថិជនបុរី ឡេងណាវ៉ាត់ត្រា មានការយោគយល់ និងចូលរួមសហការក្នុងកិច្ចការដោះស្រាយសម្របសម្រួលនេះ ដោយលើកយកបញ្ហាមកពិភាក្សាគ្នាដោយផ្ទាល់ជាមួយភាគីម្ចាស់បុរី និងក្រុមការងារជំនាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីរកច្រកចេញឱ្យបានសមស្របត្រឹមត្រូវ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner