កិច្ចប្រជុំពិភាក្សាលើសំណើសុំកិច្ចសហការសិក្សាស្រាវជ្រាវការចិញ្ចឹមគោ និងកិច្ចប្រជុំពិនិត្យលើដំណើរការផលិតជីគីមី និងជីសរីរាង្គ
(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើសំណើសុំកិច្ចសហការសិក្សាស្រាវជ្រាវការចិញ្ចឹមគោសាច់ គោពូជ និងគោទឹកដោះជាមួយមន្ទីរកសិកម្ម ខេត្តកំពង់ស្ពឺ ក្រុមហ៊ុន អាយ7 រ៉េនច៍ (ខេមបូឌា) ឯ.ក នៅទីស្តីការក្រសួង ។
ក្រោយពីស្តាប់ការធ្វើបទបង្ហាញរបស់ក្រុមហ៊ុនរួច ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់លោកប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ សហការជាមួយក្រុមហ៊ុន សិក្សានិងរៀបចំផែនការអភិវឌ្ឍឱ្យបានជាក់លាក់និងច្បាស់លាស់ ធ្វើយ៉ាងណាឱ្យការវិនិយោគនេះ ផ្ដល់ផលចំណេញ និងបង្កើនចំណូលដល់វិស័យកសិកម្ម ព្រមទាំងជួយបង្កើតការងារដល់ប្រជាជននៅក្នុងមូលដ្ឋាន ។
តមក ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើដំណើរការ ផលិតជីគីមី និងជីសរីរាង្គ ។
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានផ្តល់អនុសាសន៍ណែនាំដល់អង្គភាពជំនាញ ត្រូវគិតគូរសិក្សាពីប្រភពជីប៉ូតាស្យូមក្នុងប្រទេសកម្ពុជា ស្របតាមស្តង់ដារបច្ចេកទេស ដោយសិក្សាពីលទ្ធភាពនាំចូលជីប៉ូតាស្យូមពីប្រទេសឡាវ ធ្វើយ៉ាងណាកាត់បន្ថយថ្លៃដើមផលិត សំដៅផ្ដល់ផលចំនេញ និងជួយឱ្យកសិករទទួលបានតម្លៃបន្ថែមខ្ពស់ ។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តក្នុងការសិក្សាការប្រើប្រាស់ជីគីមី ជីសរីរាង្គ និងជីជីវសាស្រ្ត តាមរយៈការប្រមូលទិន្នន័យប្រៀបធៀបការប្រើប្រាស់ពីមួយឆ្នាំទៅមួយឆ្នាំ ព្រមទាំងសិក្សាពិនិត្យមើលឃ្លាំងស្តុកជីថ្នាំកសិកម្ម ដែលអាចបង្កហានិភ័យខ្ពស់ផងដែរ ៕





ក្រសួងកសិកម្ម